Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនស្រី៨ថ្ងៃ ឪដង្ហោយហៅវិលវិញមកកូន

បាត់កូនស្រី៨ថ្ងៃ ឪដង្ហោយហៅវិលវិញមកកូន

ខេត្តកំពង់ចាម ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗចេញបាត់ពីផ្ទះ អស់រយៈពេល៨ថ្ងៃ ដោយមិនបានផ្តល់ដំណឹងអ្វីឱ្យក្រុមគ្រួសារដឹងសោះ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ តាមស្វែងរកគ្រប់កន្លែងនៅតែមិនឃើញ ទើបប្រកាសរកតាមបណ្តាញសង្គម និងបានដង្ហោយ ហៅកូនស្រី “វិលត្រឡប់មកផ្ទះវិញមកកូន ពុកម៉ែបារម្ភពីកូនខ្លាំងណាស់”។

យុវតីដែលបាត់ខ្លួន មានឈ្មោះជិត លីនដា អាយុ២៣ឆ្នាំ (កើតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០១) មានលំនៅ ភូមិខ្នងក្រពើកើត ឃុំទ្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។ យុវតីរូបនេះ បានបាត់ខ្លួនកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

តាមប្រភពឪពុករបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ឈ្មោះជិត លីនដា បានបាត់ពីផ្ទះ តាំងពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមិនដឹងថាចេញទៅទីណា និងទៅជាមួយអ្នកណានោះទេ ស្រាប់តែនៅសុខៗ ចេញបាត់ មិនឃើញត្រឡប់មកផ្ទះវិញសោះ សូម្បីទូរស័ព្ទក៏ទាក់ទងមិនចូលដែរ។

បុរសជាឪពុក បានអំពាវនាវថា “ប្រសិនបើបងប្អូន បានឃើញភិនភាគក្មេងស្រី ដូចរូបភាពនេះ សូមបងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជួយផ្តល់ព័ត៌មានមកពីខ្ញុំបាទផង ព្រោះខ្ញុំមិនដឹងទៅរកកូននៅឯណាទេ ក្នុងរយៈពេល៨ថ្ងៃមកហើយ នៅតែមិនទាន់ដឹងដំណឹងថាកូននៅទីណា”។

បុរសជាឪពុក បានដង្ហោយហៅកូនស្រីរបស់ខ្លួនយ៉ាងដូច្នេះថា “បើសិនជាកូនបានឃើញដំណឹងដែលបងប្អូនខាងសារព័ត៌មាន ផ្សាយនេះហើយ សូមកូនវិលត្រឡប់មកផ្ទះវិញមកណាកូនសម្លាញ់ចិត្តពុក ពេលនេះពុកនិងម៉ែ បារម្ភពីកូនខ្លាំងណាស់…”។

ជាមួយនេះ បុរសជាឪពុកខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញកូនស្រីរបស់គាត់ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់រូបគាត់ដោយអនុគ្រោះផង តាមរយៈលេខទូរស័ព្ទ ០៧១ ៩២២ ៩០ ៧៨ ៕

RELATED ARTICLES