Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ី.../ឈ្នួ.../លរុះការ៉ាស់សាំង គេប្តឹ../ងប៉ូលិសចា.../ប់ ៧នាក់

ស៊ី…/ឈ្នួ…/លរុះការ៉ាស់សាំង គេប្តឹ../ងប៉ូលិសចា…/ប់ ៧នាក់

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ចំនួន៧នាក់ បានទៅស៊ីឈ្នួលរុះរើកាត់ដែកកាំរ៉ាស់សាំងចាស់ ១កន្លែង ស្រាប់តែត្រូវម្ចាស់ម្នាក់ទៀត ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះឃាត់ខ្លួន តែត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ មកអន្តរាគមន៍នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិអូរល្ហុង បានបញ្ជាក់ប្រាប់ថា ប្រជាពលរដ្ឋ ចំនួន៧នាក់ ដែលត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ចោទប្រកាន់លួចកាត់ដែកការ៉ាសាំងចាស់ នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នោះជាប្រជាពលរដ្ឋស្លូតត្រង់ទេ ព្រោះពួកគាត់ទៅស៊ីឈ្នួលបុគ្គលម្នាក់ ដែលមិនស្គាល់ឈ្មោះឱ្យទៅកាត់ដែកការ៉ាសាំងចាស់ ក្នុងតម្លៃ ២លាន ១សែនរៀល មកជួលពួកគាត់ឱ្យមករុះរើ។

តំណាងអាជ្ញាធរភូមិ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបានឃាត់ខ្លួន ចំនួន៧នាក់ គឺរស់នៅភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ឃាត់នៅពេលពួកគាត់កំពុងរុះរើកាត់ដែកការ៉ាស់សាំងបាន ប្រមាណ១០ភាគរយ ហើយប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ជិត៥០នាក់ នាំគ្នាមកអន្តរាគមន៍សុំឱ្យដោះលែងប្រជាពលរដ្ឋ ៧នាក់។

លោកវរសេនីយ៍ត្រី ព្រិម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល បានបញ្ជាក់ថា ការឃាត់ខ្លួនប្រជាពលរដ្ឋ ចំនួន៧នាក់ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដើម្បីសាកសួរតាមបណ្តឹងម្ចាស់ការ៉ាស់សាំង នៅរាជធានីភ្នំពេញ បានប្តឹងពួកគាត់លួចកាត់ដែកការ៉ាស់សាំង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយសាកសួរ តាមចម្លើយពួកគាត់បានស៊ីឈ្នួលបុគ្គលម្នាក់ មិនស្គាល់ឈ្មោះ គេអះអាងថាជាម្ចាស់ បានជួលឱ្យកាត់ តម្លៃ២លាន ១សែនរៀល។ ក្រោយពេលរុះរើកាត់ដែកបានប្រមាណ ១០ភាគរយ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ទទួលបណ្តឹង ចុះឃាត់ខ្លួនចំនួន៧នាក់ នាំយកមកប៉ុស្តិ៍ និងបានទំនាក់ទំនងទូរស័ព្ទទៅអ្នកដែលជួល តែទូរស័ព្ទត្រូវបានបិទ។

បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៧នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕

RELATED ARTICLES