ភ្នំពេញ៖តារាសម្ដែងត្រូវប៉ាន់តួកាចឆ្នាស់ឆ្នើមសឿន ផានផាភួង ដែលជាម្ដាយរបស់ស្រីស្រស់អាង សុជាតា ហៅឈូឈូ នោះបានឲ្យដឹងថាទោះជាពេលនេះកូនស្រីខ្លួនធំប៉ុនម្ដាយទៅហើយក្ដី ប៉ុន្ដែនាងមិនចង់គិតគួររឿងប្ដីសីថ្មីដោយប្រញ៉ាប់ពេកនោះឡើយ។អ្នកនាងផាភួង បង្ហើបថាមានបុរសចង់ចូលមកធ្វើជាឪឈូឈូ ក្នុងនោះភាគច្រើនជាបុរសវ័យចំណាស់ក៍មាន ប្រុសក្មេងក៍មាន តែនាងសូមពេលមិនទាន់ទទួលឡើយ ។ទោះជាយ៉ាងណាអ្នកនាងផាភួង ថាអត់ស្រលាញ់ប្រុសក្មេងទេ គឺចង់បានតែអ្នកមានវ័យចំណាស់បន្ដិច ប៉ុន្ដែទាល់តែបុរសនោះគ្មានពាក់ព័ន្ធជាមួយអ្នកណាទើបនាងសុំពេលគិតលើម្នាក់នោះ។
ថ្វីត្បិតតែសឿន ផានផាភួង វាចាថានាងអត់បេតីប្រុសក្មេងមែន ប៉ុន្ដែតាមព័តមានថាអ្នកដែលស្និតស្នេហ៍នាងភាគច្រើនគឺជាបុរសវ័យត្រឹម២០ស្ដើង ប៉ុណ្ណោះ បើអ្នកវ័យក្រាស់ៗគេមិនដែលឃើញនាងយកភ្នែកមើលឡើយ ។ទាក់ទងរឿងស្នេហានេះដែររហូតមកដល់ពេលនេះអ្នកនាងផាភួង មិនដែលហ៊ានលាតត្រដាងរឿងស្នេហ៍ជាសាធារណៈទេគឺលាក់ជិតឈឹងតែម្ដង សូម្បីឈូឈូ ឪពុករបស់គេជាអ្នកណាក៍នាងអត់និយាយដែរ ។ប៉ុន្ដែថ្មីៗនេះគេឃើញតារានិយមលេងតួឆ្នាសរូបនេះបែជាងាកមកបើកភោជនីយដ្ឋាន”ឈូឈូ ស្នាដៃម៉ាក់ភួង “នៅផ្លូវ៣០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាអំឡុងពេលដែលមនុស្សភាគច្រើនកំពុងតែជួបវិបត្តិសេដ្ឋកិច្ចនេះ ។ប្រភពខ្លះសង្ស័យថាផាភួង មានគូស្នេហ៍ជួយក្រោយខ្នង ព្រោះតារាមួយចំនួនបានបិទហាងជាបន្ដបន្ទាប់បែជាម្ដាយឈូឈូ មកដាក់ទុនធំនាពេលនេះទៅវិញ ។
ម្ដាយអាង សុជាតារា ប្រាប់ថាហាងរបស់នាងទើបបើកបានជាង២០ថ្ងៃប៉ុណ្ណោះ ហើយម្ហូបល្បីជាងគេគឺបុកល្ហុង តែមុខម្ហូបសរុបខ្ទង់៥០មុខឯណ្ណោះ ។ផាភួង បន្ថែមថាអ្នកស្រីដឹងថាពេលនេះសេដ្ឋកិច្ចមិនសូវល្អ តែការបើកហាងរបស់នាងធ្វើឡើងដោយចៃដន្យប៉ុណ្ណោះ ហើយដោយសារតែការសាកល្បងឃើញថាមានមិត្តភក្ដិអ្នកសិល្បៈ និងFan ទៅគាំទ្រច្រើន រហូតដល់ថ្ងៃខ្លះអត់តុឲ្យភ្ញៀវអង្គុយញាំអាហារ ទើបអ្នកស្រីសម្រេចចិត្តនឹងប្ដូរទៅតាំងហាងថ្មីនាពេលដ៍ឆាប់ៗខាងមុខនេះហើយគឺនៅសង្កាត់ភ្នំពេញថ្មី តែពេលហាងនោះធ្វើរួចរាល់នាងគ្មានគម្រោងធ្វើពិធីសម្ពោធនោះទេ ។ផាភួង ថាទោះជាការបើកភោជនីយដ្ឋានមិនមែនជាបំណងរបស់នាងពីមុន ព្រោះនាងស្រលាញ់មុខរបរផ្សេង តែពេលនេះមុខម្ហូបភាគច្រើនប្រចាំនៅហាងគឺនាងជាអ្នកធ្វើចុងភៅតែម្ដង ។ប៉ុន្ដែនៅពេលសួរថាតើត្រៀមលុយប៉ុន្មានដើម្បីតំណើរការហាងថ្មីនោះនាងថាមិនទាន់អាចស្មានបានទៅវិញ និងថាគ្រាន់តែបើកសាកល្បងនេះក៍អស់ទុនមិនស្ទើដែរ ។
សឿន ផានផាភួង បានចាប់អាជីពសម្ដែងកាលពីឆ្នាំ២០០៧ តែបានបាត់មុខទៅវិញ ហើយទើបតែនៅឆ្នាំ២០១០ នាងបានប្រឡូកយ៉ាងពេញទំហ៊ឹងរហូតមកដល់បច្ចុប្បន្ន ។ម្ដាយឈូឈូ រូបនេះច្រើនតែត្រូវបានDirector ឲ្យលេងជាតួកាច តែនាងថាក៍អាចលេងជាតួស្លូតបានដែរ ពោលគឺអាចធ្វើបានទៅតាមអ្នកដឹកនាំតម្រូវ ។អ្នកនាងផាភួង ថ្លែងថា”ខ្ញុំបានថតសរុបខ្ទង់ជាង១០០រឿង ហើយ។ក្នុងនោះ១០រឿងគេឲ្យលេងតួប្រពន្ធចុងគេ៨រឿងបាត់ទៅហើយ ។តែខ្ញុំក៍អាចលេងជាតួស្លូតកម្សត់បានដែរ គ្រាន់តែថាត្រេមុខយើងរាងកាចអីចឹងរឿងស្លូតមានតិចជាងកាច “។
គេចាំមើលថាអ្នកនាងផាភួង នឹងជ្រើសម្ចាស់ស្នេហាថ្មីជាប្រុសវ័យចំណាស់ ដោយផាត់ចោលប្រុសក្មេងដូចនាងតាំងចិត្តមែន ឬមាត់ផ្សេងកាយវិការផ្សឹង ?
ក្រៅពីសឿន ផានផាភួង តារាដែលកំពុងតែបណ្ដុះកូនឲ្យស្នងអាជីពសិល្បៈពីខ្លួនមានដូចជាអ្នកនាងយុគ ចិន្ដា ,ម៉េង កែវពេជ្ជតា ,លោកហួរ ឡាវី ,ព្រាប សុវត្ថិ ,ខាន់ ជេសម៍ និងខេមរៈ សិរីមន្ដ ជាដើម ៕