Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋមន្ត្រីមហាផ្ទៃ ទុ.../កពេល១សប្តាហ៍ ឱ្យស្នងការ បោ.../សសម្អា.../តគ្រឿងញៀនតាម KTV

រដ្ឋមន្ត្រីមហាផ្ទៃ ទុ…/កពេល១សប្តាហ៍ ឱ្យស្នងការ បោ…/សសម្អា…/តគ្រឿងញៀនតាម KTV

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបទបញ្ជាក្តៅ ដោយទុក ពេល១សប្តាហ៍ឱ្យស្នងការ រាជធានី-ខេត្តទូទាំងប្រទេស និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបោសសម្អាតគ្រឿងញៀន តាមបណ្តាហាងបៀរហ្គារដិន និងខារ៉ាអូខេ (KTV) ឱ្យអស់។

ការដាក់បទបញ្ជានេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពនិងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្តនិងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួង មហាផ្ទៃ ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ញៀន កាន់តែអាក្រក់ពីគ្រាប់ ទៅជាម្សៅ ដែលមានតម្លៃថោកជាងមុន ប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ ដែលមានអាយុក្រោម១៨ឆ្នាំ ក្រោយប្រើប្រាស់៣ដង នឹងធ្វើឱ្យខូចខួរក្បាលតែម្តង ដែលនេះជាហានិភ័យមួយយ៉ាងខ្ពស់។ លោកក៏បានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្តទាំងអស់ ជួយគាំទ្រចូលរួមឱ្យបានម៉ឺងម៉ាត់ទៅលើយុទ្ធនាការនេះ និងយុទ្ធនាការផ្សេងៗដែលបានធ្វើចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីមហាផ្ទៃ ប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងបានជំរុញឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្តនិងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជា ឱ្យខាងតែបាន។

លោក ស សុខា បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយត្រូវតែឈានដល់ការបោសសម្អាតគ្រឿងញៀន នៅកម្ពុជា ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ “សម្អាតចកចេញពីបឹង” របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ស្ថានភាពគ្រឿងញៀន នៅកម្ពុជា មានការវិវត្តប្រែប្រួលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ និង ព្រួយបារម្ភ ដោយបរិមាណគ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ ការកែច្នៃ ផលិតក្នុងរូបភាពទ្រង់ ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ប្រភេទគ្រឿងញៀន ដែលបានកែច្នៃផលិតនិងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន ការថយចុះនូវវត្តមានប្រភេទគ្រាប់ និងកើនឡើងនូវវត្តមានប្រភេទ ICE ដែលកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ សម្រាប់អ្នកប្រើប្រាស់។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំបន្ថែមឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជ ធានី ខេត្តទាំងអស់ ត្រូវសហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំការផ្សព្វផ្សាយ អប់រំ និងបណ្តុះបណ្តាលជនបង្គោលនៅក្នុងអង្គភាពរបស់ខ្លួន សំដៅឱ្យ គ្រប់មន្ត្រីទាំងអស់ ទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីការពារទាំងខ្លួនឯង និងសមាជិកក្រុមគ្រួសារពីអន្ទាក់នៃគ្រឿងញៀន និងធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំនៅតាមគោលដៅកម្សាន្តនានា ដែលជាទីពេញនិយម របស់យុវវ័យដូចជា នៅតាមផ្សារទំនើប ក្លឹបកម្សាន្ត KTV និងរោងភាពយន្តជាប់ប្រចាំ ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីឥទ្ធិពលអវិជ្ជមាន ពីការប្រើប្រាស់គ្រឿងញៀន៕

RELATED ARTICLES