Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគំនុំជាមួយមនុស្ស លួចដុតផ្ទះចោល

គំនុំជាមួយមនុស្ស លួចដុតផ្ទះចោល

ខេត្តកំពង់ចាម ៖ បុរសម្នាក់ ធ្លាប់កើតមានជម្លោះជាមួយអ្នកភូមិម្នាក់ ជាយូរមកហើយ លុះក្រោយមក ខណៈដែលក្រុមគ្រួសារមួយនោះ នាំគ្នាធ្វើចំណាកស្រុកចេញទៅរកការងារធ្វើអស់ ដោយចាក់សោផ្ទះទុកចោល ស្រាប់តែបែកគំនិតលួចធ្វើសកម្មភាពដុតផ្ទះគេចោល បណ្តាល្យរងការខូចខាតទាំងស្រុង លុះសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវដឹង ក៏ឃាត់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមនីតិវិធី។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នៅចំណុចភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ។ រហូតមកដល់វេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ទើបកម្លាំងជំនាញអាវុធហត្ថ ចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកកសាកសួរ។

ជនសង្ស័យដែលធ្វើសកម្មភាពលួចដុតផ្ទះគេ និងត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះណុន សុខ ឡូ ហៅក្លូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ។ ចំណែកផ្ទះដែលរងការដុតបំផ្លាញ មានទំហំ ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ រនាប ឫស្សី ជាកម្មសិទ្ធិរបស់ឈ្មោះណុន ឡៃស៊្រន់ ភេទស្រី អាយុ៥៥ មុខរបរចំណាកស្រុក និងប្តីឈ្មោះយ៉ែម នុយ អាយុ៦០ឆ្នាំ មុខរបរចំណាកស្រុក និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើង ដោយបានឆាបឆេះផ្ទះ១ខ្នងទាំងស្រុង ខណៈដែលម្ចាស់ផ្ទះបានចាក់សោរទុកចោល ហើយនាំគ្នាធ្វើចំណាកស្រុក ចេញទៅធ្វើការនៅខាងក្រៅប្រទេសអស់។ លុះមកដល់វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ទើបកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ បានចុះស្រាវជ្រាវករណីឆេះផ្ទះខាងលើ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះណុន សុខឡូ ហៅក្លូ យកមកសួរនាំ ដោយសង្ស័យថាជាអ្នកលួចផ្ទះជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសាភាពថា ខ្លួនពិតជាបានដុតផ្ទះជនរងគ្រោះប្រាកដ មែន ដោយសារតែខ្លួនមានគំនុំជាមួយជនរងគ្រោះពីមុនមក ទើបឆ្លៀតពេលដែលជនរងគ្រោះនាំគ្នាធ្វើចំណាកស្រុកអស់ទាំងគ្រួសារ ដោយចាក់សោផ្ទះចោល ក៏លបលួច ទៅដុតផ្ទះជនរងគ្រោះចោលតែម្តង ដើម្បីស្រាយគំនុំចាស់។ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES