Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេ.../ចសាលា ចូលហាងផឹកស៊ី ប៉ូលិសប្រមូ.../ល៥២នាក់

សិស្សគេ…/ចសាលា ចូលហាងផឹកស៊ី ប៉ូលិសប្រមូ…/ល៥២នាក់

ខេត្តកណ្តាល ៖ ក្រុមក្មេងទំនើង ១ក្រុមធំ ដែលភាគច្រើនគឺជាសិស្សសាលា គេចម៉ោងរៀនបានទៅប្រមូលផ្តុំគ្នាផឹកស៊ីយ៉ាងពពាក់ពពូន នៅក្នុងហាងផឹកស៊ីមួយកន្លែង លុះប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ក៏ចុះប្រ មូលបាន ៥២នាក់ យកមកអប់រំណែនាំ។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅចំណុច អាហារដ្ឋាន ប៉ីប៉ី មានទីតាំងស្ថិតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានប្រជាពលរដ្ឋបានរាយការណ៍ជូនគណៈបញ្ជាការឯកភាពស្រុកថា មានក្រុមក្មេងទំនើង កំពុងធ្វើការប្រមូលម្តុំគ្នានៅចំណុចអាហារដ្ឋាន ប៉ីប៉ី នៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោកលីម ស៊ីលាង អភិបាលរងស្រុក តំណាងលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពស្រុក បានចុះបង្ក្រាប ប្រមូលបានក្មេងទំនើង ចំនួន៥២នាក់ (ស្រី២១នាក់) និងនាំយកម៉ូតូ ចំនួន២៧គ្រឿង មកអធិ ការដ្ឋាននគរបាលស្រុក។

ក្នុងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលអវិជ្ជមានទាំង៥២នាក់ និងធ្វើកិច្ចសន្យាអប់រំក្រុមក្មេងទំនើង និងម្ចាស់អាហារដ្ឋាន ដោយណែនាំមិនឱ្យក្មេងទំនើង កូនសិស្សសាលា មកប្រមូលផ្តុំគ្នា ធ្វើសកម្មភាពជក់បារីអេឡិចត្រូនិច លេងល្បែងស៊ីសងគ្រប់ប្រភេទទៀត សន្យាមិនផ្តល់ទីតាំង និងផ្តល់ព័ត៌មានជូនសមត្ថកិច្ចគ្រប់បទល្មើស។

បន្ទាប់ពីបានធ្វើការណែនាំធ្វើកិច្ចសន្យា អប់រំ ព្រមទាំងបានឱ្យអាណាព្យាបាលមកធ្វើការធានាក្មេងទំនើងទាំងអស់ ឱ្យទទួលយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

RELATED ARTICLES