Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាចាត់ការម៉ឺងម៉ាត់ មន្ត្រីឃុំ-សង្កាត់ពុករលួយ

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាចាត់ការម៉ឺងម៉ាត់ មន្ត្រីឃុំ-សង្កាត់ពុករលួយ

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យអភិបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីឃុំ-សង្កាត់ រូបណាប្រព្រឹត្តអំពើពុករលួយ ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។

យោងតាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា កន្លងមក រដ្ឋបាលឃុំ- សង្កាត់ បានខិតខំយកចិត្តទុកដាក់អនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយមានការគាំទ្រពីទីចាត់ការផែនការនិងវិនិយោគរាជធានី-ខេត្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងមហាផ្ទៃ បានពិនិត្យនិងសង្កេតឃើញថា មានភាពមិនប្រក្រតីកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ដែលបណ្តាលមកពីការមិនយកចិត្តទុកដាក់និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមិនបានត្រឹមត្រូវ តាមគោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានា ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាក់ស្តែង មានអ្នកទទួលការមួយចំនួន បានដាក់ពាក្យបណ្តឹង ឬពាក្យស្នើសុំជួយអន្តរាគមន៍ ជាលាយលក្ខណ៍អក្សរ ឬប្តឹងតាមប្រព័ន្ធតេឡេក្រាម ឬតាមរយៈទូរស័ព្ទ ជាញឹកញាប់ មកក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងមន្ត្រីនៃទីចាត់ការផែនការនិងវិនិយោគរាជធានី-ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរា គមន៍លើការងារពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំ មិនមានតម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោ ងមុនការដេញថ្លៃ ការពន្យារការដេញថ្លៃ ដោយមិនបានកំណត់នូវកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់ នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំង ឡាយណាដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ដោយត្រូវអនុវត្តវិន័យឬទណ្ឌកម្ម៕

RELATED ARTICLES