ខេត្តបន្ទាយមានជ័យ ៖ ដើមក្រាក់ថំ ដែលជាប្រភេទដំណាំមានសារធាតុញៀន ប៉ះពាល់ដល់សុខភាព ត្រូវបានគេលួចដាំក្នុងភូមិសាស្តក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរចុះកាប់ និងដុតកម្ទេចចោល ម្រាណជិត៣០ដើម ក្រោយរកឃើញកន្លែងផលិតទឹកក្រាក់ថំ កាលពីពេលថ្មីៗនេះ។
ការចុះកាប់និងដុតកម្ទេចចោលដើមក្រាក់ថំនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្រោយក្រុមការងារចម្រុះបានចុះពិនិត្យ ហាមឃាត់ការផលិតនិងចែកចាយទឹកក្រាក់ថំ ចំនួន៩ទីតាំង ត្រូវបានបិទ និងធ្វើកិច្ចសន្យា ចំនួន១១នាក់ (ថៃ៥នាក់) ដែលផលិតទឹកក្រាក់ថំ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ រួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរកឃើញទីតាំងដាំដើមក្រាក់ថំ ចំនួន២៧ដើម លើផ្ទៃដីទទឹង ១០ម៉ែត្រ និងបណ្តោយ ៧០ម៉ែត្រ ដែលមានអាយុប្រមាណ ២ទៅ៣ឆ្នាំ និងមាន ហ៊ុមព័ទ្ធរបងលួសបន្លា ដែលស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកអធិការ បានបញ្ជាក់ថា នៅពេលដែលកម្លាំងជំនាញស្រាវជ្រាវរកឃើញទីតាំងដាំដើមក្រាក់ថំ ត្រូវបានលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រុងនិងអាជ្ញាធរមូលដ្ឋាន ចុះកាប់និងដុតចោល ព្រោះកន្លងមកបានដឹងថា ស្លឹកក្រាក់ថំ ត្រូវបាននាំចូលពីប្រទេសថៃ តាមច្រករបៀងខុសច្បាប់ ទើបពេលនេះរកឃើញមានដាំក្បែរព្រំដែន ត្រូវបានកាប់និងដុតបំផ្លាញចោល តែម្ចាស់ត្រូវបានគេចខ្លួនបាត់ ហើយ កម្លាំងជំនាញនឹងបន្តធ្វើការរុករកទៀត ដើម្បីកាប់បំផ្លាញចោលឱ្យអស់ ព្រោះជារុក្ខជាតិញៀន ដែលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ៕


