ភ្នំពេញ៖លោកណាវ៉ាត់ត្រា បានភ្ជាប់ស្នេហាជាមួយនារីម្នាក់រហូតឈានដល់តំណាក់កាលច្បាស់លាស់ជាមួយគ្នារហូតបានភ្ជាប់ពាក្យទៀតផង ប៉ុន្ដែបានពន្យាពេលរៀបការជិត១០ឆ្នាំមកហើយ និងពេលនេះបានរួមរស់ជាប្ដីប្រពន្ធ។តារាសម្ដែងណាវ៉ាត់ត្រា ដែលក្រៅពីការងារសិល្បៈលោកឆ្លៀតធ្វើជាមេកានៅ Gold Palace KTV ថាតាមពិតភរិយារបស់លោកក៍ធ្លាប់ចេះប្រចណ្ឌដែរ ព្រោះទីនោះមាននារីស្អាតៗ។ប៉ុន្ដែលោកថាដោយសារតែបញ្ហាជីវភាព គាត់ក៍បើកចិត្តទូលាយ ហើយភរិយាមិនដែលចង់ឲ្យលោកឈប់ធ្វើការងារនោះទេ គឺតាមចិត្តលោក ព្រោះលោកក៍មិនចេះផិតក្បត់ប្រពន្ធដែរ ការងារដឹងការងារ ។
លោកណាវ៉ាត់ត្រា អះអាងថា”ធ្លាប់ឈ្លោះគ្នារាប់រយដង តែពួកយើងចេះយោគយល់គ្នា អីចឹង អត់បញ្ហាចោទធំដុំទេ ។ខ្ញុំនិងគាត់បានស្រលាញ់គ្នាជិត១០ឆ្នាំហើយ”។
ជាមួយគ្នានេះដែរលោកណាវ៉ាត់ត្រា ក៍បានប្រាប់ពីមូលហេតុដែលលោកទើបសម្រេចចិត្តបង្ហាញមុខគូដណ្ដឹងនាពេលនេះដែរថាដល់ពេលវេលាដែលលោកត្រូវបង្ហាញ ព្រោះ៣ឆ្នាំចុងក្រោយនេះជីវិតលោកនិងប្រពន្ធបានជួបព្យុះភ្លៀង និងការលំបាកឆ្អែតឆ្អន់ហើយ រហូតមានពេលខ្លះដេកអត់បាយជាមួយគ្នាក៍មានដែរ។
ឆ្លើយតបសំណួរថាតើហេតុអីបានជាលោកណាវ៉ាត់ត្រា មិនភ្ជាប់ស្នេហាជាមួយតារាដូចគ្នានោះលោកបានអះអាងថាស្នេហាជារឿងនិស្ស័យទើបបណ្ដាលឲ្យមនុស្សពីរនាក់បានជួបគ្នា ។តារាដែលរៀនចប់ផ្នែកជំនាញធនាគារ តែមកធ្វើជាមេកាខារ៉ាអូខេ រូបនេះបញ្ជាក់ថា”ខ្ញុំស្គាល់គាត់កាលពីអំឡុងឆ្នាំ២០១៥ ពេលខ្ញុំធ្វើជាCO ខ្ញុំទៅរៀបចំធ្វើឯកសារកម្ចី ក៍មានទំនាក់ទំនងជាមួយគាត់រហូតដល់ភ្ជាប់ពាក្យ ។ទោះជាពួកយើងមិនទាន់រៀបការមែន តែពួកយើងបានរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធ “។
លោកណាវ៉ាត់ត្រា ថាលោកមិនទាន់កំណត់ថ្ងៃរៀបការជាក់លាស់នោះទេ ហើយលោកថាឆ្លងកាត់ជីវិតគួរជិត១០ឆ្នាំនេះ អ្វីដែលលោកបានយល់ច្បាស់គឺការរស់នៅដោយចុះសម្រុងជាមួយគ្នាគឺជារឿងសំខាន់។
គួរបញ្ជាក់ថាលោកណាវ៉ាត់ត្រា នៅឆ្នាំ២០២៤នេះលោកបានបង្ហាញសកម្មភាពសិល្បៈច្រើនជាងឆ្នាំមុនៗដូចជាថតរឿងអប់រំ ,ស្ពត និងMV ថ្មីៗរបស់ផលិតកម្មថោន និងភី ជាដើម ។លោកក៍ទទួលបានតំណែងជាជំនួយការរបស់ថៅកែផលិតកម្មភី គឺលោកផន ចាន់ណា ផងដែរ តែលោកនៅតែថតMV ឲ្យផលិតកម្មទូទៅដូចមុន ៕