Friday, October 18, 2024
Homeតារាខ្មែរព្រាប សុវត្ថិ មិនទាន់ចាប់ដៃឱក សុគន្ធកញ្ញា

ព្រាប សុវត្ថិ មិនទាន់ចាប់ដៃឱក សុគន្ធកញ្ញា

ព្រាប សុវត្ថិ នៅតែរក្សាបានតំណែងជាតារាឈានមុខគេនៅផលិតកម្មរស្មីហង្សមាស ដដែល គិតត្រឹមឆ្នាំ២០១៦ បើទោះជាពេលនេះ លោកមានវ័យជាង៤០ឆ្នាំ និងមានកូនប្រុសទាំង៣ កំលោះអស់ទៅហើយក្តី។ មហាជនចង់ឃើញតារាល្បីនាំមុខគេផ្នែកបុរសនៅហង្សមាស ព្រាប សុវត្ថិ និងតារាស្រីឈានមុខគេនៅទ្រនំតែមួយ ឱក សុគន្ធកញ្ញា ចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយឡើងវិញ បន្ទាប់ពីអ្នកទាំង២ ទទួលបានការគាំទ្រខ្លាំងតាមរយៈបទ “លះបង់ឱ្យអ្នកទី៣” មក។ ប៉ុន្តែ ទស្សនិកជនប្រហែលជាខកចិត្តជាមិនខាន ព្រោះតាមប្រភពពីបុគ្គលិកនៅហង្សមាស បានឱ្យដឹងថា ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា នៅតែមិនសូវចុះសម្រុងគ្នាដដែល ដូចនេះគឺមិនអាចច្រៀងឆ្លងឆ្លើយគ្នាដូចមុនបាននោះទេ។

ប្រភពបានឱ្យដឹងថា ព្រាប សុវត្ថិ-ឱក សុគន្ធកញ្ញា មើលពីខាងក្រៅ គឺហាក់មានការយោគយល់ចិត្តគ្នាខ្លាំងណាស់ តែតាមពិត គឺអ្នកទាំង២មិនសូវត្រូវគ្នាឡើយ។

ព្រាប សុវត្ថិ ជាតារាមិនមានការកុងត្រាជាមួយហង្សមាសទេ ដូចនេះ បទចម្រៀងដែលដាក់មក លោកមិនពេញចិត្តច្រៀងជាមួយតារារូបណា ហង្សមាស ក៏មិនហ៊ានបង្ខំដែរ ជាក់ស្តែងឈិត សុវណ្ណបញ្ញា ដែលជ្រកនៅហង្សមាស ១១ឆ្នាំទៅហើយនោះ មិនទាន់មានបទចម្រៀងមួយបទណាឆ្លងឆ្លើយជាមួយព្រាប សុវត្ថិ ឡើយ។ ប៉ុន្តែ ការដែលព្រាប សុវត្ថិ នៅតែមិនព្រមច្រៀងជាមួយឱក សុគន្ធកញ្ញា នាពេលនេះ គឺត្រូវបានប្រភពដែលស្និទ្ធបង្ហើបថា ដោយសារតែសុគន្ធកញ្ញា ពេលឡើងកូដ មោទនភាពខ្លាំងពេក ទើបធ្វើឱ្យព្រាប សុវត្ថិ អន់ចិត្ត។

ទោះជាយ៉ាងណា ជុំវិញដំណឹងលេចឮខាងលើនេះ មិនអាចទាក់ទងសុំការបំភ្លឺពីតារាល្បីទាំង២ដួង បានទេ កាលពីពេលថ្មីៗនេះ។ ប៉ុន្តែ មហាជនមើល ឃើញថា តារាល្បីទាំង២ ព្រាប សុវត្ថិ-ឱក សុគន្ធកញ្ញា សុទ្ធតែមានចរិតថ្លៃថ្នូរដូចគ្នា ដូចនេះ ការលេចឮថា ពួកគេមានទំនាស់នោះ ជាការច្រណែនឈ្នានីសពីតារាខ្លះក៏ថាបានដែរ…៕

RELATED ARTICLES