រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត និងសិស្ស និស្សិត ឈប់សម្រាកមួយថ្ងៃ ចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
សារាចររបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ដើម្បីឲ្យជនរួមជាតិខ្មែរគ្រប់រូប មានលទ្ធភាពចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លា និងជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» រាជរដ្ឋាភិបាល បានធ្វើការណែនាំដូចតទៅ ៖
១-អនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាក ចំនួន១ (មួយ) ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។
២-ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករនិយោជិត ត្រូវទទួលបានប្រាក់ឈ្នួល។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើសេចក្តីណែនាំដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ ដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣-រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន អំពីការឈប់សម្រាកនេះ។
សូមជម្រាបថា រាជរដ្ឋាភិបាល បានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែ
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែកនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្ត ចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។
សូមជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕