Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងចែកចាយធុងបាស JBL ក្លែងក្លាយ

បង្ក្រាបទីតាំងចែកចាយធុងបាស JBL ក្លែងក្លាយ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី នៃអគ្គ នាយកដ្ឋាន ក.ប.ប សាខារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុកចែកចាយ ឧបករណ៍បំពងសំឡេងម៉ាក JBL ក្លែងក្លាយ ចំនួន២កន្លែង ក្នុងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោកស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសំឡេងម៉ាក JBL ក្លែងក្លាយ ចំនួន០២ទីតាំង ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ E28 ផ្លូវ MK8 បុរីមង្គលភ្នំពេញ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា។

ជាលទ្ធផល សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុប រួមមាន ឧបករណ៍បំពងសំឡេង ម៉ាក JBL ចំនួន១៣៦ គ្រឿង កាសស្តាប់ត្រចៀក ចំនួន៣១០គ្រឿង និងសំបកប្រអប់កាសម៉ាក JBL ចំនួន១២៨ប្រអប់ និងទីតាំងទី២ ស្ថិតនៅបុរីវារីណា ផ្ទះលេខ៨៩ ផ្លូវ២០១១ ផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  ដោយរកឃើញសម្ភារសរុប រួមមាន ឧបករណ៍បំពងសំឡេង ម៉ាក JBL និង Marshall ចំនួន១១៦គ្រឿង  កាសស្តាប់ត្រចៀក ចំនួន ៣២គ្រឿង និងស្ទិកកឺរម៉ាក JBL និង Marshall ចំនួន៤៥៦សន្លឹក។

ក្រោយពីការឆែកឆេរ សមត្ថកិច្ចបានដកហូតឧបករណ៍បំពងសំឡេងទាំងអស់ ចំនួន៥៩៤គ្រឿង និងសម្ភារមួយចំនួន យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនម្ចាស់ទីតាំងទាំង២ខាងលើ យកទៅសាកសួរបំភ្លឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី៕

RELATED ARTICLES