Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដើរដួសដង្កូវទឹក ភ្លើងឆេះខ្ទេច

បើកឡានដើរដួសដង្កូវទឹក ភ្លើងឆេះខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ តែងបើកបររថយន្ត CRV របស់ខ្លួន ដើរដួសដង្កូវទឹក យកទៅធ្វើជាចំណីត្រីចិញ្ចឹម ស្រាប់ តែចុងក្រោយ ពេលបើករថយន្តមកដល់ចំណុចផ្លូវលំមាត់ប្រឡាយ បំណងដើររកដួសដង្កូវទឹក ដូចសព្វដង ស្រាប់តែរថយន្តឆ្លងភ្លើង កើតជាអណ្តាតភ្លើងឆាបឆេះ ហុយផ្សែងទ្រលោម ធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងជួយពន្លត់ទាន់ពេល បង្កឱ្យរថយន្តខូចខាតមួយកំណាត់មុខផ្នែកខាងម៉ាស៊ីន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវលំមាត់ប្រឡាយ ជាប់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលរងការឆាបឆេះ ម៉ាក Honda CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-1708។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បើករថយន្ត ១គ្រឿង ម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-1708 បើកបរតាមផ្លូវលំ មាត់ប្រឡាយ ជាប់ផ្លូវរថភ្លើង ពីកើត ទៅលិច ដើរដួសដង្កូវទឹក យកទៅឱ្យត្រីស៊ី លុះមកដល់ចំណុចខាងលើ បុរសនោះបានចុះពីរថយន្ត ហើយបានយកឧបករណ៍សម្រាប់ដួសដង្កូវទឹក និងកាធុន១ ចេញពីក្នុងរថយន្ត រួចដើរដួសដង្កូវទឹក នៅក្នុងប្រឡាយនោះ។ លុះពេលគាត់បានដើរឆ្ងាយពីរថយន្តបន្តិច ស្រាប់តែមួយសន្ទុះក្រោយមក ពេលក្រឡេកទៅមើលរថយន្ត ឃើញមានភ្លើងឆេះផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ ដោយពុំដឹងមូលហេតុ ទាំងដែលរថយន្តនោះឈប់ស្ងៀម និងពន្លត់ម៉ាស៊ីនទៀតផង។

ប្រភពដដែល បន្តថា ការឆាបឆេះនោះ សង្ស័យផ្តើមចេញពីការឆ្លងចរន្តភ្លើង នៅប្លុកម៉ាស៊ីនរថយន្ត ហើយពេលនោះបុរសខាងលើបានស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល។ ភ្លាមៗនោះអ្នករស់នៅជិតកន្លែង កើតហេតុបាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់  ដោយប្រើប្រាស់អស់ ១បំពង់ប៉ុណ្ណោះ ភ្លើងក៏រលត់ទៅវិញ ប៉ុន្តែរថយន្តនេះបានរងការខូចខាត១កំណាត់មុខទាំងស្រុងទៅហើយ ជាពិសេស ម៉ាស៊ីន។

ក្រោយកើតហេតុ ម្ចាស់រថយន្ត បានរករថយន្តស្ទូច មកស្ទូចយករថយន្តរបស់ខ្លួន ទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES