កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផលិតកម្ម Town បានរៀបចំថតបទចម្រៀង MV អបអរពិធីបុណ្យចូលឆ្នាំខែ្មរ ឆ្នាំរកា ខាងមុខនេះ បានលេចឮព័ត៌មានថា អតីតតារាចម្រៀងផលិតកម្មហង្សមាស យក់ ថិតរដ្ឋា និងឈិត សុវណ្ណបញ្ញា មានបទចម្រៀងផ្ទាល់ខ្លួនសម្រាប់វ៉ុលចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅផលិតកម្ម Town ស្របពេលដែលអតីតអ្នកចាត់ការទូទៅហង្សមាស លោកអ៊ិន ទីតូ ក៏មានតួនាទីគ្រប់កម្មវិធីប្រគំតន្ត្រីនិងកម្មវិធីល្បែងកម្សាន្ត នៅទីនោះផងដែរ។
នៅពេលជួបផ្ទាល់ ឈិត សុវណ្ណបញ្ញា បាននិយាយថា “ការសម្រេចចិត្តចូល Town គឺក្រោយពីនាងបានចាកចេញពីហង្សមាស រួចរាល់ ហើយ Town បានបើកសិទ្ធឲ្យនាងធ្វើបទចម្រៀងខ្លះ និងខាងក្រុមហ៊ុនធ្វើខ្លះ សម្រាប់ទីផ្សារបទចម្រៀងរបស់នាងនៅតែធម្មតា នាងមិនភ័យពីការធ្លាក់ចុះការគាំទ្រនោះទេ ហើយនាងក៏សង្ឃឹមផងដែរថា អ្នកគាំទ្ររូបនាងនៅតែបន្តការគាំទ្រដូចកាលនាងនៅចាស់”។
លោកករុណា ពេជ្រ ដែលជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោន បានប្រាប់អ្នកយកព័ត៌មានថា “ពីពេលនេះទៅ យក់ ថិតរដ្ឋា និងឈិត សុវណ្ណបញ្ញា គឺជាតារា Town ហើយ ព្រោះTown ពេញចិត្តនឹងសមត្ថភាពអ្នកទាំង២”។
គួរបញ្ជាក់ថា ឈិត សុវណ្ណបញ្ញា បានប្រកាសចាកចេញពីទ្រនំដែលធ្លាប់ជ្រកនៅហង្សមាស ដោយនាងបង្ហាញអារម្មណ៍អាក់អន់ស្រពន់ចិត្តនឹងហង្សមាស ព្រោះតែនាងមានសំណូមពរឲ្យហង្សមាស ធ្វើបទចម្រៀងឲ្យនាង១វ៉ុលសុទ្ធតែម្នាក់ឯង ហើយហង្សមាស មិនបានបំពេញបំណងនាង។ ក្រោយពីចាកចេញរបស់ឈិត សុវណ្ណបញ្ញា បន្តិច យក់ ថិតរដ្ឋា បានសរសេរលិខិតលាឈប់ទៅអគ្គនាយកផលិតកម្មហង្សមាស ផងដែរ ដោយលើកកម្មវត្ថុ នាងជាប់រវល់ការងារផ្ទាល់ខ្លួន៕