ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យលោក រស់ សារ៉ុម ប្រធានកិត្តិយសសមាគមជ័យលាភីបញ្ញា ជនកម្ពុជា បង្កើតគណបក្សសន្តិភាពជាតិ តាមការស្នើសុំ តែក្រសួងតម្រូវឲ្យស្ថាបនិបគណបក្សនេះ រៀបចំបែប បទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងរយៈពេល ១៨០ថ្ងៃ ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ លេខ ២៥៧៨ សជណ ចុះថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រាបជូនលោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្សសន្តិភាពជាតិ ក្នុងកម្មវត្ថុ ៖ ស្តីពីសំណើសុំបង្កើត “គណបក្សសន្តិភាពជាតិ” សរសេរអក្សរកាត់ថា “គ.ស.ជ” ដោយយោង ៖ -ច្បាប់ស្តីពីគណបក្សនយោបាយ -លិខិតលេខ២០៤៩ សជណ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ -ពាក្យសុំបង្កើតគណបក្សនយោបាយ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៨ របស់លោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្ស មានខ្លឹមសារថា «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោកតំណាងស្ថាបនិកគណបក្សជ្រាបថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សសន្តិភាពជាតិ សរសេរអក្សរកាត់ថា “គ.ស.ជ” ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ៦៩z ផ្លូវបេតុង ភូមិអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
ដូច្នេះដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈ ពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសន្តិភាពជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
អាស្រ័យហេតុនេះ សូមលោកតំណាងស្ថាបនិកគណបក្ស ជ្រាបនិងចាត់ចែងអនុវត្តតាមស្មារតីខាងលើ ដោយការទទួលខុសត្រូវ“ ។
ឆ្លើយតបទៅក្រសួងមហាផ្ទៃ ដូចខាងលើនេះ លោក រស់ សារ៉ុម ស្ថាបនិកគណបក្សសន្តិភាពជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ថា ក្នុងនាមជាប្រធានបណ្ដោះអាសន្ន នៃគណបក្សសន្តិភាពជាតិ លោកសូមជម្រាបថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខ គណបក្សសន្តិភាពជាតិ នឹងជួបប្រជុំសមា ជិកគណៈកម្មាធិការនាយក ប្រមាណ២០០នាក់ ដើម្បីធ្វើសេចក្ដីប្រកាសរួមការបង្កើត និងការធ្វើសច្ចាប្រណិធានរួមគ្នា ពីគោលនយោបាយ និងទិសដៅនយោបាយដែលត្រូវធ្វើទៅមុខទៀត ។
លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! ខ្ញុំក្នុងនាមជាប្រធានបណ្ដោះអាសន្ន នៃគណបក្សសន្តិភាពជាតិ សូមជម្រាបថា គណបក្សសន្តិភាពជាតិ កំពុងរៀបចំពន្លឿនបង្កើតគណៈកម្មការបណ្ដោះអាសន្ន ដើម្បីដឹកនាំរៀបចំប្រមូលការគាំទ្រទូទាំងប្រទេស ហើយជាពិសេស នៅថ្ងៃ ២៣ តុលា ខាងមុខ យើងនឹងមានការជួបប្រជុំថ្នាក់ដឹកនាំ ដែលជាសមាជិកគណៈកម្មាធិការនាយក ប្រហែលជាជិត ២រយនាក់ នៅសណ្ឋាគារភ្នំពេញ ដែលយើងមានគម្រោងរួចហើយ ។ អ៊ីចឹងដើម្បីធ្វើសេចក្ដីប្រកាសរួមការបង្កើត ហើយនិងការធ្វើសច្ចា ប្រណិ ធានរួមគ្នា ពីគោលនយោបាយ ហើយនិងកម្មវិធីនយោបាយ ទិសដៅនយោបាយដែលយើងត្រូវធ្វើទៅមុខទៀត ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង ក្រោមម្លប់សន្តិភាពដែលយើងមានហើយស្រាប់ ធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងដើរទៅមុខ រីកលូតលាស់ បានលឿនឆាប់រហ័ស ហើយមានការឯកភាពជាតិ មួយយ៉ាងពិតប្រាកដ“ ៕ កុលបុត្រ