Friday, October 18, 2024
Homeនយោបាយ ទូតចិន ថាសម្តេចហ៊ុន សែន ជាមេដឹកនយោ បាយកំពូល អ្នកយុទ្ធសាស្ត្រឆ្នើម

 ទូតចិន ថាសម្តេចហ៊ុន សែន ជាមេដឹកនយោ បាយកំពូល អ្នកយុទ្ធសាស្ត្រឆ្នើម

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិន លោកវ៉ាង វិនពីន បានចាត់ទុកសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណ បក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើម ក្នុងការដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។

ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសដែលរូបលោកត្រូវបានសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្តើម សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះលោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពីលោក វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។ សម្តេច បានបន្តថា វត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូត បន្ទាប់ពីការចាកចេញរបស់ឯកអគ្គរដ្ឋទូតមុន បានសបញ្ជាក់អំពីទំនាក់ ទំនងដ៏រឹងមាំនិងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតថ្មី វ៉ាង វិនពីន។

លោកឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងការអរគុណ ដែលសម្តេចប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកនិងសហការី បានចូលជួបសម្ដែងការគួរសម។ លោកក៏បានពាំនាំជូនសម្តេច ហ៊ុន សែន នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ប្រធានាធិបតីចិន ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រីចិន លី ឈាង ប្រធានសភាចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

លោកឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា សម្តេចហ៊ុន សែន ជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិន ដែលបានគាំទ្រគ្នាទៅវិញទៅមក។ លោកក៏បានអរគុណសម្ដេច ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានការផ្ទុះកូវីដ-១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកថា សម្ដេច ជាមិត្តល្អសម្រាប់ប្រជាជនចិន ដែលគាំទ្រគ្នាក្នុងគ្រាមានអាសន្ន។ ដូចនេះ សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិន ដូចគ្នា។

លោក វ៉ាង វិនពីន បានបន្ថែមថា សម្តេចហ៊ុន សែន គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធ សាស្ត្រដ៏ឆ្នើម ក្នុងការដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។ លោកបានកោតសរសើរសម្ដេចហ៊ុន សែន ដែលបានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែង កម្ពុជា-ចិន ។ សម្តេចហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានឯកភាពគ្នាដាក់ចេញនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផែនទីចក្ខុវិស័យក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ លោកឯកអគ្គរដ្ឋទូត បានបេ្តជ្ញាថា ក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា លោកនឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធា, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ លោកឯកអគ្គរដ្ឋទូតចិន ក៏បានគោរពអញ្ជើញសម្តេចហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខ។

ជាកិច្ចឆ្លើយតប សម្ដេចហ៊ុន សែន បានអរគុណចំពោះលោកឯកអគ្គរដ្ឋទូតចិន ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី ស៊ី ជីនពីង នាយករដ្ឋមន្ត្រី ប្រធានសភាតំណាងប្រជាជនចិន ទូទាំងប្រទេស និងថ្នាក់ដឹកនាំដទៃទៀតនៃប្រទេសចិន។ សម្តេចហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំ ខាន់ មិនអាចខ្វះបាន នៃទំនុកចិត្តនិងការគោរព ឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។

សម្ដេចហ៊ុន សែន ក៏បានមានប្រសាសន៍ថា កម្ពុជា បានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះ ឱ្យមានភាពរឹងមាំជារៀងរហូតមក។ សម្ដេច បានចាត់ទុកថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ តម្រូវឱ្យប្រទេសយើងទាំងពីរ នៅតែជាដៃគូដ៏ស្មោះត្រង់ជាមួយគ្នា។

សម្ដេចប្រធានព្រឹទ្ធសភា បានរំលឹកថា ទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសចិន នៅពេលដែលផ្ទុះខ្លាំងនូវជំងឺកូវីដ-១៩ នោះ គឺជាការបង្ហាញពីសាមគ្គីភាពចំពោះប្រជាជនកម្ពុជា ជាមួយប្រជាជនចិន ក្នុងគ្រាដ៏លំបាក និងពីការលើកទឹកចិត្តចំពោះនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅនិងបន្តការសិក្សានៅប្រទេសចិន។ ឆ្លៀតក្នុងឱកាសនេះ សម្ដេច ក៏បានអរគុណដល់ប្រទេសចិន ដែលបានផ្ដល់នូវវ៉ាក់សាំងកូវីដ-១៩ មកដល់កម្ពុជា ជាបន្តបន្ទាប់។

សម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច នឹងស្ថិតនៅយូរ អង្វែង ហើយបើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី ក៏ដោយ ក៏ជំហររបស់កម្ពុជា ជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ។ សម្តេច បានស្នើឱ្យមិត្តចិន បន្តការគាំទ្រកម្ពុជា ជាបន្តទៀត លើការអភិវឌ្ឍគ្រប់វិស័យ។ សម្តេច ក៏បានរំលឹកពីជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវ “នយោបាយចិនតែមួយ” ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាបញ្ហាផ្ទៃក្នុងរបស់ចិន។

ជាទីបញ្ចប់ សម្តេចហ៊ុន សែន ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតចិន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេច ជូនចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិន សំខាន់ៗជាច្រើនទៀត។ សម្តេចប្រធានព្រឹទ្ធសភា បានជូនពរលោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ឱ្យសម្រេចបានជោគជ័យក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា៕ ខៀវទុំ

RELATED ARTICLES