Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសែនក្បា.../លទឹក ឆេះ.../ផ្ទះ៣ខ្នង

សែនក្បា…/លទឹក ឆេះ…/ផ្ទះ៣ខ្នង

ខេត្តត្បូងឃ្មុំ ៖ ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន៣ខ្នងជាប់គ្នា ដែលត្រូវជាសាច់ញាតិ បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ  ចំថ្ងៃសែនក្បាលទឹក បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុងទាំង៣ខ្នង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ភូមិស្វាយពក ឃុំមៀន ស្រុកអូររាំងឪ។

លោកហេង ខន មេឃុំមៀន បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ថា នៅមុនពេលកើតហេតុ ស្របពេលដែលរូបលោកកំពុងតែនៅមើលកន្លែងទេសចរណ៍ ទន្លេវ៉ៃគោ ដែលមនុស្សទៅលេងកម្សាន្តជាប់ព្រំ ប្រទល់ជាមួយខេត្តកំពង់ចាម ត្រូវបានលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំមៀន រាយការណ៍ប្រាប់ថា មានគ្រោះអគ្គិភ័យកើតឡើង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកប្រញាប់ធ្វើដំណើរទៅកាន់ទីតាំងកើតហេតុ និងបានឃើញភ្លើងក្រហមច្រាល ឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងហុយទៅលើអាកាស។

លោកមេឃុំមៀន បានបន្តថា នៅពេលដែលរូបលោក និងកម្លាំងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ទៅដល់ផ្ទះកើតហេតុ គឺភ្លើងបានឆេះយ៉ាងពេញបន្ទុកទៅហើយ ហើយបើតាមការស្រាវជ្រាវ ភ្លើងបានឆេះចេញពីផ្ទះកណ្តាលគេ (ផ្ទះរបស់ឈ្មោះវ៉ាន់ ផៃ ភេទប្រុស) រួចបាន ឆេះរាលដាលមកផ្ទះសងខាង ក្នុងនោះមានផ្ទះឪពុកក្មេក និងផ្ទះជីដូនមួយ ដែលផ្ទះនីមួយៗសាងសង់អំពីឈើប្រក់ក្បឿង មានទំហំ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ។ ចំពោះផ្ទះនៅកណ្តាលគេ គឺបានដឹកគោចេញ និងបណ្តើរម៉ូតូពីរគ្រឿង ដាក់កន្លែងសុវត្ថិភាព តែបុរសម្ចាស់ផ្ទះ ពេល ដែលឃើញភ្លើងឆេះ គាត់រន្ធត់រហូតដល់សន្លប់ ត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ។ ចំណែកផ្ទះនៅជាប់សងខាងចំនួនពីរទៀត មិនអាចជញ្ជូនរបស់ទ្រព្យអ្វីបានទាន់ពេលនោះទេ។

ផ្ទះទាំង៣ខ្នង ដែលរងការឆាបឆេះ រួមមាន ទី១-ផ្ទះរបស់ឈ្មោះ រស់ ឡន ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ អ៊ាង សាសុផៃ អាយុ៧៥ឆ្នាំ មុខរបរកសិករ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ទំហំ ៨មែត្រ គុណនឹង ១២ម៉ែត្រ (ខូចខាតទាំងស្រុង)។ ទី២-ផ្ទះរបស់ ឈ្មោះវ៉ាន់ ផៃ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ និងប្រ ពន្ធឈ្មោះធន់ ស៊ីយ៉េង អាយុ៤៣ឆ្នាំ មុខរបរកសិករ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ទំហំ ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ (ខូចខាតទាំងស្រុង) និងទី៣-ផ្ទះរបស់ឈ្មោះគុជ ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ និងប្រពន្ធ ឈ្មោះប៉ាក សុខនៅ អាយុ៣៨ឆ្នាំ មុខរបរកសិករ ជាប្រភេទផ្ទះឈើប្រកក្បឿង ទំហំ ៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ (ខូចខាតទាំងស្រុង)។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន ក្នុងនាះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់អគ្គិភ័យអធិការដ្ឋាននគរ បាលស្រុកអូររាំងឪ ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តា ល ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ចំនួន២គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន១ គ្រឿង។ រថយន្ត ពន្លត់អគ្គិភ័យរបស់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសួង ចំនួន១គ្រឿង និងរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំ ចំនួន២គ្រឿង។

ចំពោះទំហំនៃការខូចខាត រួមមាន ខូចខាតផ្ទះ ចំនួន៣ខ្នងទាំងស្រុង ផ្ទះទី១-របស់ឈ្មោះរស់ ឡន ខូចខាតសម្ភារៈ រួមមាន ស្រូវ ២៥០០គីឡូក្រាម លុយ ចំនួន១លានរៀល ក្តារកុងផ្លាកេ ចំនួន២០សន្លឹក គ្រែ ចំនួន២០ ប្លង់ដី ចំនួន៤ប្លង់ ឯកសារអត្តសញ្ញាណប័ណ្ណ សៀវភៅ គ្រួសារ សំបុត្រកំណើត មួយចំនួន។ ចំណែកផ្ទះទី២-របស់ឈ្មោះផៃ ស៊ីយ៉េង ខូចខាតសម្ភារៈរួមមាន លុយ ចំនួន៦លានរៀល ខ្សែកមាស ១តម្លឹងកន្លះ ទូឈើ ចំនួន៣ ទូដែក ចំនួន២ ប្លង់ដី ចំនួន៦ប្លង់ សៀវភៅស្នាក់នៅ ១សន្លឹក សំបុត្របញ្ជាក់កំណើត ៣សន្លឹក សំបុត្រអាពាហ៍ពិពាហ៍ ១សន្លឹក ស្រូវ ចំនួន២តោន ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ម៉ូទ័របូមទឹក ១គ្រឿង គ្រែ ចំនួន១៥។ រីឯផ្ទះទី៣-របស់ឈ្មោះគុជ ចំរើន  ខូចខាតសម្ភារៈ មួយចំនួន (ម្ចាស់ផ្ទះមិននៅ ធ្វើចំណាកស្រុក)។

ក្នុងករណីនេះ បណ្តាលឱ្យរងរបួសម្ចាស់ផ្ទះម្នាក់ឈ្មោះផៃ ស៊ីយ៉េង (ភ័យពេក ដួលសន្លប់)។ ចំពោះមូលហេតុឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះនៅកណ្តាល។

អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ក្នុងពេលដែលមានអគ្គិភ័យកើតឡើង គេឃើញវត្តមានលោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត បានបញ្ជាដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទដោយផ្ទាល់ ដោយដឹកនាំប្រតិបត្តិការតាំងពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនឱ្យភ្លើងឆាបឆេះទៅដល់លំនៅឋានផ្សេងទៀត ឡើយ៕

RELATED ARTICLES