Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ទុស្សេខ្សែភ្លើង ឆេះឃ្លាំងសម្ភារៈកសិកម្ម

 ទុស្សេខ្សែភ្លើង ឆេះឃ្លាំងសម្ភារៈកសិកម្ម

ខេត្តត្បូងឃ្មុំ ៖ ឃ្លាំងដាក់សម្ភារៈកសិកម្ម ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអធ្រាត្រ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ចុះអន្តរា គមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹក អស់ចំនួន១៧ឡាន។

ករណីអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ។

លោកវរសេនីយ៍ឯកសាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលប្រជាពលរដ្ឋកំពុងសម្រាកលង់លក់ ស្រាប់តែនាំគ្នាភ្ញាក់ផ្អើល ដោយឃើញភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីឃ្លាំងដាក់សម្ភារៈកសិកម្ម មួយកន្លែង ត្រង់ចំណុចកើតហេតុ ហើយភ្លាមនោះ ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានរាយការណ៍មករូបលោក ភ្លាមៗនោះលោកបានឱ្យរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដែលប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

លោកអធិការ បន្តថា គ្រាដែលរូបលោកដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បន្ទាប់មកលោកស្នងការ បានបញ្ជាឱ្យរថយន្តនៅតាមបណ្តាស្រុក ក្រុង ក្នុងខេត្តត្បូងឃ្មុំ ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ រហូតដល់គ្រប់គ្រងស្ថានការណ៍បាន មិនរាលដាលឆេះដល់លំនៅឋានពលរដ្ឋនៅក្បែរនោះឡើយ។

គួរបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចប្រើប្រាស់រថយន្តពនត់អគ្គិភ័យចំនួន ៦គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិ ការដ្ឋាននគរបាលស្រុកអូររាំងឪ ១ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសួង ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកតំបែរ ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ១គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ១៧រថយន្ត ទើបអាចគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃដដែល។

ចំពោះសម្ភារខូចខាត រួមមាន ៖ ឃ្លាំងសម្ភារៈ ធ្វើពីថ្ម ដំបូលសង្កសី ទំហំ២៥ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ខូចខាតជញ្ជាំខាងកើត មួយចំហៀង ប្រវែង២៥ម៉ែត្រ។ សម្ភារៈគ្រឿងបម្រើឱ្យកសិកម្ម ក្នុងឃ្លាំង មួយចំនួនធំ (មិនទាន់អាចកំណត់បាន)។ ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES