Saturday, November 23, 2024
Homeនយោបាយថ្ងៃ៥សីហា ម៉ោង៩:៩នាទី នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យវាយគង-ជួង ទូងស្គរ ទះប៉ោត ទូទាំងប្រទេស

ថ្ងៃ៥សីហា ម៉ោង៩:៩នាទី នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យវាយគង-ជួង ទូងស្គរ ទះប៉ោត ទូទាំងប្រទេស

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុន ម៉ាណែត បានចេញសារាចរ ណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងឯកជន ព្រមទាំងជនរួមជាតិគ្រប់រូប ទូទាំងព្រះរាជាណាចក្រកម្ពុជា រួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៩:៩នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីអបអរសាទរការបើកការដ្ឋានជាផ្លូវការ សាងសង់ព្រែកជីកហ្វូណនតេជោ ។

 សារាចរ របស់រាជរដ្ឋាភិបាល លេខ ១០ សរ ចុះថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានខ្លឹមសារទាំងស្រុងថា “គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ រាប់ពាន់ឆ្នាំ តទៅមុខ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។ ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជា ពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គ ឡើយ។ ការគាំទ្រនិងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លា ចងបាច់សាមគ្គីនិងមនសិការជាតិខ្មែរទាំងមូល ដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព។

 ក្នុងន័យនេះ និងដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ ៖

          ១- ប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

          ២- គ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងឯកជន ព្រមទាំងជនរួមជាតិគ្រប់រូប ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមរួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៩:០៩នាទីព្រឹក នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម ជាទីមោទនៈ។

          ៣- គ្រប់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំទីកន្លែងឱ្យបានសមរម្យ សម្រាប់រៀបចំពិធីអបអរសាទរ ដោយរៀបចំឱ្យមានការអុជកាំជ្រួច នាវេលាម៉ោង១៩:០០នាទីយប់។

          ៤- ក្រសួងព័ត៌មាន ត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ និងទស្សនីយភាពអបអរសាទរនានា ពាក់ព័ន្ធនឹងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

          ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់“ ។ 

 សូមបញ្ជាក់ថា ទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ គឺស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

 គម្រោងព្រែកជីកហ្វូណនតេជោ មាន ៦ចំណុចសំខាន់ គឺទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ។ ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១៧០០លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ទី៤- ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ និងទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (ជម្រៅនាវា ៤,៧ម៉ែត្រ) ៕

RELATED ARTICLES