Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ.../២ យកភាស៊ីអ្នកលក់តាមកញ្ច្រែងល្អី

វ៉ៃ…/ខ្នោះ…/២ យកភាស៊ីអ្នកលក់តាមកញ្ច្រែងល្អី

ភ្នំពេញ ៖ បុរស ២នាក់ ត្រូវបានអាជ្ញាធរនិងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ធ ធ្វើការឃាត់ខ្លួន ក្រោយធ្វើតាមបញ្ជារបស់បុរសម្នាក់ទៀត ដែលអះអាងថា ខ្លួនគឺជាមន្ត្រីរាជ ការ និងជាម្ចាស់ការដ្ឋានសំណង់មួយកន្លែង ឱ្យដើរប្រមូលលុយពីប្រជាពលរដ្ឋក្រីក្រ ដែលជាអ្នករកស៊ីលក់ដូរតាមកញ្ច្រែង-ល្អី។

ការឃាត់ខ្លួនបុគ្គលទាំង២នាក់ បានធ្វើឡើងនៅវេលាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិ៍ចិនតុង ក្បែរកន្លែងទារប្រាក់ខាងលើ ក្នុងភូមិតាងួង១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បុគ្គលទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះថៃ ឈឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានលំនៅ ផ្ទះលេខ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងទី២-ឈ្មោះចាន់ ម៉េន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងមានលំនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បុរសទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគាត់ដើរប្រមូលប្រាក់ពីអ្នកលក់ដូរខាងលើតាមបញ្ជារបស់បុរសម្នាក់ ឈ្មោះកែវ វ៉ា អាយុ៤៦ឆ្នាំ មុខរបរជាមន្ត្រីរាជការ និងជាម្ចាស់ការដ្ឋានសំណង់ នៅជិតកន្លែងកើត ហេតុខាងលើ។ ខណៈនេះ អ្នកបញ្ជាឱ្យដើរប្រមូលប្រាក់រូបនោះ ពុំទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅឡើយទេ ។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា បុគ្គលទាំង២នាក់នេះ បានធ្វើសកម្មភាពដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋក្រីក្រ ដែលជាអ្នករកស៊ីលក់ដូរតាមតាមកញ្ច្រែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារ ពោធិ៍ចិនតុង ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រយៈពេល ៣ថ្ងៃមកហើយ ដោយក្នុងមួយកន្លែងៗ យកចាប់ ពី៥ពាន់ ទៅ១ម៉ឺនរៀល ដែលបានបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រោះតែពួកគាត់លក់ដូរមិនសូវដាច់ផង ហើយក្នុង១ថ្ងៃៗ រកប្រាក់ចំណេញបានតិចតួចផង។

ប្រភពដដែល បន្តថា ទង្វើបែបនេះ នាំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរ ហើយបានបំពានយ៉ាងធ្ងន់លើសារាចរណែនាំ លេខ១១ ស.រ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំ២០១៦ “ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី” ដើម្បីកាត់បន្ថយភាពក្រីក្រនិងទុក្ខលំបាកខ្វះខាតដល់ប្រជាពលរដ្ឋរកស៊ីតូចតាចបែបនេះ។  មិនតែប៉ុណ្ណោះ ដោយអនុវត្តតាមសារាចរណែនាំរបស់រាជ រដ្ឋាភិបាល ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំមួយ “ស្តីពីការមិនប្រមូលចំណូលភាស៊ី និងការ បង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ”។

ប្រភពខាងលើ បញ្ជាក់ថា សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចមកហើយ ស្រាប់តែបុគ្គលទាំង២នាក់ខាងលើនោះ បានបំពាន ទើបកម្លាំងអាជ្ញាធរ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែន ជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ធ ចុះទៅធ្វើការឃាត់ខ្លួន ដើម្បីនាំទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់តែម្តង។

ក្រោយពេលនាំខ្លួនទៅដល់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បុរសទាំង២នាក់ខាងលើ បានសារភាពថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឈ្មោះកែវ វ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាមន្ត្រីរាជការ បានឱ្យពួកខ្លួនយាមការដ្ឋានសំណង់របស់គាត់ ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មក ឈ្មោះកែវ វ៉ា នោះបានប្រើឱ្យពួកខ្លួនដើរប្រមូលប្រាក់ ពីអ្នកលក់នៅតាមផ្លូវលេខ២០០៦ មុខក្បាលដីរបស់ឈ្មោះកែវ វ៉ា ដោយយក១កន្លែង ៥ពាន់រៀល និងកន្លែងខ្លះទៀត ១ម៉ឺនរៀល តាមអ្នកលក់តិចឬច្រើន។

ជនសង្ស័យ បានសារភាពបន្តថា បន្ទាប់ពីប្រមូលបានប្រាក់នោះហើយ ខ្លួនបានយកទៅប្រគល់ឱ្យឈ្មោះកែវ វ៉ា ជាអ្នកចាត់ចែង ហើយលោកវ៉ា បានដកឱ្យត្រឡប់មកវិញ ១ម៉ឺន ទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្រាប់តែកម្លាំងអាជ្ញាធរសមត្ថកិច្ច ចុះធ្វើការឃាត់ខ្លួនពួកគេទាំង២នាក់ នាំទៅសាកសួរតែម្តង៕

RELATED ARTICLES