Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ៥៥គ្រួសារ ស្នើសុំអាជ្ញាធរបើកផ្លូវទាល់

ពលរដ្ឋ៥៥គ្រួសារ ស្នើសុំអាជ្ញាធរបើកផ្លូវទាល់

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះវាស់វែងក្បាលដីចំនួន២ ដែលម្ចាស់បានសាងសង់ផ្ទះបិទផ្លូវ និងរំលោភលើចិញ្ចើមផ្លូវលំមួយកន្លែង ដែលភ្ជាប់មកផ្លូវលេខ៥៩៨ ក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ការចុះវាស់វែងនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋចំនួន៥៥គ្រួសារ បាននាំគ្នាផ្តិតមេដៃ ស្នើសុំទៅលោកអភិបាលខណ្ឌឫស្សីកែវ បើកផ្លូវទាល់នេះ ដើម្បីសម្រួលចរាចរណ៍ដល់រថយន្តចេញចូល នៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើង។

យោងតាមលិខិតស្នើសុំរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា ផ្លូវទាល់ដែលទាមទារបើកភ្ជាប់មកផ្លូវលេខ៥៩៨ មានលក្ខណៈតូចចង្អៀត ដែលពិបាកក្នុងការចតយានជំនិះគ្រប់ប្រភេទ ហើយមិនអាចរថយន្តចេញចូលយកសំរាម តាមគ្រួសារនីមួយៗបានឡើយ ជាពិសេសក្នុងពេលពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ ធ្វើឱ្យប្រជាពលរដ្ឋពុំមានផ្លូវណាចេញចូលបានឡើយ ហើយភាគច្រើនផ្ទះធ្វើពីឈើដែលប្រឈមមុខនឹងគ្រោះអគ្គិភ័យកើតឡើង។

ពាក្យស្នើសុំខាងលើ បានបន្ថែមថា ដើមឡើយ ផ្លូវនោះជាផ្លូវលំចេញចូលមកផ្លូវលេខ៥៩៨ លុះក្រោយមក មានជនខិលខូចគប់គិតគ្នាលក់ឱ្យអ្នកផ្សេងកាន់កាប់ ហើយសព្វថ្ងៃនេះ ឈ្មោះគួច ម៉េងធឹប បានសាងសង់ផ្ទះឈើប្រក់ស័ង្កសី ១ខ្នង ទំហំ៤ម៉ែត្រ គុណ៧ម៉ែត្រ បិទផ្លូវតែម្តង តែពុំមានប័ណ្ណកម្មសិទ្ធិនោះទេ។ ដោយឡែកចំណែកផ្ទះឈ្មោះសេង គឹមឡី ដែលមានក្បាលដីលេខ៥១២ ដែលសព្វថ្ងៃបានលក់ទៅឱ្យឈ្មោះងិន សុខលី បានសាង ស់រំលោភចូលចំណីផ្លូវប្រវែង១,៥ម៉ែត្រ គុណ៨ម៉ែត្រ។

តាមព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីមានការស្នើសុំបើកផ្លូវ អាជ្ញាធរបានអញ្ជើញភាគីទាំងអស់ទៅជួប ដើម្បីដោះស្រាយជាច្រើនលើកមកហើយ។

តាមភាគីឈ្មោះគួយ ម៉េង ធឹប បានឱ្យអាជ្ញាធរដឹងថា គាត់បានទិញដីនោះត្រឹមត្រូវ ក្នុងតម្លៃជាង១០តម្លឹងមាស ដោយពុំមានប្លង់ តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ។ បើសិនមានការបើកផ្លូវ គាត់ពុំជំទាស់នោះទេ តែសុំឱ្យគិតគូរដោះ ស្រាយឱ្យគាត់បានទិញផ្ទះដើម្បីរស់នៅផង។

ដោយមានការគិតគូរ និងជំរុញក្នុងការដោះស្រាយបើកផ្លូវ ទើបអាជ្ញាធរ រួមនិងមន្ត្រីជំនាញខណ្ឌឫស្សីកែវ បានចុះទៅវាស់វែង ដើម្បីដោះស្រាយបើកផ្លូវជូនប្រជាពលរដ្ឋ៕

RELATED ARTICLES