Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អភិបាលខេត្តតាកែវ ដាក់ឱសានវាទ៧ថ្ងៃ ដោះប៉ាណូផ្សាយគ្រឿងស្រវឹងឲ្យអស់

 អភិបាលខេត្តតាកែវ ដាក់ឱសានវាទ៧ថ្ងៃ ដោះប៉ាណូផ្សាយគ្រឿងស្រវឹងឲ្យអស់

ខេត្តតាកែវ ៖ អភិបាលខេត្តតាកែវ បានដាក់ឱសានវាទ មួយសប្តាហ៍ ឱ្យគ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ត្រូវរុះរើចេញជាបន្ទាន់ នូវប៉ាណូផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ នានាឱ្យអស់ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលចុះហត្ថលេខាដោយលោក វ៉ី សំណាង អភិបាល ខេត្តតាកែវ បានបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត បានសង្កេតឃើញថា មានការដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ តាមបណ្តោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្ត តាកែវ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានថ្លែងអំណរគុណនឹងធ្វើការកោតសរសើរចំពោះការចូលរួមសហការពីសំណាក់ លោក-លោកស្រីជាម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋានមួយចំនួន ដែលបានធ្វើការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មផ្សេងទៀតក្នុងខេត្តតាកែវ។

ដើម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហិង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណភាព នៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត ស្នើសុំលោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំង ប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញជា បន្ទាន់ ក្នុងរយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល ធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់ បង់សម្ភារៈទាំងនោះឡើយ។ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕

RELATED ARTICLES