Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ១០០គ្រួសារ ត.../វ៉ាគ្រឿងចក្រឈូ.../សឆាយដីកម្មសិទ្ធិរួម

ពលរដ្ឋ១០០គ្រួសារ ត…/វ៉ាគ្រឿងចក្រឈូ…/សឆាយដីកម្មសិទ្ធិរួម

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ ជាង១០០គ្រួសារ រស់នៅក្នុងភូមិស្រម៉ ឃុំចុងកាល់ស្រុកចុងកាល់ ខេត្តឧត្តរ មានជ័យ កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានលើកគ្នាមកតវ៉ានៅលើដីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋក្នុងភូមិមួយកន្លែង ឈ្មោះបឹងត្រពាំងក្បាលប្រឹស ដើម្បីស្នើសុំឱ្យអាជ្ញាធរ ហាមឃាត់គ្រឿងចក្រត្រាក់ទ័រជាច្រើនគ្រឿង ដែលចូលមកទន្ទ្រានឈូសឆាយលើទីតាំងជារបស់រួម ស្ថិតនៅត្រង់ចំពណុចខាងលើ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

តាមប្រភពស្ត្រីឈ្មោះរើយ សុន អាយុ៣៩ឆ្នាំ រស់នៅភូមិស្រម៉ បានរៀបរាប់ប្រាប់ថា ដីចំណុចនេះ ទើបតែពេលថ្មីៗនេះ មានគ្រឿងចក្រ ប្រមាណ ៤ទៅ៥គ្រឿង បានមកទន្ទ្រានឈូសឆាយពង្រាបដីសម្រាប់អាស្រ័យផល ខណៈដែលពួកគាត់កំពុងតែឃ្វាលគោ និងដើរដកដំឡូង យកមកសម្រាប់ហូបជាប្រចាំថ្ងៃ។ ជាក់ស្តែង កាលពីលើកទី១ ក្នុងថ្ងៃទី០៣ លើកទី២ នៅថ្ងៃទី០៩ និងលើកទី៣ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក៏គាត់បានឃើញមានគ្រឿង ៤ទៅ៥គ្រឿង មកឈូសឆាយម្តងទៀត គាត់ក៏បានរាយការណ៍ទៅប្រាប់លោកមេភូមិ តែម្តង។

ប្រជាពលរដ្ឋ ឈ្មោះឡាវ លៀប ភេទប្រុស អាយុ៤១ឆ្នាំ បានលើកឡើងថា ចំពោះដីចំណុច បឹងត្រពាំងក្បាលប្រឹសនេះ កាលពីអំឡុង ឆ្នាំ២០២២ កន្លងទៅ ខាងអាជ្ញាធរខេត្ត បានធ្វើការដោះស្រាយសម្របសម្រួលដោយហាមប្រាម មិនឱ្យគ្រឿងចក្រ ឬបុគ្គលណាមកនៅលើដីនេះបានឡើយ ទើបតែឆ្នាំ២០២៤នេះ ក៏លេចមានគ្រឿងចក្រ ប្រមាណ ៤ទៅ៥គ្រឿង ចូលមកឈូសឆាយ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរឃុំនិងស្រុក នោះឡើយ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ប្រវត្តិដីមាត់ស្ទឹង ស្ថិតត្រង់ចំណុចបឹងត្រពាំងក្បាលប្រឹស ខាងលើ ពីដើមឡើយ ក្រុមហ៊ុនចិន មកសាងសង់ទំនប់បង្ហៀរទឹក ស្រែង១ ស្រែង២ ហើយក៏បានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចហើយ។ បន្ទាប់មក ចិន បានប្រគល់ជូនមកភូមិស្រម៉ ទុកជាកម្មសិទ្ធិរួម ហើយមិនអនុញាតឱ្យបុគ្គលណាមានសិទ្ធិដាំដំឡូងមី ឬធ្វើអ្វីផ្សេងបានឡើយ ហើយនិយាយជារួម ដីតំបន់នេះ ក៏ជាអំណោយរបស់ក្រុមហ៊ុនចិន ដែរ។

ទាក់ទិនទៅនឹងការលើកឡើង និងការតវ៉ាពីសំណាក់បងប្អូនប្រជាពលរដ្ឋនេះ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោករិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ បានចាត់បញ្ជាផ្ទាល់ភ្លាមៗទៅលោកអភិបាលរងស្រុកចុងកាល់ ប្រាប់លោកមេភូមិ អញ្ជើញបងប្អូនប្រជាពលរដ្ឋ ព្រមទាំងម្ចាស់គ្រឿងចក្រ មកជជែកដោះស្រាយគ្នា និងធ្វើការហាមឃាត់បញ្ឈប់គ្រឿងចក្រទាំងនោះ ដោយពុំមានការអនុញ្ញាតទៀតនោះឡើយ។ ក្នុងនាមរដ្ឋបាលស្រុកចុងកាល់ ប្រសិនជាម្ចាស់គ្រឿងចក្រ មិនព្រមបញ្ឈប់រាល់សកម្មភាពការឈូសឆាយដីត្រង់ចំណុចហាមឃាត់នោះទេ លោកនឹងមានវិធានការតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES