Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបំភ្លឺ រឿងចាប់ឡានដំឡូងទុកស្អុ.../យ

ស្នងការបំភ្លឺ រឿងចាប់ឡានដំឡូងទុកស្អុ…/យ

ខេត្តត្បូងឃ្មុំ ៖ យោងតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា  កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ជាតិស្រវឹង និងតេស្ត ទឹកម៉ូតរកសារធាតុញៀន កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវក្រាលកៅស៊ូលេខ 71C ជាលទ្ធផលបានឃាត់រថយន្តដឹកដំឡូង ១គ្រឿង និងអ្នកអ្នកបើកបរឈ្មោះជឹម ហ៊ុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (តេស្តទឹកនោមមានសារធាតុញៀន) ទើបកម្លាំងសមត្ថ កិច្ច បានដកហូតវត្ថុតាងរថយន្ត ដឹកដំឡូង ១គ្រឿង ម៉ាក HYUNDAI TRACTOR ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ កំពង់ចាម 4A-2323 ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

តាមការបំភ្លឺពីលោកឧត្តមសេនីយ៍ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជនសង្ស័យជាអ្នកបើកបរខាងលើ ត្រូវបានឃុំខ្លូននៅពន្ធនាគារខេត្តត្បូងឃ្មុំ វត្ថុតាងរថយន្តរក្សាទុកនៅអធិការនគរបាលស្រុកក្រូចឆ្មារ ជាបណ្តោះអាសន្ន។

ពាក់ពន្ធ័ការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ KH Plus News ដោយបានចុះផ្សាយខ្លឹមសារ “រឿងមន្ត្រីចាប់ឡានដឹកដំឡូង គាបឡើងចេញទឹកស្អុយង៉ោង” ត្រូវបានលោកស្នងការ បញ្ជាក់ថា  ដោយមានការសម្រប សម្រួលពីលោកឡាយ ឃាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបានទូរស័ព្ទទាក់ទងទៅម្ចាស់ឡាន ឱ្យយកឡានផ្សេងមកផ្ទេរមើមដំឡូង ក៏ប៉ុន្តែម្ចាស់រថយន្ត ជាប់ធ្វើការនៅក្នុងព្រៃខេត្តព្រះវិហារ។ លុះដល់ព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែលទើបម្ចាស់រថយន្តមកដល់ បានសំណូមពរមកសមត្ថកិច្ច សុំខ្ចីទាំងរថយន្ត និងសឺមីរ៉ឺម៉កយកទៅតែម្តង ដោយសន្យាពេលលក់ដំឡូងរួច ទើបយកមកប្រគល់ជូនវិញ។ ដោយផ្ទុយខុសពីនីតិវិធីស្ថាប័នតុលាការ មិនអនុញ្ញាតតាមការស្នើសុំ ប៉ុន្តែនៅបន្តអនុញ្ញាតឱ្យយករថយន្តផ្សេងមកផ្ទេរដំឡូងដូចធម្មតា។

លុះដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយខ្លាចដំឡូងខូចគុណភាព និងមានការខាតបង់របស់ម្ចាស់ដំឡូង ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកក្រូចឆ្មារ ទូរស័ព្ទទាក់ទងទៅម្ចាស់រថយន្ត ឱ្យមកផ្ទេរដំឡូងម្តងទៀត តែម្ចាស់រថយន្តបានរករឿងឈ្លោះ ប្រកែកមកលើសមត្ថកិច្ច ទាំងខ្លួនស្រវឹងស្រាជោក ហើយបដិសេធ មិនព្រមធ្វើតាមការណែនាំនោះទេ និងចោទសួរមកសមត្ថកិច្ចទៀតថា តើរថយន្តរបស់គាត់ខុសអី បើពិបាកយ៉ាងហ្នឹង ទុកឱ្យស្អុយចោលតែម្តងទៅ។ ចាប់ពីពេលនោះ រហូតមកដល់បច្ចុប្បន្ន ពុំឃើញម្ចាស់រថយន្តទាក់ទងមក ឬយករថយន្តមកផ្ទេរដំឡូងឡើយ។

ស្រាប់តែនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ មានសារព័ត៌មាន KH PLUS NEWS រួមជាមួយម្ចាស់រថយន្ត បាននាំគ្នាមកថតជាវីដេអូខ្លី បង្ហោះផ្សាយ (Video Live) ក្នុងបណ្តាញសង្គមចោទប្រកាន់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដោយខ្វះមូលដ្ឋានប្រើពាក្យសម្តីនិងកាយវិការមិនសមរម្យ ក្នុងអត្ថន័យសើចចំអកឌឺដងខុសពីការពិត ហើយបាននិយាយបង្អាច់បង្ខូចទៀតថា សមត្ថកិច្ចយើងបានគាបសង្កត់ទាមទារប្រាក់ជាថ្នូរ នៃការសម្រប សម្រួលដោះលែងជនសង្ស័យ នោះជាការចោទប្រកាន់ញោះញង់យ៉ាងធ្ងន់ ជាហេតុធ្វើឱ្យមហាជនមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ជាពិសេសស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

លោកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្នើសារព័ត៌មាន KH PLUS NEWS ធ្វើការសហការជាមួយកងកម្លាំងនគរបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងកែតម្រូវព័ត៌មាន ដើម្បីរក្សាបាននូវកិត្តិយសសេចក្តីថ្លៃថ្នូរ ស័កសមនឹងការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើជាតិ និងប្រជាជន ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ៕

RELATED ARTICLES