Friday, October 18, 2024
Homeតារាខ្មែរលាង សុផាឡែន មិនហ៊ានរៀបការ

លាង សុផាឡែន មិនហ៊ានរៀបការ

បើទោះបីតារាចម្រៀងចំណូលថ្មីរបស់រស្មីហង្សមាស បានបុកចូលជាបន្តបន្ទាប់ក្តី ប៉ុន្តែលាង សុផាឡែន នៅតែឈរជើងយ៉ាងរឹងមាំនៅទ្រនំមួយនេះ ដែលមានបទចម្រៀងថ្មីៗចេញចរាចរនៅលើទីផ្សារជាបន្តបន្ទាប់ ជួយឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែលេចធ្លោ។ រីឯតម្លៃខ្លួនក៏កើនឡើងកាន់តែខ្ពស់ ដែលបច្ចុប្បន្ននេះ ក្នុងមួយកម្មវិធី នាងស៊ីថ្លៃចន្លោះពី១៧០០ទៅ១៨០០ដុល្លារ។

ទន្ទឹមនឹងកេរ្តិ៍ឈ្មោះកាន់តែលេចធ្លោនៅលើវិថីចម្រៀង នាងលាង សុផាឡែន ក៏ជាតារាដែលមានមន្តស្នេហ៍ទាក់ទាញម្នាក់ផងដែរ ដែលល្បីមានទាំងស្រីនិងប្រុស តាមចោមស្រលាញ់នាង ហើយសុផាឡែន ក៏ធ្លាប់សារភាពមុននេះបន្តិចថា នាងមានសង្សាររួចទៅហើយ គ្រាន់តែមិនទាន់ហ៊ានបើកចំហ។

តាមប្រភពថា ក្រៅពីលាក់សង្សារ សុផាឡែន ក៏មិនទាន់ហ៊ានដឹកដៃបុរសកំពូលស្នេហ៍ចូលរោងការដែរ ដោយហេតុថា នាងខ្លាចប៉ះពាល់ការគាំទ្រក្នុងអាជីពសិល្បៈ។ ម៉្យាងនាងក៏ត្រូវការពេលវេលាពិសោធស្នេហ៍បន្តទៀតដែរ។

នៅពេលត្រូវចោទសួរពីរឿងស្នេហា សុផាឡែន បញ្ជាក់ថា ក្នុងដំណាក់កាលនេះ នាងពិតជាមិនទាន់ចង់បើកចំហពីរឿងស្នេហារបស់នាងទេ។

សុផាឡែន ប្រាប់ថា “ខ្ញុំសុំលាក់រឿងហ្នឹងសិន ហើយគម្រោងរៀកការ ក៏មិនទាន់គិតដល់ដែរ ព្រោះអំឡុងពេលនេះ ខ្ញុំផ្តោតតែលើអាជីពចម្រៀងតែប៉ុណ្ណោះ។ ម៉្យាងខ្ញុំគិតថា ចាំសល់ទ្រព្យច្រើន ចាំរៀបការ ក៏មិនហួសពេលដែរ”។

ឆ្លើយតបសំណួរថា តើខ្លាចប៉ះពាល់ការគាំទ្រមែនទេ ទើបមិនបង្ហាញមុខសង្សារ និងមិនទាន់ហ៊ានចូលរោងការ?

សុផាឡែន បញ្ជាក់ថា “ចំណុចហ្នឹង ខ្ញុំក៏ព្រួយបារម្ភខ្លះដែរ ហើយជាពិសេសទៀតនោះ ពួកយើងក៏ត្រូវការមើលចិត្តគ្នាបន្ថែមទៀតដែរ”។

តារាសម្បូរមន្តស្នេហ៍រូបនេះ នៅតែប្រកាន់គោលជំហរមិនទាន់បង្ហាញអត្តសញ្ញាណសង្សាររបស់នាងទេ គឺគ្រាន់តែបង្ហើបថា ជាអ្នកបម្រើការក្នុងក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះ ពុំមែនជាអ្នកជំនួញ ឬជាអ្នកមានទ្រព្យស្តុកស្តម្ភនោះទេ ស្របពេលដែលពួកគេបានស្គាល់គ្នា ជាង២ឆ្នាំមកហើយ។

លាង សុផាឡែន បានប្រឡូកនៅក្នុងវិស័យចម្រៀងជាច្រើនឆ្នាំមកហើយ គឺនាងទាញបានការគាំទ្រតាំងពីនៅឈរជើងនៅផលិតកម្ម BIGMAN ម៉្លេះ ហើយនៅពេលមកជ្រកនៅទ្រនំហង្សមាស នាងផ្ទុះបទ “បេះដូង១០០” និងបទជាច្រើនទៀត ដែលជួយឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែរះត្រដែត…៕

RELATED ARTICLES