Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បទីតាំងផលិតទឹករុក្ខជា.../តិ.../ញៀន

បង្ក្រា…/បទីតាំងផលិតទឹករុក្ខជា…/តិ…/ញៀន

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកក្រះធុម នៅចំណុចផ្ទះមួយកន្លែង ម្តុំចម្ការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  នៅវេលាម៉ោង ១រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ តែក្រុមជនសង្ស័យបានដឹងខ្លួនមុន ចាក់សោរផ្ទះ ហើយរត់គេចខ្លួនបាត់អស់។

លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ដោយបានការអនុញ្ញាត ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រូលនីតិវិធីពីលោកព្រះរាជអាជ្ញា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនិងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ បានសម្រេចកាត់សោផ្ទះ រកឃើញមានវត្ថុតាង ១-ទឹកក្រះធុម ចំនួន៦ឆ្នាំង និង៣០០ដប។ ២-ស្លឹកក្រះធុម ចំនួន១០ថង់ធំ ស្មើនឹង ១៦៧គីឡូក្រាម។ ៣-ថ្នាំក្អក ចំនួន២កេសធំ (សារធាតុផ្សំ)។ ៤-កញ្ឆាស្ងួត ចំនួន៧ថង់។ ៥-កាធុនដែក ចំនួន៦។ ៦-ធុងទឹកកក ចំនួន៣។ ៧-ឧបករណ៍ជក់កញ្ឆា ចំនួន៣១បំពង់។ ៨-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន៤គ្រឿង។ ៩-ថង់វេចខ្ចប់ និងដបច្រក មួយចំនួនធំ និង១០-ទូដែក ចំនួន១។

វត្ថុតាងខាងលើ ត្រូវបានរក្សាទុកក្នុងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកក្រះធុម និងស្លឹកក្រះធុម ត្រូវបានបំផ្លាញចោល។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺង ម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ត្រូវតែបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបនូវទីតាំងផលិត ចែកចាយផលិតផលចេញពីស្លឹកកាធុម (ប្រភេទភេជ្ជៈលាយជាមួយថ្នាំបាត់ក្អក) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យ និងកុមារ។

លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា ការបង្ក្រាបករណីនេះ ធ្វើដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យ មានការលួចនាំចូល ចែកចាយផលិត នៅក្នុងទឹកដីនៃក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យឡើយ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយស្លឹកក្រះធុម សូមរាយការណ៍ មកកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES