Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្ទឹងព្រែកត្នោត ទឹ.../កហ.../ក់ឡើង លិ.../ច៥សង្កាត់

 ស្ទឹងព្រែកត្នោត ទឹ…/កហ…/ក់ឡើង លិ…/ច៥សង្កាត់

ភ្នំពេញ ៖ ទឹកស្ទឹងព្រែកត្នោត នៅតែបន្តជន់ឡើងកាន់តែខ្លាំង ដោយគិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ទឹកបានជន់ហៀរចេញពីស្ទឹង ហូរក្នុងភូមិឋានប្រជាពលរដ្ឋ បណ្តាលឱ្យលិចជាច្រើនខ្នងបន្ថែមទៀត នៅសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ការលិចលង់បានកើនឡើងដល់ចំនួន៥សង្កាត់ ស្មើនឹង១៤ភូមិ ១៦២ខ្នងផ្ទះ និង២០២គ្រួសារ ប៉ះពាល់មនុស្ស៨៣៥នាក់ ផ្លូវបេតុងក្នុង ភូមិចំនួន៤ខ្សែ វត្តចម្ការខ្សាច់១ សាលាសង្កាត់ស្ពានថ្ម១ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម១ ប៉ុន្តែមិនបានបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ឡើយ ។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពទឹកស្ទឹង នោះជាប់ជាប្រចាំ ដើម្បីត្រៀមជួយសង្គ្រោះឬជម្លៀសប្រជាពលរដ្ឋគ្រប់ពេល ក្នុងករណីដែលទឹកជន់កាន់តែខ្លាំងថែមទៀតនោះ។

ប្រភពដដែល បន្តថា សង្កាត់ទាំង៥ ដែលរងការលិចលង់ដោយសារការជន់ឡើងនៃទឹកស្ទឹងព្រែកត្នោត រួមមាន ៖

ទី១-សង្កាត់គងណយ លិចចំនួន៣ភូមិ ក្នុងនោះ មានភូមិវាលថ្លាន់ចំនួន២៧ខ្នងផ្ទះ ស្មើនឹង៣៥គ្រួសារ មនុស្សសរុបចំនួន១៧៨នាក់ និងផ្លូវ១ខ្សែ។ ភូមិគងនយ ចំនួន៥ខ្នងផ្ទះ ស្មើនឹង៦គ្រួសារ មនុស្សសរុបចំនួន២៤នាក់។ និងភូមិសិរីសម្បត្តិ ចំនួន១៥ខ្នងផ្ទះ ស្មើ១៥គ្រួសារ មនុស្សសរុបចំនួន៦៥នាក់ និងផ្លូវ ចំនួន០២ខ្សែ ។ 

ទី២-សង្កាត់សាក់សំពៅ ចំនួន៣ភូមិ ក្នុងនោះ ភូមិពោធិ៍រលំចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ មនុស្សសរុបចំនួន៨នាក់។ ភូមិសំបួរចំនួន ២ខ្នងផ្ទះ ស្មើនឹង៣គ្រួសារ មនុស្សសរុបចំនួន១៥នាក់។ និងភូមិពាម១ខ្នងផ្ទះ ស្មើនឹង១គ្រួសារ មនុស្សសរុបចំនួន៥នាក់ និងផ្លូវ១ខ្សែ។

ទី៣-សង្កាត់ព្រៃវែង លិចភូមិសេរីដីដុះ មានចំនួន៨០ខ្នងផ្ទះ ស្មើនឹង១០៤គ្រួសារ មនុស្សសរុបចំនួន៣៣៨នាក់។

ទី៤-សង្កាត់ទៀន លិចភូមិកន្ទុយទឹកចំនួន១១ខ្នងផ្ទះ ស្មើនឹង១៧គ្រួសារ មនុស្សសរុបចំនួន៦៨នាក់។

ទី៥-សង្កាត់ស្ពានថ្មចំនួន៦ភូមិ ក្នុងនោះមានភូមិអញ្ចាញចំនួន៣ខ្នងផ្ទះ ស្មើនឹង៣គ្រួសារ មនុស្សសរុបចំនួន៩នាក់។ ភូមិម៉ឺនត្រា លិចវត្តចំការខ្សាច់ ប៉ះពាល់ព្រះសង្ឃនិងគ្រហស្ថចំនួន៤៧អង្គ/នាក់។ ភូមិស្ពានថ្មចំនួន៥ខ្នងផ្ទះ ស្មើនឹង៥គ្រួសារ មនុស្សសរុបចំនួន២៥នាក់ លិចសាលាសង្កាត់ស្ពានថ្ម និងប៉ុស្តិ៍នគរបាលស្ពានថ្ម។ ភូមិស្វាយមានលក្ខណ៍ចំនួន៤ខ្នងផ្ទះ ស្មើនឹង៤គ្រួសារ មនុស្សសរុបចំនួន១៨នាក់។ ភូមិហា ៥ខ្នងផ្ទះ ស្មើនឹង៥គ្រួសារ មនុស្សសរុបចំនួន២១នាក់ និងភូមិដូងចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ មនុស្សសរុបចំនួន១៤នាក់។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោត បានជន់ឡើងជាបន្តបន្ទាប់ច្រើនថ្ងៃមកហើយ ប៉ុន្តែឡើងខ្លាំងមែនទែន រយៈពេល៣ថ្ងៃចុងក្រោយមកនេះ បណ្តាលឱ្យលិចផ្ទះសម្បែង ទីវត្តអារាម សាលាសង្កាត់និងប៉ុស្តិ៍នគរបាល។ ដោយផ្ទះខ្លះលិចត្រឹមស្មងជើង ត្រឹមភ្លៅ ចង្កេះ ឬផ្ទះដែលនៅជាប់ផ្ទាល់និងមាត់ស្ទឹងតែម្តងលិចជ្រៅជាងនេះ រីឯបរិវេណឯវត្តចំការខ្សាច់ក៏លិចគឺត្រូវទឹកលិចទាំងស្រុង ដោយមាន កន្លែងខ្លះលិចក្បាលទៀតផង។ ចំណែកព្រះសង្ឃ បានគង់នៅលើសាលាឆាន់ដែលសង់ខ្ពស់ ព្រមទាំងប្រើទូកង សម្រាប់ជាមធ្យោបាយដឹកសម្ភារផ្សេងៗ ដូចជាស៊ីម៉ងត៍ ជាដើម យកទៅទុកនៅទីខ្ពស់៕

RELATED ARTICLES