Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនថៅកែភាស៊ីផ្ញើកង់ម៉ូតូ ចេញសែកស្អុយ៣០ម៉ឺនដុល្លារ

ឃុំខ្លួនថៅកែភាស៊ីផ្ញើកង់ម៉ូតូ ចេញសែកស្អុយ៣០ម៉ឺនដុល្លារ

ភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតថៅកែភាស៊ីកង់ម៉ូតូ និងរថយន្ត តាមចំណតទីផ្សារតូចធំ ក្នុងរាជធានីភ្នំពេញ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការ ចោទប្រកាន់ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន “ទឹកប្រាក់ប្រមាណ ៣០ ម៉ឺនដុល្លារ”។

អតីតថៅកែភាស៊ីដែលត្រូវបានឃាត់ខ្លួន មានឈ្មោះរត្ន សុភាព ភេទស្រី អាយុ៦០ឆ្នាំ មានលំនៅ ផ្ទះលេខ២៤ ស្ទួន មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីឈ្មោះរត្ន សុភាព ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា ឱ្យអ្នកស្រី រត្ន សុភាព បង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន និងឆបោក។ ប៉ុន្តែដើម្បីការពារផលប្រយោជន៍ដល់ជនរងគ្រោះ និងខ្លាចជនសង្ស័យគេចវេះមិនចូលខ្លួន សមត្ថកិច្ចបានធ្វើការនាំខ្លួនអ្នកស្រី រត្ន សុភាព និងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មុនការកំណត់។

សំណុំរឿងបានដល់ដៃព្រះរាជអាជ្ញារង មួយរូប បើកការស៊ើបសួរ រួចបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ និងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត ហើយក៏ត្រូវចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទ រត្ន សុភាព ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

ពាក់ព័ន្ធករណីខាងលើនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា អ្នកស្រី រត្ន សុភាព បានទទួលយកលុយពីដើមបណ្តឹង ជាង ៣០ម៉ឺនដុល្លារ ដើម្បីយកទៅដាក់ដេញថ្លៃចំណតផ្ញើកង់ម៉ូតូ និងរថយន្ត ជាមួយសាលារាជធានីភ្នំពេញ។ ប៉ុន្តែគម្រោងនោះ ត្រូវបានសាលារាជធានីភ្នំពេញ ផ្អាកទៅវិញ ហើយសាលារាជធានីភ្នំពេញ បានបង្វិលប្រាក់ឱ្យទៅអ្នកស្រី រត្ន សុភាព វិញដែរ តែអ្នកស្រី រត្ន សុភាព មិនបានប្រគល់ឱ្យទៅភាគីដើមបណ្តឹងទេ ដោយបែរជាចេញសែក មិនមានសាច់ប្រាក់ ឲ្យទៅដើមបណ្តឹង ទើបមានការប្តឹងផ្តល់ ចាប់ខ្លួន និងឃុំខ្លួនតែម្តង៕

RELATED ARTICLES