ភ្នំពេញ៖ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ អ្នកឧកញ៉ាម៉ៅ ចំណាន ដែលទើបឡើងកាន់តំណែងជំនួសអ្នកនាងចន ច័ន្ទលក្ខិណា រយៈពេលទើបតែជាង៣ខែនេះតាមព័តមានថាភរិយាអ្នកឧកញ៉ាគិត ម៉េង គៀងគរប្រម៉ែប្រមូលថវិការសប្បុរសជនទាំងឡាយជួយដល់សមាគមសិល្បករខ្មែរគិតមកដល់ពេលនេះបានថវិការចំនួនជាង៤លានដុល្លារហើយសម្រាប់តម្កល់ទ្រទ្រង់ សមាគមមួយនេះ។ប្រភពបានឲ្យដឹងថាអ្នកឧកញ៉ាម៉ៅ ចំណាន បានប្រកាសទិន្នន័យថវិការនេះនៅចំពោះមុខក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមលោកជំទាវបណ្ឌិតពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ កាលពីថ្ងៃទី៦ ខែសីហា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ប្រភពបានឲ្យដឹងថាភ្ញៀវដែលចូលរួម ពិសេសអ្នកសិល្បករមានចិត្តសប្បាយរីករាយ នៅពេលដែលឭសេចក្ដីប្រកាសពីទឹកប្រាក់ដែលត្រឹមតែ៣ខែសោះ សមាគមមួយនេះមានលុយតម្កល់ច្រើនដល់ម្លឹងទៅហើយ ដែលនេះឆ្លុះបញ្ចាំងពីភាពប៉ិនប្រសព្វរបស់លោកជំទាវអ្នកឧកញ៉ាមហាសេដ្ឋីរូបនេះថាឥទ្ធិពលពិតជាមិនធម្មតាឡើយ ។
លោកជួង ជី ហៅនាយកុយ បានប្រាប់”នគរធំ” តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ សីហា ថាលោកក៍បានចូលរួមកិច្ចប្រជុំរបស់សមាគមកាលពីថ្ងៃទី៦ សីហា ដែរ តែលោកមិនបានចាំថាថវិការពេលនេះលោកជំទាវប្រម៉ូលបានប៉ុន្មានហើយទេ ព្រោះអត់បានកត់ទុក ប៉ុន្ដែលោកជំទាវបានប្រកាសហើយ។នាយកុយ បន្ថែមថាប្រធានសមាគមសិល្បករខ្មែរអាណត្តិនេះគាត់ជាសេដ្ឋីនី ភរិយារបស់មហាសេដ្ឋី អីចឹងរឿងលុយកាក់មិនដូចមុនទេ ព្រោះមានសប្បុរសជនជាច្រើនបានឧបត្ថម្ភចូលសមាគមជាបន្ដបន្ទាប់មានទាំងអ្នកខ្លះជួយប្រចាំឆ្នាំតែម្ដង។លោកជួង ជី ថាក្នុងនាមលោកជាព្រឹទ្ធាចារ្យ និងជាទីប្រឹក្សារ ម្នាក់របស់សមាគមលោកពេញចិតុ្ត និងការដឹកនាំរបស់លោកជំទាវចំណាន ទាំងស្រុង ព្រោះធ្វើឲ្យសិល្បករមានសកម្មភាពចូលរួមតាមកម្មវិធីនានាច្រើន ហើយក្នុងនោះលោកបានចូលរួមប្រជុំចំនួន២ទៅ៣លើកមកហើយ ។
ក្រៅពីប្រម៉ែប្រម៉ូលលុយចូលសមាគមបានច្រើន ត្រឹមតែរយៈពេលជាង១០០ថ្ងៃ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរ នោះលោកជំទាវអ្នកឧកញ៉ាបញ្ចេញស្នាដៃដ៍លេចធ្លោមួយទៀតកាលពីចុងខែកក្កដា គឺបានផ្សះផ្សារជម្លោះដ៍ក្ដៅគគុករវាងអ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា ដែលអូសបន្លាយជាច្រើនឆ្នាំរហូតឈានដល់ប្ដឹងផ្ដល់គ្នាដល់តុលាការ នោះពេលនេះតារាទាំងពីរក្លាយទៅជារាប់អានគ្នាជារៀមច្បងនិងសិស្សប្អូនក្នុងសិល្បៈវិញ។ប្រភពបានឲ្យដឹងថាអ្នកឧកញ៉ាស្រីតូច ចំណាន ក៍មានគម្រោងនាំសិល្បករខ្មែរទៅផ្សព្វផ្សាយពីអរិយធ័ម វប្បធ័មខ្មែរនៅបរទេសនាពេលខាងមុខនេះផងដែរ។
គួររំលឹកថាអតីតតារាសម្ដែង និងពិធីការិនីអ្នកនាងស្រីតូច ចំណាន បានចាកចេញពីសិល្បៈជាច្រើនឆ្នាំ ក្រោយនាងបានក្លាយទៅជាភរិយាអ្នកឧកញ៉ាគិត ម៉េង មានកូន៤នាក់(ស្រី២) ហើយបានរៀបការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ។អ្នកឧកញ៉ាម៉ៅ ចំណាន បានជាប់ឆ្នោតជាប្រធានសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយសន្លឹកឆ្នោតបោះគាំទ្រដល់ទៅ៥២៧ សម្លេង ឬស្មើ៩៣% ក្នុងចំណោមសិល្បករមានសិទ្ធិទៅបោះឆ្នោតសរុបចំនួន៦០០នាក់ ។តាមប្រភពថាក្រោយក្លាយទៅជាប្រធានសិល្បករខ្មែរអាណត្តិថ្មីនេះអ្នកឧកញ៉ាម៉ៅ ចំណាន បានតែងតាំងតារាសម្ដែងនៅ សុនិតា ដែលជាភរិយាលោកទិត្យ ថាវរិទ្ធ ឲ្យធ្វើជាអនុប្រធានសមាគម និងជាប្រធានផ្នែកពិធីការរបស់សមាគមមួយនេះផងដែរ ។ក្រុមសិល្បករ ក៍ដូចជាអ្នកតាមដានវិស័យសិល្បៈខ្មែរ រងចាំមើលថាតើក្នុងអាណត្តិ៥ឆ្នាំ(២០២៤ -២០២៩ )អ្នកឧកញ៉ាម៉ៅ ចំណាន នឹងកែប្រែមុខមាត់សមាគមសិល្បករខ្មែរអាណត្តិទី៦ នេះអ្វីខ្លះបន្ថែមទៀត ?