Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូ ដាច់ជើងរកស៊ី សំពះអង្វរប៉ូលិសជួយ

ចោរលួចម៉ូតូ ដាច់ជើងរកស៊ី សំពះអង្វរប៉ូលិសជួយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជិះម៉ូតូលក់សណ្តែកដី ពេលយប់ បានចតម៉ូតូនៅក្រោមសំយាបមុខបន្ទប់ជួល រួចចូលទៅ ក្នុងបន្ទប់ ដើម្បីមើលកូន មួយភ្លែត មុននឹងចេញទៅលក់បន្តទៀត ស្រាប់តែចេញមកវិញ បាត់ម៉ូតូ ធ្វើឱ្យដាច់ជើងគ្មានមធ្យោបាយដើរលក់ដូរ រកប្រាក់ចិញ្ចឹមជីវិត បានសំពះអង្វរសមត្ថកិច្ចជួយអន្តរាគមន៍ ពន្លឿនការតាមរកជនសង្ស័យ និងម៉ូតូរបស់ខ្លួន ត្រឡប់មកវិញ។

ករណីចោរលួចម៉ូតូនេះ បានកើតឡើង កាលវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចមុខបន្ទប់ជួល លេខ១៩ ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះយ៉ាន ស្រីស័ន អាយុ៣៤ឆ្នាំ មុខរបរលក់សណ្តែកដី ពេលយប់ មានប្តីឈ្មោះ រស់ ធីម អាយុ២៧ឆ្នាំ មុខរបរកម្មករធ្វើស្លាកយីហោ និងមានកូនប្រុសស្រីតូចៗ ២នាក់ នៅក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។ ចំណែកម៉ូតូដែលត្រូវចោរលួចយកទៅបាត់ ម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-4337។

តាមសម្តីស្ត្រីរងគ្រោះ ជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធនាង មានកូនតូច ២នាក់ គ្មានអ្នកមើលកូន ហើយមានជីវភាពខ្វះខាតទៀត ដោយប្តីខិតខំធ្វើការពេលថ្ងៃជាកម្មករធ្វើស្លាយីហោ នៅពេលថ្ងៃ ហើយមើលថែកូនៗពេលយប់ ចំណែកនាងជាប្រពន្ធ មើលថែកូនពេលថ្ងៃ ហើយពេលយប់ ជួយរកប្រាក់ចំណូល ដោយប្រ កបរបរលក់សណ្តែដី និងពងមាន់ ពេលរាត្រី ដើម្បីបានប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយពឹងផ្អែកលើម៉ូតូមួយគ្រឿងនេះ ជាយានជំនិះ ដោយជិះផ្លាស់ប្តូរគ្នាជាមួយប្តី ពោលគឺប្តីជិះធ្វើការពេលថ្ងៃ ចំណែកនាងជាប្រពន្ធ ជិះដើរលក់សណ្តែកដី និងពងមាន់ ពេលយប់។

ស្ត្រីរងគ្រោះ បន្តថា នៅថ្ងៃកើតហេតុ នាងបានចេញទៅលក់សណ្តែកដី ដូចសព្វមួយដង លុះនៅវេលាម៉ោងប្រហែលជិត ១០យប់ នាងឆ្លៀតចូលមកផ្ទះ មួយភ្លែត ដើម្បីហូបបាយ និងមើលកូនផង ដោយចតម៉ូតូទុកនៅមុខបន្ទប់ ចូលទៅក្នុងបន្ទប់មួយភ្លែត លុះប្តីដើរចេញមកមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូ និងកញ្ច្រែងសណ្តែកដី បង្កការឆោឡោតែម្តង ហើយក៏បានទៅដាក់ពាក្យបណ្តឹងទាំងយប់ ដើម្បីឱ្យសមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាព កំណត់មុខសញ្ញានិងស្រាវជ្រាវរកម៉ូតូ និងតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។

ស្ត្រីរងគ្រោះ បញ្ជាក់ថា ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ រួចហើយ សមត្ថកិច្ចបានចុះមកទីតាំងកើតហេតុ ឆែកកាមេរ៉ាសុវត្ថិភាព និងស្រាវជ្រាវរកម៉ូតូ អស់រយៈពេល ២ថ្ងៃមកហើយ មិនទាន់មានដំណឹងពីម៉ូតូរបស់នាងនៅឡើយ។ ដោយក្នុងស្ថានភាពគ្រួសារជួបការលំបាក មិនដឹងបានអីជាមធ្យោបាយទៀត ទើបនាងបានលើកដៃសំពះទទូចស្នើសុំឱ្យសមត្ថកិច្ចជួយពន្លឿនតាមរកម៉ូតូរបស់គាត់ ដើម្បីបានម៉ូតូមកវិញ ប្រកបមុខរបរចិញ្ចឹមជីវិតបន្តទៀត៕

RELATED ARTICLES