Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេកភ្លេចចាក់សោ ចោរចូលលួចហ្មត់

ដេកភ្លេចចាក់សោ ចោរចូលលួចហ្មត់

ភ្នំពេញ ៖ ជនសង្ស៊័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចផ្លោះរបងចូលទៅក្នុងផ្ទះរបស់ស្ត្រីជាបុគ្គលិកធនាគារម្នាក់ រួចបន្តចូលដល់ក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ដែលភ្លេចចាក់សោ លួចយកបានរបស់ទ្រព្យមួយចំនួនធំ បន្ទាប់មកនាំគ្នារត់គេចបាត់អស់ដោយសុវត្ថិភាព។ លុះជនរងគ្រោះប្តឹងសមត្ថកិច្ច ចុះឆែកតាមកាមេរ៉ាសុវត្ថិភាព កំណត់បានមុខសញ្ញាជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីលួចទ្រព្យសម្បត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ១៦ ផ្លូវ D បុរីពិភពថ្មី ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ថន ចាន់ដារ៉ា ហៅតឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខបរមិនពិតប្រាកដ មានលំនៅ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន មានឈ្មោះជោគ ជ័យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះមានឈ្មោះឆាយ សុភារុណ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកធនាគារ មានលំនៅ ផ្ទះលេខ១៦ ផ្លូវ D បុរីពិភពថ្មី ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំពោះសម្ភារៈបាត់បង់ រួមមាន កាបូបស្ពាយពណ៌ប្រផេះ ម៉ាក ALDOR ចំនួន១ លុយខ្មែរ ចំនួន២៥ម៉ឺនរៀល និងឯកសារផ្សេងៗមួយចំនួន។ រីឯវត្ថុតាងចាប់យក រួមមាន ១-ចិញ្ចៀនលោហ ធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១វង់។ ២-ខ្សែកលោហធាតុពណ៌លឿង បន្តោងពណ៌ខ្មៅ ចំនួន១ខ្សែ។ ៣-ក្រវិលលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១។ ៤-នាឡិកាដៃ ចំនួន១គ្រឿង។ ៥-ទូរស័ព្ទដៃ ម៉ាក Samsung S23Utra ពណ៌ខ្មៅ ចំនួន១គ្រឿង។ ៦-កាសប្លូធូស ចំនួន២គូ (ម៉ាកសាំសុង ចំនួន១គូ និងម៉ាក iPhone ចំនួន១គូ)។ ៧-កាតធនាគារ ចំនួន៦សន្លឹក។ ៨-កាតមន្ទីរពេទ្យកុមារជាតិ ចំនួន១សន្លឹក។ ៩-កាតធានារ៉ាប់រង ចំនួន១សន្លឹក។ ១០-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះឆាយ សុភារុណ ចំនួន១សន្លឹក។ ១១-ប័ណ្ណបើកបរឈ្មោះឆាយ សុភារុណ ចំនួន១សន្លឹក។ ១២-ប័ណ្ណ ប.ស.ស ចំនួន៤សន្លឹក (ឈ្មោះឆាយ សុភារុណ ១សន្លឹក ឈ្មោះហួង ពេជ្របូរមី ១សន្លឹក ឈ្មោះហួង ពេជ្ររចនា ០១សន្លឹក និងឈ្មោះហួង ពេជ្រ ចរណៃ ១សន្លឹក)។ ១៣-ប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ ចំនួន១សន្លឹក និង១៤-កាបូបតូចពណ៌ប្រាក់ ចំនួន១ (សម្ភារៈដែលដកហូតបានខាងលើ គឺជារបស់ជនរងគ្រោះ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះ ឈ្មោះឆាយ សុភារុណ បានទុកសម្ភារៈខាងលើ រួចនាំក្រុមគ្រួសារចូលដេកនៅលើគ្រែ ក្នុងបន្ទប់ ផ្ទះលេខ១៦ ផ្លូវ D បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយពុំបានចាក់សោបន្ទប់ដេកទេ។ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះបានភ្ញាក់ពីដេក រកមើលសម្ភារៈខាងលើ ស្រាប់តែបាត់អស់ រួចជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍។

បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្បែរកន្លែងកើតហេតុ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឡើងតាមដែកចម្រឹងខាងក្រោយផ្ទះប្រជាពលរដ្ឋក្បែរនោះ ហើយដើរឆ្លងចូលទៅផ្ទះរបស់ជនរងគ្រោះ បើកទ្វារបន្ទប់ជន រងគ្រោះ ចូលលួចយកសម្ភារៈខាងលើ នៅវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ រួចជន រងគ្រោះបានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនសង្ស័យ។

រហូតមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន ចាន់ដារ៉ា ហៅតឿ ព្រមទាំងដកហូតវត្ថុតាង (ជារបស់ជនរងគ្រោះ) ដោយឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌ ដង្កោ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេនិងបក្ខពួក ឈ្មោះជោគ ជ័យ ភេទប្រុស អាយុ៣២ឆ្នាំ (គេចខ្លួន) ពិតបានធ្វើសកម្មភាពឡើងតាមចម្រឹងដែកខាងក្រោយផ្ទះ ចូលទៅលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញ ធ្វើការឃាត់ខ្លួនជន សង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES