Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សជ.../ក់បារីអេឡិចត្រូនិក គ្រូចា.../ប់បាន ខ្លាចម៉ែឪ.../វ៉ៃ មិនហ៊ា.../នចូលផ្ទះ

សិស្សជ…/ក់បារីអេឡិចត្រូនិក គ្រូចា…/ប់បាន ខ្លាចម៉ែឪ…/វ៉ៃ មិនហ៊ា…/នចូលផ្ទះ

ភ្នំពេញ ៖ ក្មេងប្រុសអាយុក្រោម១០ឆ្នាំ ចំនួន២នាក់ ជាសិស្សសាលាបឋមសិក្សាឫស្សីកែវ ត្រូវគ្រូចាប់បានកំពុងជក់បារីអេឡិចត្រូនិក នៅក្នុងសាលា បន្ទប់មកគ្រូបានរាយការណ៍ទៅឪពុកម្តាយ ធ្វើឱ្យក្មេងទាំង២នាក់ ខ្លាចឪ ពុកម្តាយស្តីបន្ទោស និងវាយ ទើបមិនហ៊ានចូលផ្ទះ ធ្វើឱ្យឪពុកម្តាយភ័យឆោឡោតាមរកកូន អស់១យប់១ថ្ងៃ ទើបប្រទះឃើញ។

ករណីសិស្ស២នាក់ បាត់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចសាលាបឋមសិក្សាឫស្សីកែវ។ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ទើបឪពុកម្តាយបានរកពួកគេឃើញ នៅផ្លូវ អូតែលសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា។

 ក្មេងប្រុសទាំង២នាក់  ទី១-ឈ្មោះ ស.ស.ក.ដ ភេទប្រុស អាយុ៨ឆ្នាំ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទី២-ឈ្មោះ វ.ត.ច.ន.ទ ភេទប្រុស អាយុ១០ឆ្នាំ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ សាលាបឋមសិក្សាឫស្សីកែវ បានប្រកាសបាត់ក្មេងប្រុសជាសិស្ស ចំនួន២នាក់ខាងលើ បន្ទាប់ពីនាយកសាលា ចាប់បានក្មេងប្រុសទាំង២នាក់ កំពុងសម្ងំជក់បារីអេឡិចត្រូនិក នៅក្នុងសាលា។

បន្ទាប់ចាប់ពួកគេយកមកទីចាត់ការ ដើម្បីអប់រំណែនាំរួច លោកគ្រូនាយក បានរាយការណ៍ទៅអាណាព្យាបាលរបស់ពួកគេ ឱ្យបានដឹងរឿង អំពីកូនៗរបស់ពួកគាត់ ដើម្បីអប់រំណែនាំ កាត់ផ្តាច់ឬឈប់ជក់បារីអេឡិចត្រូនិកទៀត។

 ក្រោយពីនោះ រួចមក ក្មេងប្រុសទាំង២នាក់ ភ័យខ្លាចម៉ែឪវ៉ៃ ទើបមិនហ៊ានចូលផ្ទះ ពេញមួយយប់ ធ្វើឱ្យឪពុកម្តាយរបស់ពួកគេតាមស្វែងរកកូនគ្រប់ទីកន្លែង តែមិនឃើញ ទើបស្នើសុំឱ្យអ្នកសារព័ត៌មានជួយផ្សាយជាសារធារណៈ ឱ្យមហាជនបានដឹង និងជួយផ្តល់ព័ត៌មានមកកាន់ពួកគាត់ បើបានឃើញកូនរបស់ពួកគាត់។

រហូតមកដល់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្មេងទាំង២នាក់ ត្រូវបានរកឃើញវិញ នៅក្បែរស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយអ្នកលក់ដូរតាមផ្លូវ បានប្រទះឃើញ និងឃាត់ក្មេងនោះទុក រួចទំនាក់ទំនងទៅអាណាព្យាបាលរបស់ពួកគេ ដើម្បីនាំយកកូនត្រឡប់ទៅផ្ទះវិញ ។ តាមការបញ្ជាក់ប្រាប់ពីក្មេងទាំង២នាក់ ក្នុងពេលដែលពួកគេបាត់១យប់នោះ គឺពួកគេទៅដេកនៅតាមមាត់ទន្លេ ត្រើយម្ខាង៕

RELATED ARTICLES