Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់ឪកូន២នាក់ ទិញម៉ូតូចោរ៥គ្រឿង

ចា…/ប់ឪកូន២នាក់ ទិញម៉ូតូចោរ៥គ្រឿង

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពស្ទាក់ប្លន់ម៉ូតូ១គ្រឿងបានសម្រេច រួចក៏ជិះយកទៅលក់ឱ្យបក្ខពួក គាប់ជួនម៉ូតូ ជនរងគ្រោះ មានភ្ជាប់ប្រព័ន្ធ GPS ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជា បន្តបន្ទាប់ចំនួន៣នាក់ ក្នុងនោះ ម្នាក់ជាជនដៃដល់ដែលធ្វើ កម្មភាពប្លន់ ចំណែក២នាក់ទៀតជាឪពុកកូននឹងគ្នា ដែលជាអ្នកទទួលផលចោរកម្ម (ធ្លាប់ទិញម៉ូតូចោរ៥គ្រឿង តែលក់អស់២គ្រឿង) នាំយកមក ចាត់ការតាមច្បាប់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីអំពើលួចមានស្ថានទម្ងន់ទោស (ស្ទាក់ប្លន់ម៉ូតូ) ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវលំខាងជើងភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង។ រហូតមកដល់រសៀល ថ្ងៃទី១២  ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ច ក៏បាន ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប៣នាក់។

ជនសង្ស័យសរុបមានចំនួន៤នាក់ រួមមាន ទី១-ជនសង្ស័យឈ្មោះហង់ ខី ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅភូមិអូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ (គេចខ្លួន)។ ទី២-ជនសង្ស័យឈ្មោះចយ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង (ឃាត់ខ្លួន)។ ទី៣-ឈ្មោះឆិល ធីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ និងទី៤-ឈ្មោះឆិល ធី ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ។ ទាំង២នាក់ ត្រូវជាឪពុកកូននឹងគ្នា និងមានលំនៅក្នុងភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង (ឃាត់ខ្លួនទាំង២នាក់ ពាក់ព័ន្ធទទួលផលចោរកម្ម)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មានករណីអំពើលួច មានស្ថានទម្ងន់ទោស (ស្ទាក់ប្លន់ម៉ូតូ) បានកើតឡើង នៅចំណុចលើផ្លូវលំខាងជើងភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ  ដោយជនសង្ស័យ បានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ តាកែវ 1AC-8332 ជារបស់ឈ្មោះភិន សុម៉ាលីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានលំនៅភូមិក្រាំងធំ ឃុំធ្លក ស្រុកទ្រាំង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះសិទ្ធិ សុខវិសាល ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើត របស់ឈ្មោះ ភិន សុម៉ាលីន បានជិះម៉ូតូខាងលើតែម្នាក់ឯង។  ពេលមកដល់ចំណុចកើតហេតុ  ក៏មានជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកហុងឌ្រីម សេ១២៥ ពណ៌ខ្មៅ ជិះគ្នា២នាក់ (ទី១-ឈ្មោះហង់ ខី ២-ឈ្មោះចយ បញ្ញា ហៅញ៉ា) បានមកស្ទាក់ពីមុខជនរងគ្រោះ ទើបជនរងគ្រោះភ័យ ក៏បានឈប់ ម៉ូតូផ្តួលចោល រត់យករួចខ្លួន ហើយភ្លាមនោះជនសង្ស័យឈ្មោះចយ បញ្ញា ហៅញ៉ា បានជិះម៉ូតូជនរងគ្រោះទៅបាត់ រួចក៏ជិះទៅដល់ផ្ទះជន សង្ស័យឈ្មោះឆិល ធីម នៅវេលាម៉ោងប្រហែល៧យប់ថ្ងៃដដែល។ បន្ទាប់មកជនសង្ស័យចយ បញ្ញា ហៅញ៉ា បានលក់ម៉ូតូដែលប្លន់បាន ឱ្យទៅ ឈ្មោះឆិល ធីម ក្នុងតម្លៃ ១លានរៀល។ នៅពេលបានលុយជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូ១គ្រឿងដឹកគ្នាចេញទៅបាត់។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់មក ឈ្មោះឆិល ធីម បានដោះស្លាកលេខម៉ូតូ ដែលទើបទិញបាននោះចោល រួចក៏ជិះម៉ូតូដែល ទើបទិញនោះ ចេញពីផ្ទះនៅលើផ្លូវលំក្នុងភូមិ។ ប៉ុន្តែដោយម៉ូតូខាងលើ មានភ្ជាប់ប្រព័ន្ធ GPS ទើបសមត្ថកិច្ចជំនាញបានតាមប្រមាញ់ភ្លាមៗ។ លុះដល់ម៉ោង១០យប់ថ្ងៃដដែល  កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះឆិល ធីម រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះនៅលើផ្លូវលំក្នុងភូមិក្រាំងកណ្តាល។

រហូតដល់វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពីលោកស៊្រីវ គឹមស្រស់ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានឆែកឆេរលំនៅឋានឈ្មោះឆិល ធី ភេទប្រុស អាយុ៥៩ឆ្នាំ មានមុខរបរទិញលក់ម៉ូតូ ត្រូវជា ឪពុកបង្កើតឈ្មោះឆិល ធីម (នៅផ្ទះជាមួយគ្នា) រកឃើញស្លាកលេខម៉ូតូជនរងគ្រោះរួមទាំងឯកសារមួយចំនួនរបស់ជនរងគ្រោះដែលនៅក្នុងម៉ូតូ និងបានរកឃើញម៉ូតូ២គ្រឿងទៀត ដែលពុំមានឯកសារ ១-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IB-8701 មានលេខតួ និងលេខម៉ាស៊ីន 6623684។ ២-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1W-8185  មានលេខតួ និងលេខម៉ាស៊ីន 5585051។

តាមចម្លើយសារភាពរបស់ជនសង្ស័យ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ ឈ្មោះឆិល ធី បានទិញម៉ូតូពីបក្ខពួករបស់ ហង់ ខី ដែលប្លន់ បានយកមកលក់ឱ្យដល់ផ្ទះចំនួន៤គ្រឿង តែឈ្មោះឆិល ធី លក់ចេញអស់២គ្រឿងទៅហើយ នៅសល់តែ២គ្រឿងនេះប៉ុណ្ណោះ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១២  ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល កម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះឆិល ធីម  ដកហូតវត្ថុតាងបានម៉ូតូ១គ្រឿង ម៉ាកស្កុបពី ដែលមានភិនភាគ ដូចខាងលើ។ លុះមកដល់ម៉ោង៦ព្រលប់ថ្ងៃដដែល សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ឈ្មោះឆិល ធី និងជនសង្ស័យឈ្មោះចយ បញ្ញា ហៅញ៉ា  ដកហូតវត្ថុតាងបានម៉ូតូចំនួន២គ្រឿង ដែលមានភិនភាគដូចខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូម៉ាកស្កុបពី ពាក់ស្លាកលេខ តាកែវ 1AC-8332  ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ផ្នែកជំនាញបានប្រគល់ជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញ ផងដែរ។

  ជាមួយនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រកាសជូនដំណឹង ដល់បងប្អូនណាដែលបានបាត់ម៉ូតូ និងស្លាក លេខ ១-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ និងលេខម៉ាស៊ីន 6623684 (មានម៉ូតូតែគ្មានស្លាកលេខ)។ ២-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ និងលេខម៉ាស៊ីន 5585051 (មានម៉ូតូតែគ្មានស្លាកលេខ)។ ៣-ស្លាកលេខ ភ្នំពេញ 1IB-8701 (មានស្លាកលេខតែគ្មាន ម៉ូតូ)។ និង៤-ស្លាក លេខ តាកែវ 1W-8185 (មានស្លាកលេខតែគ្មានម៉ូតូ)។ សូមមេត្តាទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីយកម៉ូតូទៅប្រើប្រាស់វិញ តាមរយៈប្រព័ន្ធលេខទូរស័ព្ទ 071 537 3868 -097 747 1311  ដោយសូមភ្ជាប់មកនូវឯកសារ កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត៕

RELATED ARTICLES