Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម២ថ្ងៃ បង្ក្រាបបទល្មើសនេសាទ ១២ករណី

២ថ្ងៃ បង្ក្រាបបទល្មើសនេសាទ ១២ករណី

ខេត្តបាត់ដំបង ៖ កម្លាំងចម្រុះដែលដឹកនាំដោយមន្ត្រីជលផល បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រទឹកដី ឃុំកោះជីវាំង ស្រុកឯកភ្នំ ដោយបានរឹបអូសនូវឧបករណ៍នេសាទខុសច្បាប់ សរុបចំនួន១២ករណី តែគ្មានការឃាត់ខ្លួនជនល្មើសណាបានម្នាក់ទេ ក្រៅពីរឹបអូសយកវត្ថុតាងដ៏ច្រើន ដុតកម្ទេចចោល។

សម្រាប់កិច្ចប្រតិបត្តិការរយៈពេល២ថ្ងៃនេះ លទ្ធផលដែលកម្លាំងចម្រុះបានធ្វើ និងរឹបអូសបានវត្ថុតាង រួមមាន ១-របាំងសាច់អួន ប្រវែងសរុបចំនួន ៥២៥០ម៉ែត្រ។ ២-របាំងស្បៃមុងប្រវែងសរុប ៥៧០០ម៉ែត្រ។ ៣-បង្គោលឈើ សរុប ចំនួន២៤១០ដើម។ ៤-ឡុកចាប់ត្រី សរុបចំនួន២៦ឡុក និង៥-លូស្បៃមុង សរុបចំនួន១០០លូ។

សមត្ថកិច្ចបាននិយាយថា នេះជាលទ្ធផលដែលកម្លាំងសមត្ថកិច្ចចម្រុះ ស្រុកឯកភ្នំ បានចុះបង្ក្រាប ត្រឹមរយៈ ពេលតែ ២ថ្ងៃប៉ុណ្ណោះ ដែលទទូលបានលទ្ធផលគួរឱ្យកត់សម្គាល់ តែវាមិនមែនជាសញ្ញាល្អប្រសើរទេ។ ផ្ទុយទៅវិញ លទ្ធផលនេះ បានបង្ហាញថា វាជាលទ្ធផលដែលបានបង្ហាញពីសញ្ញាគ្មានការថមថយឡើយ ចំពោះបទល្មើសនៅក្នុងតំបន់ទន្លេសាប។ ជាពិសេស នៅក្នុងភូមិសាស្ត្រនានា ក្នុងស្រុកឯកភ្នំ។

បើទោះជាកម្លាំងសមត្ថកិច្ចចម្រុះនៅក្នុងស្រុកនេះ តែងបើកកិច្ចប្រតិបត្តិការចេញល្បាតនិងចុះបង្ក្រាបជាប្រចាំនៅតំបន់នោះ ស្ទើររាល់ថ្ងៃក្តី។ សមត្ថកិច្ចតែងធ្វើការងារនេះជាប្រចាំ តែបង្ក្រាបនិងរឹបអូសបានតែវត្ថុតាង (ឧប ករណ៍នេសាទខុសច្បាប់) តែមិនដែលរកមុខជនល្មើស ឃើញ និងធ្លាប់ឃាត់ខ្លួនជនល្មើសនេសាទណាបានម្នាក់ យកទៅដាក់គុកឡើយ ដែលនាំឱ្យជនល្មើសកាន់តែផ្គើនក្នុងការប្រព្រឹត្តបទល្មើសនេសាទ៕

RELATED ARTICLES