ខេត្តកំពង់ឆ្នាំង ៖ សិស្សវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដែលមានទីតាំងនៅភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង មានកើតមានអាការថប់ដង្ហើប ទន់ដៃជើង ដួលសន្លប់បន្តបន្ទាប់ គ្នារយៈ២ថ្ងៃជាប់គ្នា មានចំនួនរហូតដល់ ទៅ២៥នាក់ (ប្រុស១)។
លោកឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា ករណីនេះកើតឡើង រយៈពេល២ថ្ងៃជា ប់គ្នា គឺនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដោយមានសិស្សដួលសន្លប់ សរុប២៥នាក់ (ប្រុស១)។ សិស្សរងគ្រោះទាំងនោះត្រូវបានលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ បានយកឡានដឹកទៅសង្គ្រោះបឋម នៅមណ្ឌលសុខភាពឃុំធ្លកវៀន។
ជាមួយគ្នានេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ រដ្ឋបាល ឃុំធ្លកវៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំធ្លកវៀន បានចុះជួយអន្តរាគមន៍ពិនិត្យស្ថានភាពជាក់ស្តែងនៅមណ្ឌលសុខភាពឃុំធ្លកវៀន។ ប៉ុន្តែដោយសារមណ្ឌលសុខភាព ពុំមានសម្ភារបរិក្ខារសង្គ្រោះគ្រប់គ្រាន់ ទើបក្រុមការងារសម្រេចបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច តាមរថយន្តសង្គ្រោះ។
ជុំវិញករណីខាងលើ លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ករណីនេះជាចង្កោមរោគសញ្ញាជ្រួលច្របល់អារម្មណ៍ កើតចេញពីសិស្សម្នាក់បង្កឱ្យមានការដួលសន្លប់តគ្នា មិនមានរោគវិនិច្ឆ័យអ្វីពីនេះឡើយ។
ក្រោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ស្រុក ជាពិសេសមានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នសិស្សមានអាការធូរស្រាល និងចាកចេញត្រឡប់ទៅផ្ទះវិញ ចំនួន១៤នាក់ហើយ ដោយឡែកសិស្សស្រីចំនួន១១នាក់ទៀត បន្តការថែទាំ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច៕