Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្ថយស័ក្តិ ដកតំណែងអធិការក្រុងច្បារមន

បន្ថយស័ក្តិ ដកតំណែងអធិការក្រុងច្បារមន

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យ តាមរូបភាពដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការនៃអធិការ ដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ ចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុល្មើសវិន័យនគរបាលជាតិកម្ពុជា។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមជុំវិញ ករណីនេះថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ច របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានរកឃើញថា អតីតអធិការក្រុងច្បារមន រូបនេះ នៅពេលដែលលោកកាន់តំណែងជាអធិការរងក្រុងច្បារមន មិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជានគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយ  នៅក្នុងក្រុងច្បារមន។

លោកបណ្ឌិត បានបញ្ជាក់ថា ការតែងតាំងលោកសំអាង ផានី ជាអធិការនៃអធិការដ្ឋានក្រុងច្បារមន នាពេលកន្លងមក គឺធ្វើឡើងស្របពេលដែលក្រុមអធិការកិច្ចកំពុងពិនិត្យ និងស្រាវជ្រាវសំណុំរឿងមិនប្រក្រតីរបស់លោក។ ប៉ុន្តែបន្ទាប់ពីក្រុមអធិការកិច្ចបានរកឃើញភ័ស្តុតាងគ្រប់គ្រាន់រួចមក ទើបក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ពីវរសេនីយ៍ទោ មកនៅត្រឹមវរសេនីយ៍ត្រី។

យោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា កាលពីអំឡុងពាក់ កណ្តាលខែធ្នូ ឆ្នាំ២០២៣ កន្លង ទៅ មានករណីក្មេងទំនើងមួយក្រុម ព្រួតវាយលើជនរងគ្រោះម្នាក់ បណ្តាលឱ្យរងរបួសក្បាល ដេរ៣៣ថ្នេរ ទីតាំងកើតហេតុនៅភូមិថ្នល់បំបែក  សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅក្រុងច្បារមន លោកសំអាង ផានី អធិការរងក្រុងច្បារមន ដែលជាអ្នកទទួលសំណុំរឿង ទាក់ទិនទៅនឹងការប្រើ អំពើហិង្សា តាមវ៉ៃជនរងគ្រោះដល់ផ្ទះនេះ។

បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹង លោកអធិការរងក្រុងច្បារមន បានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក ចំនួន៤នាក់ និងបានប្រាប់ជនរងគ្រោះថា បានចាប់បានជនបង្កហេតុ ចំនួន៤នាក់ហើយ ហើយឱ្យជនរងគ្រោះទៅជួបនៅអធិការដ្ឋានក្រុងច្បារមន។ បន្ទាប់មក ពេលជនរងគ្រោះទៅដល់អធិ ការដ្ឋានក្រុងច្បារមន ស្រាប់តែលោក សំអាង ផានី អធិការរង ឱ្យផ្តិតមេដៃនៅលើក្រដាសសមួយ ដោយបញ្ជាក់ប្រាប់ថា ដកពាក្យបណ្តឹង នៅក្នុងនោះលោកអធិការរងក្រុងច្បារមន បានដោះលែងជនបង្កហេតុទាំងបួនរូបនោះ រួចទៅហើយ៕

RELATED ARTICLES