ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធ ២នាក់ បាននាំគ្នាក្រោកតាំងពីវេលាទៀបភ្លឺ ចេញទៅលក់បន្លែ នៅផ្សារ ដោយទុកឱ្យកូនតូច ៣នាក់ នៅចាំផ្ទះ ហើយមុននឹងចាកចេញពីផ្ទះ បានអុជធូបមូសចោល ការពារកុំឱ្យមូសខាំកូន ស្រាប់ តែឪពុកម្តាយចេញផុតបានមួយសន្ទុះ ភ្លើងធូបមូស បានឆេះរាល បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះបំផ្លាញផ្ទះអស់គ្មានសល់ សំណាងកូនតូចៗ៣នាក់បងប្អូន នាំគ្នារត់ចេញពីផ្ទះទាំងព្រលឹងចុងសក់ ដោយមិនអាចជញ្ជូនរបស់របរអ្វីចេញមកក្រៅបានសោះឡើយ។

ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៥៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិពិស ឃុំអមលាំង ស្រុកថ្ពង។
ផ្ទះដែលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ សង់ពីឈើ ដំបូលប្រកក់ស័ង្កសី ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះ លី វណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់បន្លែ និងប្រពន្ធឈ្មោះសេង សុភ័ក្ក្រ អាយុ៣៨ឆ្នាំ មុខរបរលក់បន្លែ និងមានកូនស្រី ចំនួន៣នាក់ ក្នុង បន្ទុក រស់នៅភូមិកើតហេតុខាងលើ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធជាម្ចាស់ផ្ទះខាងលើ តែងនាំគ្នាក្រោកតាំងពីវេលាទៀបភ្លឺ ដើម្បីចេញទៅលក់បន្លែ នៅផ្សារឧដុង្គ ដោយទុកឱ្យកូនស្រីតូចៗចំនួន៣នាក់ នៅចាំផ្ទះ។ លុះមកដល់វេលាទៀបភ្លឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធបានចេញទៅលក់បន្លែ ដូចសព្វដង ប៉ុន្តែមុននឹងចេញពីផ្ទះ នាំគ្នាអុជធូបមូសចោល ដើម្បីការពារកុំឱ្យមូសខាំកូន រួចក៏ដឹកគ្នាចេញទៅបាត់។
ប្រភពដដែល បន្តថា លុះមួយសន្ទុះក្រោយមក ស្រាប់តែភ្លើងធូបមូសបានឆេះរាលក្លាយជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកជិតខាង ស្ទុះរត់ទៅជួយដាស់ក្មេងតូចៗទាំង៣នាក់ នាំគ្នាភ័យស្លន់រត់ចេញពីអណ្តាតភ្លើងទាំងព្រលឹងចុងសក់ ដោយមិនអាចជញ្ជូនរបស់ទ្រព្យអ្វីបានសូម្បីបន្តិច។

ប្រភពខាងលើ បញ្ជាក់ថា ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យរងការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ម៉ូតូ ចំនួន១គ្រឿង គ្រែ ចំនួន២ ពូក ចំនួន២ អង្ករ ចំនួន២៥គីឡូក្រាម សំបុត្រកំណើត ចំនួន៤សន្លឹក និងឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង។ ចំពោះមូលហេតុ បណ្តាលមកពីភ្លើងធូបមូស ឆេះរាល ខណៈដែលឪពុកម្តាយមិននៅផ្ទះ បានដឹកបន្លែទៅលក់នៅផ្សារឧដុង្គ ហើយទុកកូន៣នាក់ នៅចាំផ្ទះ។
ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ សមត្ថកិច្ចមិនបានចេញពន្លត់ទាន់ពេលវេលានោះទេ ដោយសារមានការរាយការណ៍យឺតពេល។ តែយ៉ាងណា អគ្គិភ័យនេះ មិនបង្កឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរគ្នា និងមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕