Saturday, November 23, 2024
Homeនយោបាយសម្ដេចហ៊ុន សែន ជួបបេសកជនពិសេសមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា

សម្ដេចហ៊ុន សែន ជួបបេសកជនពិសេសមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា

ភ្នំពេញ  នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក យូកូ កូឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម។

ជាកិច្ចចាប់ផ្តើម សម្ដេចហ៊ុន សែន បានស្វាគមន៍ចំពោះលោក U Ko Ko Hlaing បេសកជនពិសេសរបស់ប្រ ធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេច បានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ា ដែលបានផ្ដល់ទំនុកចិត្តដល់កម្ពុជា និងបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ហើយសង្ឃឹមថា សម្ដេចនឹងទទួលបានព័ត៌មានពាក់ព័ន្ធនឹងសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា។

លោក U Ko Ko Hlaing បានថ្លែងអំណរគុណសម្ដេចហ៊ុន សែន ហើយចាត់ទុកនេះជាកិត្តិយសដ៏ធំធេងដែលសម្ដេច បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនៅពេលនេះ។ ក្នុងនាមជាបេសកជនពិសេស លោក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងហ្លាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ជូនចំពោះសម្ដេចហ៊ុន សែន និងអបអរសាទរគណបក្សប្រ ជាជនកម្ពុជា ដែលទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកន្លងទៅ អបអរសារទរសម្តេចហ៊ុន សែន ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ព្រមទាំងជូនពរថ្ងៃខួបកំណើតសម្ដេចហ៊ុន សែន ថ្ងៃទី០៥ ខែសីហា ខាងមុខ នេះផងដែរ។ លោកក៏បានអរគុណចំពោះកម្ពុជា ដែលគាំទ្រមីយ៉ាន់ម៉ា ក្នុងវេទិកាអាស៊ាន។ លោកត់ទុកថា កម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាព អស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ លោកបានរំលឹកពីទស្សនកិច្ចរបស់សម្ដេចហ៊ុន សែន ទៅមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ដែលពេលនោះ លោកក៏បានចូលរួមក្នុងជំនួបរវាងសម្ដេចហ៊ុន សែន ជាមួយលោក Min Aung Hlaing ផងដែរ។ លោកចាត់ទុកសម្ដេច ជារដ្ឋបុរសដែលចាស់ទុំជាងគេ ពោរពេញទៅដោយបទពិសោធន៍ នៅក្នុងអាស៊ាន។

លោកបេសកជនពិសេស បានគូសបញ្ជាក់ថា សម្ដេចហ៊ុន សែន និងកម្ពុជា បានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា។ លោកក៏បានរំលឹកអំពីជំនួបដ៏មានសារៈសំខាន់រវាងសម្ដេចហ៊ុន សែន  និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing តាមប្រព័ន្ធវីដេអូ កាលពីខែឧសភាកន្លងទៅនេះ ដែលថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការរួមចំណែករបស់កម្ពុជា ធ្វើឱ្យសភាព ការណ៍នៅមីយ៉ាន់ម៉ា វិលមករកប្រក្រតីភាពឡើងវិញ។ លោកបានជម្រាបជូនសម្ដេច អំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដូចជាសភាពការណ៍យោធា ការរៀបចំការបោះឆ្នោត ជាដើម។ លោកក៏បានជម្រាបជូនពីភាពជឿនលឿននៃវិស័យការទូតរបស់មីយ៉ាន់ម៉ា ជាពិសេសក្នុងវេទិកាអាស៊ាន និងវេទិកាតំបន់ដែលមីយ៉ាន់ម៉ា បានចូលរួម។ លោកបានបញ្ជាក់ថា មីយ៉ាន់ម៉ា បានសហការយ៉ាងល្អជាមួយមជ្ឈមណ្ឌលអាស៊ាន AHA និងបានទទួលជំនួយពីកម្ពុជា នៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ និង គ្រោះធម្មជាតិខ្យល់ព្យុះ។ លោកក៏បានអរគុណរាជរដ្ឋា ភិបាលកម្ពុជា ចំពោះជំនួយទ្វេភាគី និង ការគាំទ្រមីយ៉ាន់ម៉ា ក្នុងវេទិកាអាស៊ាន ដោយចាត់ទុកថា បើគ្មានការគាំទ្រពីភាគីកម្ពុជា នោះទេ នោះអាស៊ាន ពុំមានកុងសង់ស៊ីស នៅក្នុងបញ្ហាមីយ៉ាន់ម៉ា នោះទេ នៅក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ី នាឆ្នាំ២០២១។

លោកបេសកជនពិសេស លើកឡើងថា មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតដោយបានត្រឹមត្រូវ សេរីនិងយុត្តិធម៌ ដើម្បីប្រែក្លាយមីយ៉ាន់ម៉ា ឱ្យមានប្រជាធិបតេយ្យ ដោយការទទួលខុសត្រូវ។ លោកសង្ឃឹមថា ក្រោយការបោះឆ្នោតខាងមុខ ស្ថានភាពមីយ៉ាន់ម៉ា នឹងប្រសើរឡើង ហើយប្រទេសទាំងពីរ នឹងពង្រឹងនូវកិច្ចសហ ប្រតិបត្តិការបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Min Aung Hlaing ដែលបានផ្ដាំផ្ញើការសួរសុខទុក្ខមកដល់សម្ដេច និងការអបអរសាទររបស់លោក ក្នុងឱកាសសម្ដេចបានជាប់ឆ្នោតនិងក្លាយជាប្រធានព្រឹទ្ធសភា និងការជូនពរថ្ងៃខួបកំណើតរបស់សម្តេច។ សម្ដេច បានមានប្រសាសន៍ថា នៅថ្ងៃទី៥សីហា ខាងមុខនេះ កម្ពុជា នឹងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ។

សម្តេចហ៊ុន សែន បានអរគុណលោក U Ko Ko Hlaing ដែលបានជម្រាបជូនសម្ដេច ពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា។ សម្តេច បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនយោបាយ នាពេលកន្លងមក ក្នុងការបញ្ចប់សង្គ្រាម ការចរចានានា ដែលឈានដល់ការទទួលបាននូវសុខសន្តិភាព មកដល់សព្វថ្ងៃនេះ។ សម្ដេច បានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយបញ្ចប់សង្គ្រាម ទាមទារឱ្យមានការចូលរួមពីភាគីទាំង អស់។ ជាក់ស្តែងយើងមិនអាចចោលភាគីពាក់ព័ន្ធណាមួយឡើយ ទោះបីជាយើងមិនចង់ចរចាជាមួយក៏ដោយ ដូចករណីភាគីខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។ សម្ដេច បានស្នើសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិចារណាលើសកម្មភាពទាំងអស់ ទាំងយោធា ទាំងនយោបាយ និងការទូត ដើម្បីស្វែងរកសន្តិភាព ដោយមិនបោះបង់ចោលភាគីណាមួយ។

នៅក្នុងវេទិកាអាស៊ាន សម្ដេច សូមឱ្យភាគីមីយ៉ាន់ម៉ា គិតគូរឱ្យបានហ្មត់ចត់ ក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួន មកចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ចៀសវាងកុំឱ្យកៅអីនៅទំនេរ។ មីយ៉ាន់ម៉ា ត្រូវរក្សាការចូលរួមវេទិកាដទៃទៀតដែលភាគីមីយ៉ាន់ម៉ា ជាសមាជិក និងកំពុងមានតំណាងនៅទីនោះ ដោយត្រូវការពារនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនានា ដែលមីយ៉ាន់ម៉ា មានទំនាក់ទំនងជាមួយ។

សម្តេចហ៊ុន សែន បានអរគុណដល់មីយ៉ាន់ម៉ា ដែលបានផ្តល់ការទុកចិត្តមកលើកម្ពុជា និង បានគូសបញ្ជាក់ថា សម្តេច បានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជា ធ្លាប់មាន ក្នុងកិច្ចខិតខំជួយនិងគាំទ្រមីយ៉ាន់ម៉ា រកផ្លូវដោះ ស្រាយវិបត្តិបច្ចុប្បន្ន។ កម្ពុជា ពុំមានផលប្រយោជន៍យុទ្ធសាស្រ្ត នយោបាយ ឬសេដ្ឋកិច្ចអ្វីនោះទេ ចំពោះការប្រឹងប្រែងជួយនេះ ។ បំណងតែមួយគត់របស់កម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ា រងសោកនាដកម្ម  និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ  ព្រោះកម្ពុជា បានឆ្លងកាត់រួចមកហើយ ។

ជាចុងក្រោយ សម្ដេចហ៊ុន សែន បានស្នើឱ្យលោកបេសកជនពិសេស ពាំនាំនូវបណ្តាំសួរសុខទុក្ខរបស់សម្តេច ជូនចំពោះលោក Min Aung Hlaing និងជូនពរលោកបេសកជនពិសេសមីយ៉ាន់ម៉ា និងគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា ប្រកបដោយភាពជោគជ័យ៕ ខៀវទុំ

RELATED ARTICLES