Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអត់លុយបង់ផ្ទះជួល លួ.../ចម៉ូតូ ជា.../ប់ខ្នោះ.../២

អត់លុយបង់ផ្ទះជួល លួ…/ចម៉ូតូ ជា…/ប់ខ្នោះ…/២

ខេត្តកណ្តាល ៖ ជនសង្ស័យ ២នាក់ ក្រោយពីទិញថ្នាំញៀន យកមកប្រើប្រាស់រួច អត់លុយបង់បន្ទប់ជួល បានជិះម៉ូតូដឹកគ្នាដើរលួច លុះប្រទះឃើញម៉ូតូ ១គ្រឿងចត លើភ្លឺស្រែ ដោយមានសោជាប់នឹងម៉ូតូស្រាប់ ក៏លួចជិះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានជាបន្តបន្ទាប់ នាំយកសាកសួរ ឆ្លើយដោះសាថា មូលហេតុដោយ សារជំពាក់ថ្លៃផ្ទះជួល៤ខែ មកហើយ ទើបដាច់ចិត្តលួចម៉ូតូគេ យកមកលក់ ដើម្បីបានលុយបង់ផ្ទះជួល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអឿន សុភ័ស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (មានសារធាតុញៀន ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល០២ឆ្នាំមកហើយ)។ និងទី២-ឈ្មោះហេង បញ្ញា ហៅសឺ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (មានសារធាតុញៀន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល៣ឆ្នាំមកហើយ)។

ចំណែកជនរងគ្រោះ មានឈ្មោះធឹម សំអាត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

ចំពោះវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាក Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ 1X-9604 ។ ២-ទួរណឺវីសផ្លែដែក ដងជ័រ ចំនួន១។ ៣-សោលេខ១៩ ចំនួន១។ ៤-ដែកកែច្នៃសម្រាប់កាច់កម៉ូតូ ចំនួន១ (ជារបស់ជន សង្ស័យ។ ៥-ម៉ូតូ ១គ្រឿង ម៉ាក VIVA ពណ៌ខ្មៅ គ្មានផ្លាកលេខ  (ជារបស់ជនរងគ្រោះ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ចេញពីផ្ទះ មកបាចជីដាក់ស្រូវ នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ហើយបានទុកម៉ូតូនៅក្បែរប្រឡាយ ជិតវាលស្រែដោយ ពុំបានដកសោចេញទេ។ លុះពេលកំពុងបាចជី ស្រាប់តែឈ្មោះជី រតនៈ ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ជាអ្នកធ្វើស្រូវជិតគ្នា បានស្រែកថា បងមានចោរលួចម៉ូតូបងហើយ ឮដូច្នេះជនរងគ្រោះក៏បានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍ ឈើទាល ដើម្បីជួយអន្តរាគមន៍។

ប្រភពដដែល បន្តថា ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងជំនាញនគរ បាលយុត្តិធម៌ស្រុកកៀនស្វាយ ធ្វើការពួនស្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះអឿន សុភ័ស យកមកសាកសួរនៅប៉ុស្តិ៍ឈើទាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអឿន សុភ័ស បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះហេង បញ្ញា ហៅសឺ បាននាំគ្នាប្រើប្រាស់ ថ្នាំញៀន អស់១កញ្ចប់តូច (តម្លៃ២ម៉ឺនរៀល) ពេលប្រើប្រាស់រួច ខ្លួនបានយកទួលឡឺវីសផ្លែដែកដងជ័រ សោលេខ១៩ ដែកកែច្នៃសំរាប់កាច់កម៉ូតូ ដាក់ក្នុងហោប៉ៅខោរបស់ខ្លួន រួចក៏នាំគ្នាជិះម៉ូតូចេញពីផ្ទះ ដោយខ្លួនជាអ្នកឌុបឈ្មោះហេង បញ្ញា ហៅសឺ បន្ទាប់មកខ្លួនក៏បានជិះម៉ូតូតាមផ្លូវ លេខ១១០ រួចចូលតាមភូមិស្រែអំពិល ឃុំឈើទាល មកដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូ ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ទុកនៅក្បែរ វាលស្រែ ឃើញដូចនេះខ្លួនបានឈប់ម៉ូតូ រួចឈ្មោះហេង បញ្ញា ហៅសឺ បានចុះពីលើម៉ូតូដើរទៅលួចយកម៉ូតូជនរងគ្រោះជិះចេញទៅមុន ចំណែក ខ្លួនជិះម៉ូតូតាមពីក្រោយបានប្រហែល៥០០ម៉ែត្រ ស្រាប់តែមានប្រជាពលរដ្ឋស្ទាក់ចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

រហូតមកដល់វេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងបានធ្វើការស្រាវជ្រាវ រកឃើញ មុខសញ្ញាម្នាក់ទៀត នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកប្រា ជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះហេង បញ្ញា ហៅសឺ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះហេង បញ្ញា ហៅសឺ បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះអឿន សុភ័ស បាននាំគ្នាប្រើប្រាស់ថ្នាំញៀនអស់១កញ្ចប់តូច (តម្លៃ២ម៉ឺនរៀល) ពេលប្រើប្រាស់រួច ខ្លួនក៏បបួលឈ្មោះអឿន សុភ័ស ជិះម៉ូតូដើររកការងារធ្វើ តែរកមិនបាន រួចខ្លួនក៏ នាំគ្នាជិះម៉ូតូតាមផ្លូវលេខ១១០ រួចចូលតាមភូមិស្រែអំពិល ឃុំឈើទាល មកដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូ ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ទុកនៅក្បែវាលស្រែ ឃើញដូចនេះខ្លួនបានឱ្យឈ្មោះអឿន សុភ័ស ភេទប្រុស ឈប់ម៉ូតូ រួចខ្លួនចុះដើរចូលទៅលួចម៉ូតូជនរង គ្រោះ ជិះចេញទៅមុន រហូតទៅដល់ផ្ទះ ពេលដល់ផ្ទះ ខ្លួនបានយកម៉ូតូទៅលាក់ទុកក្នុងគុម្ព ត្រែង នៅក្រោយរោងចក្រទឹកត្រី ព្រែកប្រា រួចក៏ដើរត្រឡប់មកផ្ទះវិញ។

ជនសង្ស័យទាំង២នាក់ បានអះអាងដូចគ្នាថា មូលហេតុដែលពួកគេលួចម៉ូតូ ដោយសារតែពួកខ្លួនគ្មានការងារធ្វើ និងជំពាក់លុយផ្ទះជួល រយៈពេល៤ខែផង ទើបសម្រេចចិត្តនាំគ្នាលួចម៉ូតូលក់យកលុយឱ្យថ្លៃផ្ទះជួលផង និងទិញថ្នាំញៀនប្រើប្រាស់ផង។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES