ខេត្តបាត់ដំបង ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជិត១០០អង្គ-នាក់ បានសម្តែងនូវការមិនពេញចិត្ត និងសុំកិច្ចអន្តរាគមន៍មុខសាលាខេត្ត ក្រោយមន្ត្រីការិយាល័យធម្មការស្រុក ផ្លាស់ប្តូរទម្លាក់ព្រះសង្ឃចំនួន៥អង្គ ដែលគង់លើភ្នំសំពៅ ឱ្យចុះមកគង់ក្នុងវត្ត ខាងក្រោម ហើយប្តូរព្រះសង្ឃអង្គថ្មី ឡើងគង់លើភ្នំ ជំនួសវិញ។
ការតវ៉ាខាងលើ បានធ្វើឡើង តាំងពីព្រឹក រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានព្រះសង្ឃ ចំនួន៥អង្គ រួមជាមួយប្រជាពុទ្ធបរិស័ទ ជិត១០០នាក់បាននាំគ្នាមកកាន់មុខសាលាខេត្តបាត់ដំបង ដើម្បីសុំការអន្តរាគមន៍ពីលោកអភិបាលខេត្ត ឱ្យជួយដោះ ស្រាយក្រោយជួបបញ្ហាមិនពេញចិត្តផ្លាស់ប្តូរព្រះសង្ឃ ៥អង្គ ដែលមានស្នាដៃកសាងសមិទ្ធផលលើភ្នំ ឱ្យចុះមកគង់នៅក្នុងវត្តភ្នំសំពៅ ដែលស្ថិតនៅក្បែរគ្នា រួចសម្រេចតែងតាំងព្រះសង្ឃអង្គថ្មី ឱ្យគង់គ្រប់គ្រងមើលការខុសត្រូវនៅលើភ្នំ ជំនួសវិញ។
ព្រះសង្ឃ ព្រះនាម កែវ ណី ជាមន្ត្រីសង្ឃ បានមានថេរដីកាថា ព្រះអង្គនិងព្រះសង្ឃ៤អង្គទៀត ក៏ដូចជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជិត១០០នាក់ទៀត ដែលនិមន្តនិងធ្វើដំណើរមកនេះ គឺដើម្បីសុំឱ្យលោកអភិបាលខេត្ត ជួយដោះស្រាយរឿងអយុត្តិធម៌ បន្ទាប់ពីមេគណស្រុកបាណន់ បានតែងតាំងព្រះអង្គថ្មី ដែលមិនធ្លាប់មានស្នាដៃកសាងសមិទ្ធផលនានាផងនោះ ឱ្យទៅគង់នៅជំនួស ទាំងដែលព្រះអង្គគង់នៅលើភ្នំ រយៈពេល២៥ឆ្នាំមកហើយ ហើយមានពុទ្ធបរិស័ទគោរពស្រឡាញ់យ៉ាងច្រើនទៀត។
ព្រះអង្គ កែវ ណី បានបន្តថា កន្លងមក ព្រះសង្ឃដែលមានគង់នៅលើភ្នំសំពៅ សម្រាប់មើលថែ គ្រប់គ្រង និងសម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា សរុបចំនួន៧អង្គ តែការរៀបចំថ្មីរបស់មេគណស្រុក បាននិមន្តព្រះសង្ឃ ចំនួន៥អង្គ ឱ្យចុះក្រោមមកគង់ក្នុងវត្តវិញ ហើយជំនួសដោយព្រះសង្ឃថ្មីមួយអង្គវិញ។ ការជ្រើសរើសរៀបចំទីកន្លែងគង់ថ្មី ព្រះអង្គទើបទទួលបានដំណឹងកាលពី២-៣ថ្ងៃមុននេះទេ ហើយព្រះអង្គ ជាមួយលោក ៤អង្គទៀត បានភ្ញាក់ផ្អើល និងនាំគ្នាជាមួយពុទ្ធបរិស័ទដែលគាំទ្រទៅប្តឹងនិងតវ៉ានៅសាលាឃុំ តែលោកមេឃុំ មិនបានទទួលជួយដោះស្រាយទេ ថែមទាំងដេញព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ឱ្យទៅប្តឹងបន្តនៅសាលាខេត្ត។
ព្រះសង្ឃដែលមន្ត្រីការិយាល័យធម្មការស្រុកបាណន់ និមន្តឱ្យចុះមកគង់នៅក្នុងវត្តភ្នំសំពៅ រួមមាន ទី១-ព្រះអង្គព្រះនាម កែវ ណី ធ្លាប់គង់នៅលើភ្នំចំនួន២៥ឆ្នាំ។ ទី២-ព្រះអង្គ យ៉ាន ផុន ធ្លាប់គង់នៅ៤ឆ្នាំ។ ទី៣-ព្រះអង្គព្រះនាម ពៅ លីន ធ្លាប់គង់នៅចំនួន៣ឆ្នាំ។ ទី៤-ព្រះអង្គព្រះនាម ឈុំ ឈឿន ធ្លាប់គង់នៅលើភ្នំចំនួន៣ឆ្នាំ និងទី៥-ព្រះអង្គព្រះនាម ឃាត សេង ធ្លាប់គង់នៅចំនួន២ឆ្នាំ។ ដោយឡែក ចំពោះព្រះសង្ឃដែលត្រូវរៀបចំឱ្យទៅគង់នៅលើភ្នំជំនួសព្រះនាម យក់ សើន។
ក្រោយមានការទទួចសុំអន្តរាគមន៍មិនបោះបង់ លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីនាំតំណាងខាងភាគីព្រះសង្ឃ ចំនួន២-៣អង្គ នាក់ ដើម្បីចូលជួបសាកសួរ និងដោះស្រាយនៅរសៀលម៉ោង ២រសៀល ថ្ងៃដដែលនេះ តែមិនទាន់ដឹងថា ទទួលបានដំណោះស្រាយបែបណានៅឡើយ៕