Friday, October 18, 2024
Homeតារាខ្មែរ ឡាយ លក្ខិណា ត្រូវប៉ាន់នៅក្រៅប្រទេស ពន្យារពេលវិលចូលស្រុកជិត៥ឆ្នាំ

 ឡាយ លក្ខិណា ត្រូវប៉ាន់នៅក្រៅប្រទេស ពន្យារពេលវិលចូលស្រុកជិត៥ឆ្នាំ

ប្រទេសកាណាដា ៖ តារាចម្រៀង និងសម្តែងរូបស្រស់ ឡាយ លក្ខិណា ដែលបានចាកចេញពីប្រទេសកម្ពុជា ទៅច្រៀងសម្តែង នៅប្រទេសកាណាដា ជិត ៥ឆ្នាំមកហើយនោះ មកដល់ពេលនេះ កំពុងត្រូវប៉ាន់ក្នុងអាជីពសិល្បៈនៅក្រៅប្រទេស ទើបនាងបន្តស្នាក់នៅប្រមូលលុយនៅបរទេស មិនទាន់ត្រឡប់មកប្រទេសកំណើតវិញនៅឡើយ ដោយមានព័ត៌មាលេចឮថា តារាស្រីដែលគេផ្តល់រហស្សនាមថា «រាជិនីសម្រស់» រូបនេះ ទំនងជាមិនវិលត្រឡប់មកប្រទេសកម្ពុជា វិញទេ សង្ស័យមានបុរសខ្មែរនៅកាណាដា ថ្ពក់បេះដូងនាងជាប់ ឬធានាឲ្យនាងរស់នៅទីនោះ ហើយទទួលបានសញ្ជាតិកាណាដា រួចទៅហើយ ទើបគម្រោងវិលត្រឡប់មកមាតុភូមិវិញ ត្រូវបានពន្យារពេលជិត ៥ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។

សូមបញ្ជាក់ថា តារាចម្រៀងរាជិនីសម្រស់ ឡាយ លក្ខិណា បានចេញទៅច្រៀង សម្ដែង និងថតសំឡេងឲ្យផលិតកម្មមួយ នៅប្រទេសកាណាដា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ហើយតាមគម្រោង នាងត្រូវវិល មកដល់ស្រុកកំណើត ប្រទេសកម្ពុជា វិញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយការច្រៀងសម្តែង រយៈពេល ៣ខែ។ ប៉ុន្ដែមកដល់ពេលនេះ មានរយៈពេល ជិត ៥ឆ្នាំ ទៅហើយ ដែលឡាយ លក្ខិណា មិនវិលត្រឡប់មកប្រទេសកម្ពុជា វិញទេ។

ការពន្យារពេលវិលត្រតឡប់មកស្រុកកំណើតវិញនេះ មុនដំបូងត្រូវបានប្រភពមួយចំនួន អះអាងថា ដោយសារពេលនោះមានការរាលដាលនៃជំងឺឆ្លងជាសកល កូវីដ-១៩ តែមកដល់ពេលនេះ ឡាយ លក្ខិណា នៅតែបន្តការស្នាក់នៅ និងច្រៀងសម្តែងនៅក្រៅប្រទេស ដោយចល័តទៅមក រវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ទាំងច្រៀងសម្តែងតាមកម្មវិធីនានា និងតាមភោជនីយដ្ឋាន និងច្រៀងក្នុងពិធីមង្គលការបងប្អូនអាណិកជនខ្មែរ នៅប្រទេសទាំងពីរខាងលើនេះ ធ្វើឲ្យអ្នកគាំទ្រនៅក្នុងប្រទេស យល់ថា លក្ខិណា កំពុងត្រូវប៉ាននៅក្រៅប្រ ទេសបែបនេះ នាងទំនងជាមិនវិលត្រឡប់មកស្រុកកំណើតវិញទេ អាចមានបុរសអាណិកជនខ្មែរ នៅកាណាដា ធានាឲ្យនាងបានរស់នៅស្របច្បាប់នៅទីនោះ រហូតឡាយ លក្ខិណា ទទួលបានសញ្ជាតិកាណាដា ទើបនាងអាចមកលេងស្រុកកំណើតបាន។

 ជុំវិញព័ត៌មាន និងការលើកឡើងខាងលើនេះ «នគរធំ» មិនអាចសុំយោបល់ ការបញ្ជាក់ពីឡាយ លក្ខិណា បានទេ កាលពីម្សិលមិញ។

ទោះបីជាយ៉ាងណា បើតាមបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាង ឡាយ លក្ខិណា បានបង្ហាញថា សព្វថ្ងៃ នាងពិតជាកំពុងត្រូវប៉ាន់ជាមួយការបន្តអាជីពសិល្បៈរបស់នាង នៅឯក្រៅប្រទេសនោះមែន ជាមួយការចល័តច្រៀងសម្តែងតាមតំបន់នានាដែលមានបងបញងូនអាណិកជនខ្មែររស់នៅ ទាំងនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ 

ជាក់ស្តែង ឡាយ លក្ខិណា បានជូនដំណឹងតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាងនៅថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២៤ ថា នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នាងនឹងទៅសម្តែងនៅកុ្នងកម្មវិធីបុណ្យអុំទូក ដែលនឹងប្រារព្ធឡើងនៅទីក្រុងឡូវែល (Lowell)  រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអា មេរិក ភោជនីយដ្ឋាន «សំពៅមាស» ដើម្បីជូនបងប្អូនខ្មែរ រាំលេងកម្សាន្តសប្បាយជុំគ្នា ហើយនាងក(បានប្រ កាសអញ្ជើញបងប្អូនខ្មែរនៅក្រៅប្រទេស ពិសេសនៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករផងដែរ។

គួររំលឹកដែរថា មុនពេលចាកចេញទៅកាណាដា និងបន្តស្នាក់នៅក្រៅប្រទេសនេះ ឡាយ លក្ខិណា បានផ្អាកប្រឡូកការងារសិល្បៈ អស់ជិត ២០ឆ្នាំ ដោយបានសម្ងំធ្វើជាអាជីវករលក់សម្លៀកបំពាក់ នៅផ្សារអូឫស្សី យ៉ាងសាមញ្ញ ។ ប៉ុន្តែក្រោយមក ដោយមានអ្នកដឹកនាំសម្តែងភាពយន្តខ្មែរ ទាក់ទងហៅនាងចូលរួមសម្តែងភាពយន្តខ្មែរវិញ ទើបលក្ខិណា បានវិលមកសាងស្នាដៃសម្តែងភាពយន្តភាគខ្មែរ បានប៉ុន្មានរឿង ទទួលបានការគាំទ្រពីទស្សនិកជន អ្នកគាំទ្រ សរសើរថា លក្ខិណា នៅតែមានទេពកោសល្យសម្តែងបានល្អ ឯរូបសម្រស់ក៏នៅតែស្រស់ស្អាត សាច់សខ្ចីដូចបណ្តូលចេក រហូតមានអ្នកធានាហៅនាងទៅច្រៀងសម្តែង នៅប្រទេសកាណាដា តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដោយតាមគម្រោង គឺទៅច្រៀងសម្តែងតែ ៣ខែ នឹងវិលត្រឡប់មកស្រុកវិញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ប៉ុន្តែបន្ទាប់ពីជាប់គាំងដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបឡាយ លក្ខិណា បានបន្តពន្យារពេលវិលត្រឡប់មកប្រទេសកម្ពុជា វិញ រហូតមកដល់ពេលនេះ មានរយៈពេល ជិត ៥ឆ្នាំ មកហើយ៕ ខៀវទុំ

RELATED ARTICLES