ភ្នំពេញ៖តារាសម្ដែងរូបស្រស់សោភាកញ្ញាមុនី្ន ម៉ូនីតា បានប្រាប់”នគរធំ “តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ សីហា ថានាងមានគូដណ្ដឹងរួចទៅហើយ ដែលបុរសនោះជាអាណិកជនខ្មែរមកពីអូស្រា្ដលី តែបច្ចុប្បន្នលោកកំពុងរស់នៅខ្មែររកស៊ីផ្នែកអចលនទ្រព្យ ។ម៉ូនីតា ថានាងបានមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ស្នេហ៍រយៈពេលជិត៥ឆ្នាំ ហើយដែលមានចាស់ទុំទងសងខាងដឹងឭផងដែរ ។ការចេញមុខអះអាងរបស់ម៉ូនីតា នាពេលនេះក្រោយមានការបង្ហើបពីនាងកាលពីខែមេសា ថានាងមានគូស្នេហ៍ហើយមិនមែនបេះដូងនៅទំនេរនោះទេ តែក៍មានការលើកឡើងថាហេតុអ្វីបានជាស្រីស្អាតរូបនេះមិនដែលបណ្ដើរម្ចាស់ស្នេហ៍ជាចំហដូចមិត្តរួមអាជីពទៅវិញ។
កញ្ញាមុន្នី ម៉ូនីតា វាចាថា”តាមពិតមូលហេតុដែលខ្ញុំនិងគាត់(គូដណ្ដឹង)អត់ទាន់បង្ហាញមុខរួមគ្នាតាមកម្មវិធីអ្នករួមអាជីពនានា ឬបង្ហោះរូបតែ២នាក់នៅលើបណ្ដាញសង្គមដូចគេព្រោះតែទាក់ទងនិងកិត្តិយស និងតម្លៃរបស់យើងទាំងពីរនាក់ ។ប៉ុន្ដែនៅលើបណ្ដាញសង្គមពេលខ្លះខ្ញុំក៍ធ្លាប់ផុសរូបជាមួយគាត់ដែរ គ្រាន់តែរូបជុំគ្នាបងប្អូនច្រើន ហើយអត់ដែលបញ្ជាក់ថាគាត់និងខ្ញុំជាអ្វីគ្នាប៉ុណ្ណោះ។តែខ្ញុំនិងគាត់មានភាពច្បាស់លាស់គ្នាអស់ហើយ ដោយសារតែយើងធ្លាប់បានធ្វើពិធីចូលចែចូវ ភ្ជាប់ពាក្យ និងចាក់ទឹកតែ ដែលមានចាស់ទុំទាំងសងខាងជាសាក្សី”។
ស្រីស្រស់មុន្នី ម៉ូនីតា ថានាងនិងគូដណ្ដឹងក៍បានគិតរួចអស់ទៅហើយថានឹងរៀបការនៅពេលណា ប៉ុន្ដែរឿងនេះនាងមិនទាន់អាចបង្ហើបប្រាប់បាននាពេលនេះឡើយ ព្រោះចង់ឲ្យ មានការភ្ញាក់ផ្អើល(Surprise) តែកម្មវិធីពិសេសរបស់នាងនោះនឹងធ្វើឲ្យបានសមរម្យទៅតាមអ្វីដែលនាងនិងគូដណ្ដឹង រួមទាំងក្រុមគ្រួសារ ទាំងសងខាងចង់បាន។
ក្រោយក្លាយទៅជាគូដណ្ដឹងគ្នាមុន្នី ម៉ូនីតា និងគូស្នេហ៍ រួមទាំងគ្រួសារបានចេញទៅប្រទេសអូស្រា្ដលីរយៈពេល១ខែកាលពីខែមេសា ឆ្នាំ២០២៣ ដើម្បីសិក្សាពីការនាំចូលផលិតផលផ្នែកCosmetic យកមកលក់នៅខ្មែរ ប៉ុន្ដែពេលនេះនាងប្រាប់ថាបានផ្អាកមួយអន្លើសិន ព្រោះផលិតផលទាំងនោះមានតម្លៃខ្ពស់ជាងប្រទេសផ្សេងៗ ហើយដោយសារតែសេដ្ឋកិច្ចនៅមិនទាន់ល្អទើបនាងលក់ផលិតផលដែលខ្លួននាំចូលពីប្រទេសផ្សេង និងមានស្រាប់ជាច្រើនឆ្នាំមកហើយ ។តារាសម្ដែងរូបនេះថាព្រោះតែមមាញឹកខាងរកស៊ីតាមOnline នេះហើយធ្វើឲ្យនាងនៅមិនទាន់អាចដកឃ្លាមកថតភាពយន្ដបានដូចមុន ហើយគ្រាន់តែនៅឆ្នាំ២០២៣ នាងខកខានថតកុនដល់ទៅ៧រឿងឯណ្ណោះ ។
មុន្នី ម៉ូនីតា បន្ថែមថា”ខ្ញុំនៅតែស្រលាញ់អាជីពសិល្បៈ មិនទៅណាពីការថតសម្ដែងទេ ហើយខ្ញុំនឹងវិលមកវិញឲ្យតែរឿងនោះខ្ញុំពេញចិត្ត និងស្រលាញ់តួអង្គដែលអ្នកដឹកនាំតម្រូវឲ្យលេង។នៅឆ្នាំ២០២៤ នេះខ្ញុំក៍មិនទាន់ទទួលថតរឿងថ្មីដែរ ហើយមានតែអរគុណបងៗខាងផលិតករដែលទាក់ទងមក តែខ្ញុំនឹងវិលវិញនៅពេលវេលាសមស្រប ពិសេសគឺឲ្យតែរឿងនោះខ្ញុំពេញចិត្តនិងថតវិញគឺយើងអាចឆ្លៀតថតបាន “។
មុន្នី ម៉ូនីតា ស្ថិតក្នុងចំណោមតារាដែលភ្ជាប់ស្នេហាជាមួយបុរសអាណិកជនខ្មែរអូស្រា្ដលី មានដូចជាអ្នកនាងដាញ់ ម៉ូនីកា ,អឿន ដាលីស ,សុខ ចាន់ណានូ និងជាតិ សុច្ចកា ជាដើម ។អតីតMiss Grand Cambodia 2017 រូបនេះធ្លាប់បានសាងស្នាដៃក្នុងភាពយន្ដជាច្រើនរឿងមកហើយមុនជួបស្នេហ៍បុរសអូស្រា្ដលីមានដូចជារឿង”ជើងកប “,”បេសកម្ម៤ មុខព្រួញ”,”និស្ស័យ ខ្លុយស្នេហ៍ “,”កោះធ្លាក់អន្ទាក់ស្នេហ៍ “ និងរឿង”រសជាតិអ្នកមាន (វគ្គ៣) “ជាដើម ដែលនាងសម្ដែងជាតួឯកសឹងគ្រប់រឿងតែម្ដង ។តារាម៉ូដែល និងសម្ដែងរូបស្រស់នេះក៍ប្រឡូកក្នុងវិស័យអចលនទ្រព្យផងដែរ ព្រោះនាងមានគូស្នេហ៍ជាអ្នកជំនាញផ្នែកនេះ ហើយឪពុកនាងលោកឡេង សុជន ក៍រកស៊ីវិស័យនេះជាច្រើនឆ្នាំមក ។ប៉ុន្ដែទោះជាមានមុខរបរក្រៅសិល្បៈមមាញឹកយ៉ាងណាក្ដី ក៍ម៉ូនីតា នៅតែសន្យាថាមិនបោះបង់អាជីពសម្ដែងឡើយ ព្រោះការងារមួយនេះធ្វើឲ្យគេស្គាល់នាងរហូតមកដល់បច្ចុប្បន្ន ហើយជាផ្នែកមួយដែលនាងស្រលាញ់បំផុតផងដែរ ។តែនាងថាអាចនឹងចេញចូលទៅអូស្រា្ដលីកាន់តែញឹកញាប់ដោយសារតែឪពុកម្ដាយគូដណ្ដឹងនាងរស់នៅទីនោះ ម្យាងនាងចង់បំពេញល័ក្ខខណ្ឌមួយចំនួនដើម្បីថ្ងៃក្រោយមានសិទ្ធិទៅរស់នៅឬចុះឡើងពីខ្មែរទៅអូស្រា្ដលីឲ្យកាន់តែមានភាពងាយស្រួយ ។
Fan ចាំមើលថាស្រីស្អាតម៉ូនីតា ក្រោយពិសោធន៍ស្នេហ៍បុរសអូស្រា្ដលីអស់រយៈពេល៥ឆ្នាំ នាងត្រូវការប៉ុន្មានឆ្នាំទៀតទើបព្រមគ្រងឈុតកូនក្រមុំមែនទែន ?