ខេត្តព្រះសីហនុ ៖ តូបលក់នំរបស់អាជីវករ នៅក្នុងផ្សារចិន កណ្តាលក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់ក្បែរនោះ រាយការណ៍ប្រាប់សមត្ថ កិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្សារចិន ក្នុងក្រុម៣០ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា តូបដែលឆេះនោះ សង់ពីថ្ម ប្រក់សង្ក័សី មានទំហំទទឹង៣ម៉ែត្រ គុណនឹង បណ្តោយ៤ម៉ែត្រ មានម្ចាស់ឈ្មោះស៊ុន ស្រីកែវ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ ចំពោះសម្ភារៈខូចខាត រួមមាន សម្ភារៈសម្រាប់ធ្វើនំ រួមនិងរបស់របរប្រើប្រាស់ទាំងស្រុង តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ក្នុងករណីអគ្គិភ័យខាងលើ កម្លាំងបង្ការនិងពន្លត់អគ្គិភ័យ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២គ្រឿង មកអន្តរាគមន៍ និងបានប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ធ្វើឱ្យភ្លើងបានរលត់ជាស្ថាពរ៕