Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆ.../ក់ប៉ះស្រីស្អាតជើងក.../ន្ត្រៃហោះ ជាប់.../ខ្នោះ៦

ចោរឆ…/ក់ប៉ះស្រីស្អាតជើងក…/ន្ត្រៃហោះ ជាប់…/ខ្នោះ៦

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន២នាក់ បានចេញធ្វើសកម្មភាពឆក់កាបូប ចំនួន២លើកផ្ទួនៗគ្នា ដោយលើកទី១ ឆក់កាបូបគូស្នេហ៍មួយគូ បានសម្រេច លុះរំលងបានជាង១ម៉ោង ចេញឆក់កាបូបស្រីស្អាត ៣នាក់ ដែលទើបចេញពីក្លឹប ប៉ះស្រីស្អាតចេះក្បាច់គុនជើងកន្ត្រៃហោះ ហក់ធាក់ បណ្តាលឱ្យដួលម៉ូតូ និងផ្អើលដល់សន្តិសុខក្បែរនោះចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួនបក្ខពួកបានចំនួន ៤នាក់ ទៀត សរុប៦នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់កាបូបទាំង២ករណី បានកើតឡើងបន្តបន្ទាប់គ្នា ក្នុងចន្លោះត្រឹមតែរយៈពេលជាង ១ម៉ោងប៉ុណ្ណោះ ដោយករណីទី១- កើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចកាស៊ីណូអិលភីភីស្កាយ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ករណីទី២-កើតនៅវេលាម៉ោង៣និង៣៤នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្បែរក្លឹបរាត្រី មិចក្លឹប ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួល ពាក្យបណ្តឹងពីឈ្មោះ WATETLIKOLES ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិក ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយបានរាយការណ៍ប្តឹងថា មានជនមិនស្គាល់អត្ត សញ្ញាណ បានឆក់កាបូបរបស់សង្សារខ្លួន។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោង ២និង១២នាទីរំលងអធ្រាត្រ ឈានថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ រូបខ្លួន (ជនរងគ្រោះ) និងសង្សារបានមកពីញ៉ាំអីនៅខាងក្រៅ រួចបានជិះម៉ូតូត្រឡប់ មកផ្ទះវិញ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកាស៊ីណូ អិលភីភីស្កាយ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ២នាក់ ភេទប្រុស ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានឆក់កាបូបសង្សាររបស់ខ្លួន ដែលកំពុងជិះពីក្រោយ យកទៅបាត់ ដោយនៅក្នុងកាបូបនោះ រួមមាន ទូរស័ព្ទ ចំនួន៤គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ប្រផេះ ចំនួន១គ្រឿង ម៉ាក iPhone 12Pro Max ពណ៌មាស ចំនួន១គ្រឿង ម៉ាក  iPhone 11Pro Max ពណ៌បៃតងចាស់ ចំនួន១គ្រឿង និងម៉ាក Xiaomi ពណ៌ខ្មៅ ចំនួន១គ្រឿង) iPad ១គ្រឿង លុយ៣០០០បាត កាតធនាគារឥណ្ឌូនេស៊ីចំនួន១ កាត ABA ចំនួន១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌូនេស៊ីឈ្មោះ AYUARDAN SYAH ចំនួន១។

បន្ទាប់មក នៅវេលាម៉ោង៧ព្រឹក ថ្ងៃដដែលនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីឈ្មោះសុខ ជីវ៉ា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានរាយការណ៍ប្តឹងថា មានជនមិនស្គាល់ អត្តសញ្ញាណ មានគ្នាចំនួន២នាក់ ភេទប្រុស ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ មិនចាំស្លាកលេខ ឆក់កាបូបរបស់ខ្លួន។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ រូបនាងនិងមិត្តភក្តិ ជាជនជាតិថៃ ស្រីៗ២នាក់ទៀត បាននាំគ្នាទៅលេងក្លឹបរាត្រី មិចក្លឹប ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់វេលាម៉ោង ៣និង៣៤ នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ពួកនាង ក៏បាននាំគ្នាចេញពីក្លឹប ដើរទៅ Big C ដែលនៅក្បែនោះ ដើ ម្បីទៅរកទិញអីហូប ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន២នាក់ ភេទប្រុស ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ បានជិះមកពីក្រោយ រួចបានឆក់កាបូបរបស់នាង ដែលស្ពាយនៅចំហៀងដៃខាងឆ្វេង នៅពេលនោះ មិត្តភក្តិរបស់នាងម្នាក់ បានស្ទុះទៅធាក់ម៉ូតូរបស់ចោរឆក់កាបូបនោះ បណ្តាលឱ្យដួល រួចក៏បានទៅដណ្តើមយកកាបូបពីជនសង្ស័យមកវិញ ហើយសន្តិសុខនៅក្បែនោះ បានមកជួយចាប់ជនសង្ស័យទាំង២នោះបាន រួចសមត្ថកិច្ចក៏បានយកជនសង្ស័យទាំង២នាក់ ទៅសាកសួរបន្ត។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះឆៃ គង់ឆាយ ហៅអ៊ូ ភេទប្រុស អាយុ១៥ឆ្នាំ និងទី២-ឈ្មោះប៊ុន សំណាង ភេទប្រុស អាយុ១៣ឆ្នាំ។ ចំពោះវត្ថុតាងដកហូត រួមមាន ទូរស័ព្ទ ចំនួន២គ្រឿង មានម៉ាក iPhone 12Pro Max និង iPhone 11Pro Max (ជារបស់ជនរងគ្រោះ)។

ក្រោយពីធ្វើការសួរ ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួកផ្សេងទៀត ពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះទាំង២ករណីខាងលើប្រាកដមែន ហើយកន្លងមកក៏ធ្លាប់បានធ្វើសក ម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ចំពោះទូរស័ព្ទ ចំនួន២គ្រឿងទៀត និង iPad ព្រមទាំងលុយ រួមនិងសម្ភារៈរបស់ជនរងគ្រោះ គឺនៅបក្ខពួក ឈ្មោះលី ជើរ ភេទប្រុស អាយុ១៦ឆ្នាំ។

បន្ទាប់មក នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តស្រាវជ្រាវចាប់បានក្រុមបក្សពួកជនសង្ស័យខាងលើ ជាបន្តបន្ទាប់ ចំនួន៤នាក់ បន្ថែមទៀត រួមមាន ទី១-ឈ្មោះឡុង ឡងតា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះវឹង ជេមប៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះសម្បត្តិ សៀងហៃ ហៅប៊ីតូច ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះវ៉ាន់ សុភា ភេទប្រុស អាយុ១៦ឆ្នាំ មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះឡុង ឡងតា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពឆក់ជាមួយជនសង្ស័យខាងលើ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ប្រាកដមែន។ ចំណែកឈ្មោះវឹង ជេមប៊ី ឈ្មោះសម្បត្តិ សៀងហៃ ហៅប៊ីតូច និងឈ្មោះវ៉ាន់ សុភា បានឆ្លើយ សារភាពថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ពួកខ្លួនមិនបានចេញធ្វើសកម្មភាពជាមួយពួកគេឡើយ តែពួកខ្លួនជាបក្ខពួកក្រុមជាមួយគ្នា និងធ្លាប់ធ្វើសកម្ម ភាពចេញឆក់កាបូប ឬទ្រព្យសម្បត្តិរបស់ជនបរទេស ដែលធ្វើដំណើរតាមផ្លូវក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត យ៉ាងសកម្មក្នុង រយៈពេលកន្លងមក។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើ នៅមានបក្ខពួកផ្សេងទៀត កំពុងរត់គេចខ្លួន ក្នុងនោះ មានដូចជា ឈ្មោះលីជើរ ឈ្មោះធាន ឈ្មោះចាវ ឈ្មោះប៊ិន ឈ្មោះតូច និងបក្ខពួកផ្សេងទៀត ដែលជាក្រុមមុខសញ្ញាក្មេងទំនើងធ្វើសកម្មភាពលួចដោយឆក់យ៉ាងសកម្ម ហើយកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ដោយឡែកសម្ភារៈ រឹបអូសបានពីជនសង្ស័យ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

RELATED ARTICLES