ទីផ្សារស្រូវសាលី
ឥណ្ឌា៖ ឥណ្ឌាបានទិញស្រូវសាលីពីបរទេសជាង៥លានតោនគិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ ដែលជាបរិមាណនាំចូលច្រើនជាងគេបំផុតប្រចាំឆ្នាំក្នុងអំឡុងពេល១ទសវត្សរ៍នេះបន្ទាប់ពី ខ្លួនចាប់ផ្តើមយុទ្ធនាការនាំចូលដើម្បីបំពេញនូវកង្វះនៃការផ្គត់ផ្គង់តាមរយៈផលិតកម្មតិចជាងមុនពីរឆ្នាំនេះ ។
ពាណិជ្ជករពីរធំៗបានថ្លែងប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថាប្រទេសឥណ្ឌាកំពុងបង្អន់ល្បឿននាំចូលស្របពេលដែលការប្រមូលផលក្នុងខែមេសានិងការបញ្ជាទិញចូលនាពេលខាងមុខនេះនឹងអាស្រ័យលើផលិតកម្មឆ្នាំ២០១៧ ។
ពាណិជ្ជករមួយដែលមានមូលដ្ឋាននៅសិង្ហបុរីលើកឡើងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើននៅខែមុខនេះ ។ វានឹងមិនលើសពី២០ម៉ឺនទៅ៣០ម៉ឺនតោនឡើយស្របពេលដែលការប្រមូលផលក្នុងស្រុកត្រូវបានគេរំពឹងថានឹងបំពេញបន្ថែមការផ្គត់ផ្គង់ ។
ទិន្នន័យពី Reuters បង្ហាញថាស្រូវសាលី៥,១លានតោនត្រូវបានចែកចាយឬនាំចូលមកដល់ប្រទេសឥណ្ឌាចាប់តាំងពីថ្ងៃទី១ខែកក្កដា ខណៈពាណិជ្ជករក្នុងមុខជំនួញផលិតផលនេះបានព្យាករទុកថាឥណ្ឌាបានទិញប្រមាណជា៥,២លានតោនឯណោះ។
ឥណ្ឌាបានទិញស្រូវសាលីពីប្រទេសអ៊ុយក្រែននិងអូស្រ្តាលី។ ចំណែកឥណ្ឌាត្រូវបង់ប្រាក់ចំនួន២១០ទៅ២១២ដុល្លារក្នុងមួយតោននៃស្រូវសាលីកិនជាម្សៅស្រាប់ដែលរាប់បញ្ចូលថ្លៃទំនិញបូកនឹងថ្លៃដឹកជញ្ជូន ចំពោះស្រូវសាលីអ៊ុយក្រែន។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា