ទីផ្សារយានយន្ត៖ សមាគមផលិតគ្រឿងចក្រចិនបានឲ្យដឹងថាការលក់អេស្កាវ៉ាទ័រក្នុងប្រទេសចិនបានកើនឡើង៥៤%ក្នុងខែមករាធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៦ ស្របពេលដែលការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលដែលជាសញ្ញាមួយនៃការរើបឡើងវិញក្នុងវិស័យឧស្សាហកម្មគ្រឿងចក្រធុនធ្ងន់។
សមាគមបានឲ្យដឹងកាលពីម្សិលមិញថាអេស្កាវ៉ាទ័រជាង៤.៥០០គ្រឿងត្រូវបានលក់ចេញក្នុងខែមករាឆ្នាំ២០១៧ ជាមួយនិងកំណើន១៧,៤%ក្នុងការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធសរុបមានចំនួនទឹកប្រាក់១,៧ទ្រីលានដុល្លារកាលពីឆ្នាំទៅ។
ទន្ទឹមនិងនេះការរើបឡើងនៃឧស្សាហកម្មគ្រឿងចក្រធុនធ្ងន់ក៏បានជួយដល់ផ្សារហ៊ុននៃក្រុមហ៊ុនផលិតគ្រឿងចក្រដែលបានចុះបញ្ជីជួញដូរលើផ្សារមូលបត្រក្រុងស៊ិនជិន កើនឡើងប្រចាំថ្ងៃក្នុងព្រំដែនកំណត់១០%ឬស្មើនឹង៣,៨០យន់ចំណែកផ្សារហ៊ុនក្រុមហ៊ុនឧស្សាហកម្មនេះដែលជួញដូរនៅលើផ្សារមូលបត្រសៀងហៃកើន១,៦៦%ឬស្មើនឹង៧,៣៦យន់។
ចំណែកការលក់រថយន្តប្រើប្រាស់ថាមពលថ្មី(អគ្គិសនី)របស់ចិនកើនឡើងជាង៥០%ផងដែរ។ ក្នុងនោះសមាគមក្រុមហ៊ុន ផលិតរថយន្តចិនបានថ្លែងថាទីផ្សារលក់រថយន្តប្រើប្រាស់ថាមពលថ្មីរបស់ចិនត្រូវបានគេរពឹងថានឹងរក្សាបាននូវកំណើនរបស់ខ្លួនប្រមាណជា៥០%ក្នុងឆ្នាំនេះស្របពេលដែលម៉ូដែលចេញថ្មីជាច្រើននឹងត្រូវបានដាក់បង្ហាញលើទីផ្សារ ។
អគ្គលេខាធិការរងនៃសមាគមលោក Xu Yanhua បានថ្លែងថាការលក់រថយន្តប្រើថាមពលថ្មីត្រូវបានគេវាយតម្លៃនូវកំណើន៥៧%ធៀបនឹងឆ្នាំ២០១៦ឬលក់ដាច់បានចំនួន៨០ម៉ឺនគ្រឿងក្នុងឆ្នាំ២០១៧ ។
ឆ្នាំនេះ៧៣ម៉ូដែលនៃរថយន្តត្រកូលប្រើថាមពលថ្មីត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បង្ហាញលក់ក្នុងទីផ្សារនេះកើនឡើង៨០%ពីមួយឆ្នាំទៅមួយឆ្នាំ ។
ក្រសួងពាណិជ្ជកម្មបានថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ថាមានរថយន្តប្រើថាមពលថ្មីប្រមាណជា៥០៧.០០០គ្រឿងត្រូវបានលក់ចេញក្នុងប្រទេសចិនអំឡុងឆ្នាំ២០១៦ កើនឡើង៥៣%ពីមួយឆ្នាំទៅមួយឆ្នាំ ។ ការលក់រថយន្តប្រើថាមពលអគ្គិសនីកើនឡើង៦៥,១%ធៀបនឹងឆ្នាំមុនឬលក់បាន៤០៩.០០០គ្រឿង។
កំណើននៃរថយន្តប្រើថាមពលថ្មីត្រូវបានជំរុញតាមរយៈវិធានការណ៍របស់រដ្ឋាភិបាលក្នុងការជួយដល់ការអភិវឌ្ឍក្នុងទីផ្សាររថយន្តប្រើថាមពលថ្មី ស្របពេលដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសន្សំសំចៃថាមពលនិងការពារបរិស្ថាន។
ការលក់ប្រចាំឆ្នាំនៃរថយន្តប្រើថាមពលថ្មីរបស់ចិនស្មើនឹង៤០%នៃបរិមាណសរុបទាំងអស់នៅលើទីផ្សារសកលលោក។ ចិនបានវ៉ាដាច់សហរដ្ឋអាមេរិកប្រែក្លាយជាមជ្ឈមណ្ឌលលក់រថយន្តប្រភេទនេះដាច់ជាងគេលើពិភពលោកក្នុងឆ្នាំ២០១៦ ។ សហរដ្ឋអាមេរិកលក់ដាច់បានត្រឹមតែ១៦ម៉ឺនគ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០១៦ ។
គួររំលឹកថាសៀងហៃ ប៉េកាំង ស៊ិនជិន ក្វាងចូវ និងចឹងទូ ជាក្រុងលំដាប់កំពូលទាំង៥ ដែលជាអ្នកផលិតនិងលក់រថយន្តប្រភេទនេះក្នុងខែមករាឆ្នាំ២០១៧ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា