Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាប់.../គុ.../ក២នាក់ ដោយសារចាបចៀន សាច់ញាតិត.../វ៉ាសុំដោះលែង

ជាប់…/គុ…/ក២នាក់ ដោយសារចាបចៀន សាច់ញាតិត…/វ៉ាសុំដោះលែង

ខេត្តកណ្តាល ៖ ក្រោយកើតមានប្រតាយប្រតប់គ្នារឿងចាបចៀន ១ប្រអប់ ដឹកខុសកន្លែង រហូតធ្វើឱ្យភាគីម្ខាងរងរបួស និងប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនភាគីម្ខាងទៀត ចំនួន២នាក់ ដាកគុករួចមក សាច់ញាតិគ្រួសារខាងភាគីជាប់គុកដោយសារចាបចៀន បានចេញមុខតវ៉ា ដោយអះអាងថា អ្នកទាំង២ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះ គ្មានកំហុសទេ ត្រូវគេមករករឿងដល់ផ្ទះហើយ បែរជាត្រូវគេប្តឹងប៉ូលិសចាប់ទៀត រួចប្តឹងទារសំណងដល់ទៅ៥ពាន់ដុល្លារ ខណៈដែលក្រុមគ្រួសារគ្មានលទ្ធភាព ទទូចសុំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ដោះលែងឲ្យមានសេរីភាពវិញ មិនគួរគ្រាន់តែរឿងចាបចៀន ចាប់មនុស្ស២នាក់ ដាក់គុកបែប នេះសោះ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មានករណីជម្លោះប្រតាយប្រតប់គ្នាមួយបានកើតឡើង នៅចំណុចភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ដោយបុរសម្នាក់ ត្រូវបងស្រីជាអ្នកលក់សាច់ក្លែម ប្រើឱ្យដឹកសាច់ក្លែម (ចាបចៀន) ទៅឱ្យភ្ញៀវដែលកុម្មង់ លុះដឹកទៅដល់ ឃើញវង់អ្នកផឹក ក៏យកទៅដាក់ឱ្យ ទាំងដែលមិនដឹងអ្នកកុម្មង់ រួចក៏កើតមានជម្លោះជាមួយក្រុមអ្នកផឹក រហូតវាយតប់គ្នា បណ្តាលឱ្យភាគីអ្នកដឹកសាច់ក្លែម រងរបួសខៀវភ្នែក លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះលេខ សុខា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង និងទី២-ឈ្មោះសាក់ វ៉ាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។ ចំណែកជនរង គ្រោះ មានឈ្មោះឈុំ ឆៃណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។

តាមប្រភព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះ ត្រូវបានបងស្រីរបស់ខ្លួន ប្រើឱ្យយកសាច់ក្លែមទៅឱ្យគេ នៅជិតកន្លែងកើតហេតុខាងលើ។ លុះយកសាច់ក្លែមទៅដល់ ឃើញមនុស្សកំពុងផឹកស៊ី ប្រហែល១០នាក់ ក៏ហុចសាច់ក្លែមដាក់លើតុ រួចនៅឈរចាំគិតលុយ។ ស្រាប់តែពេលនោះ ជនសង្ស័យឈ្មោះលេខ សុខា បានបើកប្រអប់ឃើញ មានសត្វចាប ហើយក៏ហែកហូបអស់ ១ក្បាល ហើយបានដើរទៅសួរជនរងគ្រោះថា “ចាបហ្នឹង អ្នកណាហៅមក? ” ពេលនោះជនរង គ្រោះឆ្លើយថា «ខ្ញុំអត់ដឹងទេ បងស្រីខ្ញុំគាត់ប្រើឱ្យខ្ញុំយកមកឱ្យនៅកន្លែងហ្នឹង” រួចក៏កើតមានទំនាស់ពាក្យសម្តីគ្នា និងឈានដល់ការប្រតាយប្រតប់គ្នាតែម្តង។

រហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ភាគីជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ហើយបន្ទាប់មក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ បានចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។

ជុំវិញករណីខាងលើនេះ ស្ត្រីម្នាក់ ដែលអះអាងថា ស្ថិតនៅក្នុងហេតុការណ៍ និងក៏ជាអ្នកចូលរួមផឹកស៊ី និងហូបចាបរបស់ជនរងគ្រោះដែរនោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុ ពួកគាត់កំពុងជុំគ្នាផឹកស៊ី ស្រាប់តែឃើញជនរងគ្រោះ យកចាបចៀន ១ប្រអប់ មកដាក់លើតុពួកគាត់ ហើយរូបគាត់ផ្ទាល់ នឹកស្មានថា អ្នករួមវង់ផឹកកុម្មង់ម្ហូបក្លែមមក ក៏បើកប្រអប់ហូបចាបនោះ អស់២-៣ទៅ ស្រាប់តែបន្តិចក្រោយមក ទើបដឹងថាចាបចៀននោះ ដឹកមកច្រឡំកន្លែង ទើបកើតមានការឈ្លោះប្រកែកគ្នា រវាងអ្នកដឹក និងពួកគាត់ជាអ្នកផឹក ដែលនាំគ្នាក្លែមចាបចៀននោះ។ ភ្លាមនោះ គាត់បានសួរតម្លៃចាប ១ប្រអប់នោះប៉ុន្មាន? ជនរងគ្រោះ បានប្រាប់ថា ២ម៉ឺនរៀល គាត់ក៏ដកលុយក្រដាស ៥ម៉ឺនរៀល ពីហោប៉ៅ ហុចទៅឱ្យជនរងគ្រោះដែរ ដើម្បីបញ្ចប់រឿង តែជនរងគ្រោះនៅតែទាមទារចង់បានចាបទៅវិញ ទើបធ្វើឱ្យជម្លោះពាក្យសម្តីកាន់តែខ្លាំង គាត់ក៏បានយកលុយ ៥ម៉ឺនរៀលនោះមកវិញ រួចក៏ឃើញកើតមានការប្រតាយប្រតប់គ្នាមួយប្រាវ ទើបជនរងគ្រោះត្រឡប់ទៅវិញបាត់១សន្ទុះ ក៏នាំគ្នា៤-៥នាក់ ត្រឡប់មកវិញ កើតមានជម្លោះជាថ្មីម្តងទៀត រហូតត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ចុះមកដល់ បំបែកឱ្យត្រឡប់ទៅផ្ទះរៀងខ្លួនវិញ។ ស្រាប់តែព្រឹកស្អែកឡើង ភាគីរងគ្រោះ បានប្តឹងសមត្ថកិច្ច ចាប់ភាគីជម្លោះ ២នាក់ យកទៅបាត់តែម្តង។

ចំណែកស្ត្រីឈ្មោះអ៊ីម ដែលអះអាងថា ត្រូវជាម្តាយធំរបស់ភាគីជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បានអះអាងថា ក្មួយប្រុសរបស់គាត់ មិនខុសទេ ព្រោះដំបូងឡើយ ជនរងគ្រោះទេ ដែលជាអ្នកយកចាបចៀន ១ប្រអប់នោះ មកច្រឡំភ្ញៀវដោយខ្លួនឯង លុះពេលភាគីក្មួយគាត់ហូបអស់ ដឹងថាច្រឡំ ចង់សងលុយ បែរជាគេមិនព្រមទទួល ទារយកតែចាបវិញ ទើបធ្វើឱ្យកើតមានជម្លោះប្រតាយប្រតប់គ្នា ម្តងជា២ដង រហូតមានសមត្ថ កិច្ចមកឃាត់បំបែកទៀតផង នឹកស្មានថាចប់រឿងហើយ ដឹងអីព្រឹកឡើង សមត្ថកិច្ចបានមកហៅក្មួយប្រុសគាត់ ទៅបំភ្លឺនៅប៉ុស្តិ៍ ដោយប្រាប់ថា ភាគីរងគ្រោះប្តឹង រួចក៏ចាប់បញ្ជូនក្មួយគាត់ឡើងទៅអធិការដ្ឋាននគរបាលស្រុកតែម្តង។ ចំណែកភាគីរងគ្រោះ បានទារសំណងដល់ទៅ៥ពាន់ដុល្លារ តែពួកគាត់ជាគ្រួសារ គ្មានលទ្ធភាពនោះទេ ហេតុនេះមានតែទទូចសុំដល់សមត្ថកិច្ចពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ជួយអន្តរាគមន៍លើករណីនេះផង៕

RELATED ARTICLES