ភ្នំពេញ ៖ ស្រ្ដី២នាក់បងប្អូនបានជិះម៉ូតូជូនបងស្រី ទៅធ្វើការនៅកោះពេជ្រ ត្រូវជនសង្ស័យម្នាក់បានជិះម៉ូតូមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃបានសំរេច តែអកុសលរត់គេចខ្លួនអត់រួចក៍ត្រូវបានប្រជាពលរដ្ធចាប់ឃាត់ខ្លួនបានរួចក៍ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិកដើម្បីធ្វើការសាកសួរ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ទល់មុខផ្ទះលេខ៣៦៨Eo ផ្លូវ១៦៣ ក្រុម៣៨ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ យ៉ែម យ៉ុម ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មុខរបររត់ម៉ូតូឌុប ។ ជនរងគ្រោះមានឈ្មោះតាំង គឹម លាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤៦២Dផ្លូវ៩៣ ក្រុម២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ដកហូតម៉ូតូម៉ាកហុងឌ្រីម សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU 3786 របស់ជនសង្ស័យជិះធ្វើសកម្មភាព មួយគ្រឿង ។ ទូរស័ព្ទដែលជនសង្ស័យឆក់យកម៉ាក Samsung Galaaxy Note 5 ពណ៌មាស ។
តាមសម្ដីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានដឹកបងស្រីបង្កើតចេញពីផ្ទះនៅម្តុំបឹងត្របែកទៅធ្វើការនៅកោះពេជ្រ ដោយបានជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CC 8104 បានធ្វើដំណើរតាមផ្លូវ ១៦៣ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំនុចកើតហេតុក៍ឈប់ម៉ូតូ ចុះទៅគ្រឿងម្ជូរហូប ស្រាប់តែពេលនោះក៍លេចមុខជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកហុងឌ្រីម សេរីឆ្នាំ២០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BU 3786 បានជិះមកជិតរួចបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃដែលជនរងគ្រោះដាក់ក្នុងឃ្លុបម៉ូតូខាងមុខបានសម្រេចរួចហើយបានបន្ថែមល្បឿនម៉ូតូព្យាយាមបើករត់ប្រមាណ១០ម៉ែត្រ ស្របពេលនោះជនរងគ្រោះ បានស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ជួយស្ទាក់ចាប់បាន រួចក៍ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិក ដើម្បីធ្វើការសាកសួរ ។
នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីជនរងគ្រោះពិតប្រាកដមែន តែពេលឆក់ហើយជិះរតអត់រួចក៍ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានរួចប្រគល់អោយសមត្ថកិច្ចតែម្ដងទៅ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលអូឡាំពិក
ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌ
ចំការមនដើម្បីចាត់ការបន្ត ៕ ណន អ៊ាត