Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគ្គស្នងការ បញ្ជាប៉ូលិសចរាចរណ៍ ឈប់ពួនស្ទាក់ផាកពិន័យ

អគ្គស្នងការ បញ្ជាប៉ូលិសចរាចរណ៍ ឈប់ពួនស្ទាក់ផាកពិន័យ

ភ្នំពេញ ៖ អគ្គស្នងការនគបាលជាតិ បានចេញបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះនគបាលចរាចរណ៍ណាដែលធ្វើសកម្មភាពពួនស្ទាក់ ដើម្បីត្រួតពិនិត្យផាកចរាចរណ៍គ្រប់រូបភាព ដែលអាចឱ្យមានបាតុភាពនានាកើតឡើង។នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងក្នុងកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលចុងក្រោយនេះ ពិសេស៦ខែ ឆ្នាំ២០២៤ ហាក់មានការកើនឡើង គួរឱ្យព្រួយបារម្ភ និងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋជាច្រើននាក់ បើធៀបឆ្នាំកន្លងទៅ។

នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង នៅពេលឃើញស្ថានភាពនៃការគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយភាគច្រើននៃអ្នកគ្រោះថ្នាក់សុទ្ធតែបាត់បង់ជីវិត និងគ្រោះថ្នាក់ធ្ងន់តែម្តង។ ជាមួយនេះ លោកបានបញ្ជាឱ្យរឹតបន្តឹងច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស និងបង្កើនការផ្សព្វផ្សាយអប់រំ ក្រោ យរយៈពេល៦ខែ ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងគួរឱ្យព្រួយបារម្ភ។

នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់ វិធានការបន្ទាន់ ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះមានតែការរឹតបន្តឹងច្បាប់ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។ បើពឹងផ្អែកតែ យន្តការផ្សព្វផ្សាយ អប់រំ ច្បាស់ណាស់មិនអាចកាត់បន្ថយបានឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំគិតថា ដើម្បីយើងកាត់បន្ថយការគ្រោះថ្នាក់នេះ កត្តាដែលសំខាន់បំផុត មិនមានអ្វីល្អជាងការរឹតបន្តឹងច្បាប់ទេ តែយើងក៏មិនត្រូវបោះបង់ចោលការផ្សព្វផ្សាយដែរ។ ច្បាប់ចរាចរណ៍ផ្លូវគោក បានផ្សព្វផ្សាយតាំងពីពេលចូលជាធរមាន រហូតមកដល់ពេលនេះ មិនតិចឆ្នាំនោះទេ ប្រជាពលរដ្ឋនៅតែមិនទាន់យល់ជ្រួតជ្រៀប ដោយគ្រាន់តែខ្លាចសមត្ថកិច្ចប៉ុណ្ណោះ។

ជាមួយនេះ លោកបានសង្កត់ធ្ងន់ថា “ការអនុវត្តច្បាប់ចរាចរណ៍នេះ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ ដែលងាយនឹងមានបាតុភាពនានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកចំហ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម”។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើផែនការអនុវត្តឱ្យបានច្បាស់លាស់ តាមអ្វីដែលជាការណែនាំ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ តាម រយៈសេនាធិការនឹងធ្វើការតាមដានជាប់ជាប្រចាំ។ ប៉ុន្តែមុន នឹងអនុវត្តការរឹងបន្តឹងច្បាប់ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន តាមមធ្យោបាយនានា ពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គម។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល ៦ខែ ឆ្នាំ២០២៤ គ្រោះ ថ្នាក់កើតឡើងចំនួន ១៥៣៤លើក (យប់៥៥ភាគរយ) បណ្តាលឱ្យស្លាប់ចំនួន៧៩៣នាក់ កើន៣៧នាក់ ស្មើ៥ភាគរយ (បុណ្យចូលឆ្នាំខ្មែរ កើន១៥នាក់) និងរបួសចំនួន ២១១៦នាក់ (ធ្ងន់ ១២៤៣នាក់) កើន៤៤នាក់ ស្មើ២ភាគរយ។

ចំពោះមូលហេតុបង្កគ្រោះថ្នាក់ រួមមាន ៖ ល្បឿន ៤០ភាគរយ មិនគោរពសិទ្ធិ ២៤ភាគរយ មិនប្រកាន់ស្តាំ ៩ភាគរយ បត់គ្រោះថ្នាក់ ៩ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ កត្តាយាន ៤ភាគរយ ស្រវឹង ៣ភាគរយ ងងុយ ១ភាគរយ ល្មើសសញ្ញាចរាចរណ៍ ១ភាគរយ កត្តាអាកាស ធាតុ ១ភាគរយ និងថ្មើរជើងឆ្លងផ្លូវ ១ភាគរយ។ គ្រោះថ្នាក់បង្កដោយអ្នកជិះម៉ូតូ ៤៩ភាគរយ អ្នកបើកបររថយន្តធុនស្រាល ៣១ភាគរយ អ្នកបើកបរ រថយន្ត ធុនធ្ងន់ ១១ភាគរយ អ្នកបើកបរយានផ្សេងៗ ៧ភាគរយ និងថ្មើរជើង ១ភាគរយ។

ក្នុងចំណោមអ្នកស្លាប់ រួមមាន អ្នកជិះម៉ូតូ ចំនួន៧៩ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៦៧ភាគរយ។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន៤៥០លើក ខេត្តកណ្តាល ចំនួន១៣០លើក និងខេត្តព្រះសីហនុ ចំនួន១២៩លើក៕

RELATED ARTICLES