Sunday, November 24, 2024
Homeនយោបាយបក្សប្រឆាំង ទុកតំណែងលោកសម រង្ស៊ី នៅទំនេរ២ឆ្នាំ លោកកឹម សុខា បន្តដឹកនាំជាប្រធានស្ដីទី

បក្សប្រឆាំង ទុកតំណែងលោកសម រង្ស៊ី នៅទំនេរ២ឆ្នាំ លោកកឹម សុខា បន្តដឹកនាំជាប្រធានស្ដីទី

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ   នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិកានាយក ដោយសម្រេចទទួលស្គាល់​លើការលាលែងពីតំណែង របស់លោក សម រង្ស៊ី ចាប់ពីពេលនេះតទៅ និងប្រគល់សិទ្ធីឲ្យលោកកឹម សុខា ធ្វើជាប្រធានស្តីទី រហូតដល់មានការជ្រើសប្រធានគណបក្សថ្មី ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្ដាលគណបក្ស នៅថ្ងៃនោះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ការធ្វើសមាជជ្រើសរើសប្រធានបក្សថ្មី នឹងធ្វើឡើងនៅមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ខាងមុខ  ស្របតាមលក្ខន្តិកៈសមាជបក្ស លើកមុន ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១២ ។ បានន័យថា ការជ្រើសរើសមេបក្សថ្មី មកជំនួសតំណែងលោកសម រង្ស៊ី នឹ​ង​ត្រូ​វធ្វើឡើង​ប្រមា​ណជា​ពីរ​ឆ្នាំទៀត ដោយរក្សា​តំណែងប្រ​ធាន​គ​ណប​ក្ស​ប្រឆាំងនេះ​​​ឲ្យនៅទំនេរ តែទុកឲ្យលោកកឹម សុខា ដឹកនាំក្នុងនាមជាប្រធានស្ដីទី ។

លោកយឹម សុវណ្ណ បញ្ជាក់ថា ការលាឈប់​របស់លោក សម រង្ស៊ី គឺជាគំរូល្អដល់ អ្ន​កនយោបា​យពេលនេះ ក៏ដូចទៅថ្ងៃអនាគត ដោយ​ឲ្យហ៊ានលះបង់អ្វីទាំង អស់ ដើម្បីបញ្ហាផ្សះផ្សាជាតិ និងការ​បង្រួប​បង្រួ​មជាតិ ។

គួរបញ្ជាក់ថា លោកសម រង្ស៊ី បានប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈលិខិតផ្លវការ ផ្ញើជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និង គណៈកម្មាធិការនាយក កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧  ដោយបញ្ជាក់ថា ដោយសារមូលហេតុផ្ទាល់ខ្លួន ។

ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នោះ លោកសម រង្ស៊ី ក៏បានបញ្ជាក់តាមវីដេអូ Skype  ថា  មិនមែនតែតំណែងរបស់លោកនោះទេ សូម្បីតែជីវិតរបស់លោក ក៏លោកត្រូវតែលះបង់ ឱ្យតែជាតិរបស់លោកនៅរស់ គណបក្សសង្រ្គោះជាតិនៅរស់ នៅគង់វង្ស ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ។ គ្រប់កាលៈទេសៈទាំងអស់ លោកនៅតែរក្សាឧត្តមគតិសង្រ្គោះជាតិ ក្នុងបេះ ដូងរបស់លោកជានិច្ច ។

លោកសម រង្ស៊ី មានប្រសាសន៍តាមប្រព័ន្ធអ៊ីធើរណេតនោះថា ” ការបំភ្លឺរបស់ខ្ញុំទាក់ទងទៅសេចក្ដីសម្រេចចុងក្រោយ របស់ខ្ញុំនេះ អ្វីដែលខ្ញុំអាចបញ្ជាក់បំភ្លឺបន្ថែមនៅពេលនេះ ខ្ញុំគ្រាន់តែដកស្រង់យោបល់អត្ថាធិប្បាយអ្នកតាមដានទំព័រហ្វសប៊ុកខ្ញុំម្នាក់ គាត់និយាយសង្ខេបអំពីសេចក្ដីសម្រេចរបស់ខ្ញុំ អំពីទឹកចិត្តរបស់ខ្ញុំ អំពីបំណងរបស់ខ្ញុំ គាត់សរសេរតែមួយឃ្លាទេ ។ មួយឃ្លាហ្នឹងមានអត្ថន័យដូចតទៅ សុខចិត្តអស់តំណែង មិនឲ្យឲ្យគណបក្សរលាយ ។ ខ្ញុំបន្ថែមក្នុងន័យទលំទូលាយជាងហ្នឹងទៅទៀត សុខចិត្តអស់ជីវិត  មិនឲ្យជាតិស្លាប់ ។ ដូច្នេះយើងត្រូវហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុមួយ ដែលយើងស្រលាញលើសលបក្នុងចិត្តរបស់យើង ។ ខ្ញុំតែងតែនិយាយ តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺឧត្តមគតិរបស់យើង អ្វីដែលសំខាន់ គឺភាពស្មោះត្រង់របស់យើង គឺភាពថ្លៃថ្នូររបស់យើង ថាយើងចង់បានអី យើងត្រូវតែហើានលះបង់ ដើម្បីឆ្ពោះទៅគោលដៅរបស់យើង ។ តែវិលត្រឡប់មកការលាលែងរបស់ខ្ញុំនេះ ឥឡូវយល់ទាំងអស់គ្នាហើយ គឺដើម្បីការពារគណបក្ស បើខ្ញុំនៅធ្វើជាប្រធាន ហើយបើគណបក្សត្រូវគេរំលាយ ខូចខាតដល់ផលប្រយោជន៍យើង ផលប្រយោជន៍គណបក្ស ផលប្រយោជន៍ជាតិ យើងចង់បានអី? យើងចង់បានការបោះឆ្នោត ដោយសារយើងចង់បានការផ្លាស់ប្ដូរៗតាមរយៈការបោះឆ្នោត តែគេមានបំណងរំលាយគណបក្សយើង ហើយបើគណបក្សយើងរលាយពិត យើងអត់បានចូលរួមក្នុងការបោះឆ្នោត អាការបោះឆ្នោតហ្នឹងវាអត់់មានន័យតែម្ដង ប៉ុន្តែយើងក៏បាត់បង់ជាប្រវត្តិសាស្រ្ត ដម្បីនាំមកនូវការផ្លាស់ប្ដូរ ដែលប្រជារាស្រ្តខ្មែរចង់បាន ។ គ្រប់កាលៈទេសៈ ខ្ញុំនៅតែរក្សាឧត្តមគតិ សង្រ្គោះជាតិជានិច្ចក្នុងបេះដូងរបស់ខ្ញុំ ។ អនាគតនៅវែងឆ្ងាយ ដូច្នេះយើងទាំងអស់គ្នានៅមានឪកាសសង្រ្គោះជាតិជាបន្តបន្ទាប់ ធ្វើការជាមួយគ្នា តាមរូបភាពណាមួយក្នុងក្របខ័ណ្ណាមួយ តែបំណងយើងនៅដដែល គឺសង្រ្គោះជាតិៗឲ្យទាល់តែបាន ” ។

ដោយឡែក លោកកឹម សុខា បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកដែរថា ការសម្រេចចិត្តលាលែងពីប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ របស់លោកសម រង្ស៊ី គឺជាការសម្រេចចិត្តប្រកបដោយកិត្តិយស ដោយមានការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគណបក្ស ដើម្បីផលប្រយោជន៍ជាតិ និងគណបក្សជាធំ។ គណបក្សសង្គ្រោះជាតិស្គាល់ពីខ្លួនឯងច្បាស់ ដឹងថាខ្លួនកើតចេញពីណា និងដើម្បីអ្វី ៕

 

 

 

RELATED ARTICLES